ថៃ ៖ បើកបរ​ពេល​ស្រវឹង ត្រូវ​ចាប់ខ្លួន​ដើម្បី​អប់រំ​កិរិយាមារយាទ​ពី ៧ ទៅ ១៥ ថ្ងៃ​

​នៅ​ប្រទេស​ថៃ ចាប់ពីពេលនេះ​តទៅ បើសិនជា​បើកបរ​ក្នុងពេល​ស្រវឹង នឹងត្រូវ​តម្រូវ​ឆ្លងកាត់​ការអប់រំ​កិរិយា​មារ​មាទ​រយៈពេល​ពី ៧ ទៅ ១៥ ថ្ងៃ នេះ​គឺជា​វិធានការ​ថ្មី​ចុងក្រោយ​របស់​រដ្ឋាភិបាល​យោធា សម្រាប់​ពិធី​ឆ្លង​ថ្មី​សកល​នេះ​។​

​បើតាម​ក្រិ​ត្យ​មួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​យោធា​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បង្គាប់​ឲ្យ​ប៉ូលិស​តម្រូវ​ឲ្យ​ជនល្មើស​ទាំងឡាយ​ដែល​បើកបរ​ក្នុងពេល​ស្រវឹង ឆ្លងកាត់ « វគ្គ​អប់រំ​កិរិយាមារយាទ » ។ ប៉ុន្តែ មកទល់ពេលនេះ គេ​សង្កេតឃើញថា ការចាប់ខ្លួន​ជាច្រើន​ថ្ងៃ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ ដើម្បី​ឲ្យ​ឆ្លង​ការ​វគ្គ​អប់រំ​នេះ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ប្រឆាំងនឹង​ក្រុម​បក្សប្រឆាំង​ច្រើនជាង​។​

​បើតាម​ការសិក្សា​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំឆ្នាំ ២០១៥ ថៃ​ឈរ​នៅ​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី​លី​ប៊ី សម្រាប់​អត្រា​មរណៈ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ភាគច្រើនបំផុត ស្រា​គឺជា​ដើមហេតុ​នៃ​ការបង្ក​គ្រោះថ្នាក់​នេះ​នៅ​ប្រទេស​ថៃ ជាពិសេស​ក្នុងអំឡុងពេល​បុណ្យ​ផ្សេងៗ ដូចជា​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឬ​បុណ្យចូលឆ្នាំថ្មី​ដែល​ប្រព្រឹត្តទៅ​នៅ​ខែមេសា​នោះ​ជាដើម​។​

​ជា​ផ្លូវការ កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម​ដែល​អនុញ្ញាត​ឲ្យ​បើកបរ​នោះ​គឺ ០,៥ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​៕