ផ្ទុះ​មីនតោន​ទាំង​ព្រឹក​ស្វា​គម​ន៍​ឆ្នាំ​ថ្មី​ស្លាប់​១​ របួស​១ ​ខូច​ត្រាក់​ទ័​រ​១​គ្រឿង​នៅ​ស្រុក​សំពៅ​លូន

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាយ​រាយ​ការ​ណ៍ថា ត្រាក់ទ័រ​មួយ​គ្រឿង​បាន​បើក​កិន​គ្រាប់​មីនតោន ខណៈ​ពេល​កំពុង​ភ្ជួរដីចំការ​មួយ​កន្លែង​នៅ​ខាងក្រោយ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩ និង១០​នាទី​ព្រឹក ​ថ្ងៃ​ទី​០១ មក​រា ២០១៦​។

មន្ត្រី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដីចំការ​នោះ​ម្ចាស់​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​ទេ លុះ​ចាប់ផ្ដើម​ភ្ជួរ​លើក​នេះ​ស្រាប់តែ​កិន​ចំ​គ្រាប់​មីនតោន​ផ្ទុះ​ដាច់​ត្រាក់ទ័រ​ជា​២​កំណាត់ ហើយ​អ្នកបើកបរ​ឈ្មោះ​នៅ វិត អាយុ​២៨​ឆ្នាំ បាន​ស្លាប់ រីឯ​អ្នក​អង្គុយ​ក្បែរ​ឈ្មោះ​ស៊ុន សែន អាយុ​២៧​ឆ្នាំ រង​របួសធ្ងន់​។

មន្ត្រី​ដដែល​បញ្ជាក់​ថា នៅ​តំបន់​នោះ​សុទ្ធតែ​ជា​ដីចំការ​របស់​ប្រជា​ពលរ​ដ្ឋ ដែល​កំពុង​បង្កបង្កើន​ផល​រាល់​ឆ្នាំ តែ​ក៏​ធ្លាប់​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ៗ​ទៀត​ដែរ​។

ប្រជា​ពលរ​ដ្ធ​បាន​និយាយ​ថា ដីចំការ​នៅ​តំបន់​នោះ​កន្លែង​ខ្លះ នៅ​តែ​មាន​គ្រាប់​មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​កប់​នៅ​ក្នុង​ដី​នៅឡើយ​។ អ្នក​ភូមិ​និយាយ​ថា កន្លែង​ដែល​មាន​កប់​គ្រាប់​មីនតោន ភាគច្រើន​ជា​អ​តី​តផ្លូវ​ចាស់​សំរាប់​រថយន្ត ​ឬ​រថក្រោះ​បើក​ឆ្លងកាត់​ក្នុង​សម័យ​សង្គ្រាម​៕