បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឆ្នាំ​ថ្មី

ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​មួយ​ចំនួន​សម្រាប់​ខ្លួន​ឯង ក្រុម​គ្រួសារ ព្រមទាំង​សង្គមជាតិ។ ពួកគាត់​ក៏​មាន​ក្ដី​រំពឹង​មួយ​ចំនួន​ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស និង​អ្នកនយោបាយ​ដែរ។

ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​វិទ្យុ​អាស៊ីសេរី អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ក្នុង​វ័យ​ជាង ៦០​ឆ្នាំ កំពុង​រង់ចាំ​អតិថិជន​នៅ​ខាង​មុខ​ព្រះបរមរាជវាំង មាន​ប្រសាសន៍​ថា បំណង​ប្រាថ្នា​ចម្បង​របស់​លោក​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ គឺ​ចង់​បាន​កម្រិត​ជីវភាព​សមរម្យ​ដែល​អាច​ឲ្យ​គាត់​រស់​នៅ​ក្នុង​ភាព​ថ្លៃថ្នូរ៖ «ចង់​ឲ្យ​វា​ស្រួល​ដើម្បី​រស់​ស្រួល ដូច​សព្វថ្ងៃ​នេះ​វា​ពិបាក​ណាស់! ឆ្នាំ​ថ្មី​នេះ ចង់​បាន​សុខ​សប្បាយ ដើម្បី​ឲ្យ​វា​រុងរឿង វា​ថ្លៃថ្នូរ កុំ​ឲ្យ​ដូច​សព្វថ្ងៃ​ទៀត»

ស្រដៀង​គ្នា​នេះ មន្ត្រី​រាជការ​ម្នាក់​ដែល​ឆ្លៀត​ពេលទំនេរ​ពី​ការងារ​មក​រត់​ម៉ូតូ​កង់​បី​នៅ​ក្បែរ​ព្រះបរមរាជវាំង ក៏​ចង់​បាន​ប្រាក់ចំណូល​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ​ដែរ៖ «ដូច​ខ្ញុំ​កងកម្លាំង ដូច​ថា កែតម្រូវ​តែ​ប្រាក់ខែ​ឲ្យ​ឡើង​ឲ្យ​តែ​ច្រើន​មក កែតម្រូវ​នឹង​អា​សាច់​តាម​ទីផ្សារ​មក ចាយ​គ្រប់គ្រាន់​មក​បាន​ហើយ ចង់​បានតែ​ប៉ុណ្ណឹង»

ការ​ចង់​បាន​កម្រិតជីវភាព​ល្អ​ប្រសើរ គឺ​ជា​បំណង​ប្រាថ្នា​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ពួកគាត់​ចង់​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សង្គម​ធំៗ​ដែល​ជា​ភាព​ស្មុគស្មាញ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ៖ «គ្រាន់តែ​ចង់​ឲ្យ​គាត់​ពង្រឹង​ផ្នែក​ចរាចរណ៍​ហ្នឹង​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​តិច​ទៀត​ទៅ​ណា ព្រោះ​ថា ឥឡូវ​ប្រទេស​យើង​កំពុងតែ​អភិវឌ្ឍ អ៊ីចឹង​វា​មាន​ការ​ស្ទះ​ចរាចរណ៍​ច្រើន ដោយសារ​មាន​កំណើន​ច្រើន​នៅ​ភ្នំពេញ។ ខ្ញុំ​សុំ​ធ្វើ​ម៉េច​សម្រួល ជាពិសេស​វា​មាន​ទាក់ទង​រឿង​រដ្ឋាភិបាល​ទាំង​អស់​ទេ សំខាន់​នៅ​លើ​ខ្លួន​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ដែល​គាត់​យល់​ដឹង​ពី​ចរាចរណ៍​ខ្លួន​ឯង ចេះ​ស្រឡាញ់​គ្នា គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ គ្រាន់តែ​ចង់​ឲ្យ​ស្រុក​ទេស ពិសេស​ឥឡូវ​ចោរប្លន់​ច្រើន​ណាស់ គ្រាន់តែ​ចង់ កុំ​ឲ្យ​មាន​អំពើ​ឆក់​ប្លន់ ឬ​ក៏​លួច​អី​អ៊ីចឹង។ កាត់​បន្ថយ​ទាំង​អស់​ហ្នឹង គឺ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សេចក្ដី​សុខ​ទាំង​អស់​គ្នា»

ពលរដ្ឋ​ ឆ្នាំ​ថ្មី ៨៥៥
មន្ត្រី​រាជការ​ដែល​ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​មក​រត់​ម៉ូតូ​កង់​បី​នៅ​ក្បែរ​ព្រះបរមរាជវាំង ផ្ដល់​បទសម្ភាសន៍​អំពី​បំណង​ប្រាថ្នា​ក្នុង​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Chuop Sereyroth

អ្នក​លក់​ពោត​លីង​នៅ​តាម​សួន​ច្បារ​ខាង​មុខ​ព្រះបរមរាជវាំង​ម្នាក់ មាន​បំណង​ប្រាថ្នា​ផ្សេង​ពី​នេះ។ គាត់​ចាប់​អារម្មណ៍​លើ​គុណភាព​អប់រំ​នៅ​តាម​សាលារៀន​របស់​រដ្ឋ៖ «ចង់​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រឹត​បន្តឹង​គ្រូ​ឲ្យ​ជួយ​យកចិត្តទុកដាក់​ជាមួយ​សិស្ស។ ដូច​សិស្ស​ខ្លះ​អ៊ីចឹង​ទៅ​គ្រូ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ សិស្ស​ខ្លះ​ទៅ​ក៏​គ្រូ​យក​ចិត្ត​ទុក​ដាក់ អ៊ីចឹង​ចង់​ឲ្យ​គ្រូ​ជួយ​តែ​អ៊ីចឹង​ទៅ»

​ចំណែក​អ្នក​លក់​ឈូក​ម្នាក់​នៅ​ក្បែរ​នោះ​វិញ គាត់​ប្រាថ្នា​ចង់​បាន​ទីតាំង​លក់ដូរ​សមរម្យ​ដើម្បី​ចៀសវាង​រង​ការ​បណ្ដេញ​ជា​ញឹកញាប់​ពី​អាជ្ញាធរ៖ «ចង់​ឲ្យ​គាត់​ជួយ​ពួក​អ្នក​រក​ស៊ី​អ៊ីចឹង ឲ្យ​មាន​កន្លែង​មាន​អី​លក់​អ៊ីចឹង​ទៅ កុំ​ឲ្យ​ពិបាក ព្រោះ​អី​ឥឡូវ​លក់​រាល់​ថ្ងៃ​ហ្នឹង គេ​ដេញ​ច្រើន»

ទន្ទឹម​នឹង​នេះ ក៏​មាន​ដែរ​ក្ដី​រំពឹង​ចង់​បាន​យុត្តិធម៌​សង្គម ភាព​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោបាយ និង​មន្ត្រី​អនុវត្ត​ច្បាប់ ព្រមទាំង​ស្ថិរភាព​នយោបាយ។ ចង់​ឲ្យ​ថា ធ្វើ​អី​មួយ​ដើម្បី​ជា​ប្រយោជន៍៖ «ព្រះសង្ឃ៖ ក្នុង​នាម​អាត្មា​ជា​ព្រះសង្ឃ អាត្មា​គ្រាន់តែ​ចង់​ឲ្យ​អ្នក​នយោបាយ​ហ្នឹង មាន​ការ​សម្រួល​គ្នា ចង់​បាន​ថា ធ្វើ​អី​មួយ​ដើម្បី​ជា​ប្រយោជន៍​ដើម្បី​ជាតិ ហើយ​កុំ​ឲ្យ​ជា​ប្រយោជន៍​ដល់​គណបក្ស​នយោបាយ ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​ចង់​ថា គឺ​មាន​ការ​ចរចា មាន​ន័យ​ថា ការ​សម្រុះសម្រួល​គ្នា​ដោយ​សន្តិវិធី ដំណោះស្រាយ​ដើម្បី​ជាតិ​តែមួយ។ ពលរដ្ឋ​១៖ ច្បាប់​អី បើ​ថា​យើង​និយាយ​ទៅ យើង​យក​ម៉ាត់​ណា​ម៉ាត់​ហ្នឹង​ទៅ កុំ​ច្បាប់​ចេញ​ហើយ ការ​អនុវត្ត​ខ្សុយ​ទៅ​វិញ​ទៅ យើង​ចង់​បាន​ថា ធ្វើ​អី​ក៏ដោយ និយាយ​ឲ្យ​ច្បាស់ៗ បើ​សិន​ថា​ធ្វើ កុំ​បន្តិច​ទៅ ធ្វើ​ទៅ និយាយ​បាន​បន្តិច​ទៅ​ឈប់​វិញ​ទៅ អ៊ីចឹង​ប្រជាជន​គេ​អត់​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ និយាយ​ស្អី​នោះ។ ពលរដ្ឋ​២៖ កុំ​ឲ្យ​រាជរដ្ឋាភិបាល​យើង​គាបសង្កត់​ប្រជាពលរដ្ឋ​អ៊ីចឹង​ទៅ​ណា ដូចជា​គំរាមកំហែង​ប្រជាជន​ថា បើ​សិន​គណបក្ស​នេះ​អត់​ជាប់​ឆ្នោត អាច​មាន​សង្គ្រាម​អ៊ីចឹង​ឡើង​វិញ អ៊ីចឹង​ប្រជាជន​យើង​ចេះតែ​ខ្លាច​ភ័យ ដល់​តែ​អ៊ីចឹង​នៅ​តែ​បោះ​ឆ្នោត​ឲ្យ ឬ​ក៏​ប្រជាជន​ខ្លះ​គ្នា​ល្ងង់ ដល់​ពេល​បាន​ប៊ីចេង​មួយ​ថង់ សារុង​មួយ​អ៊ីចឹង ចេះ​តែ​ទៅ​ហើយ»

ក្រៅ​ពី​សង្ឃឹម​ថា ថ្នាក់ដឹកនាំ​ប្រទេស​អាច​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចម្បងៗ​ក្នុង​សង្គម សុភមង្គល​ក្នុង​គ្រួសារ ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ការងារ ក៏​ជា​បំណង​ប្រាថ្នា​ដែល​ពលរដ្ឋ​ភាគ​ច្រើន​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​មួយ​ចំនួន​ហាក់​មាន​ការ​ជឿជាក់​ថា បំណង​របស់​ខ្លួន​នឹង​បាន​សម្រេច ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ហាក់​ជឿជាក់​លើ​ព្រេង​វាសនា​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។