ប៉ូលិស ចាប់ផ្តើម​ផាកពិន័យ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ហើយ នៅ​ថ្ងៃទី​១​មករា​នេះ​

ភ្នំពេញ: ​ដូច​ការគ្រោងទុក នៅ​ថ្ងៃទី​១​មករា​នេះ ប៉ូលិស​ចរាចរណ៍ បានចាប់ផ្តើម​ផាកពិន័យ​អ្នកបើកបរ​យានយន្ត តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ហើយ​។ ពោលគឺ​ទឹកប្រាក់​ពិន័យ​លើ​អ្នកបើកបរ​ម៉ូតូ និង​ឡាន ទាប​បំផុត​ចាប់ពី ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​។​

​បង្កាន់ដៃ​បង់ប្រាក់ ត្រូវបាន​គេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដូច​ភ្ជាប់​មក​ជាមួយនេះ​។ ក្នុង​បង្កាន់ដៃ​បង់ប្រាក់​នោះ បានកំណត់​ពី​ចំនួន​ទឹកប្រាក់ អត្ថន័យ​បទល្មើស ដែល​ត្រូវ​ពិន័យ ស្លាក​លេខ​រថយន្ត ឬ​ម៉ូតូ​។ ក្នុង​បង្កាន់ដៃ​បង់ប្រាក់​នោះ មាន​ចុះ​ថ្ងៃខែ​ឆ្នាំ និង​អ្នកប្រមូល​ចំណូល ដោយ​ស៊ី​ញ៉េ និង​ឈ្មោះ​ប៉ូលិស​។​

​អ្នកបើកបរ​ដែល​ត្រូវ​ពិន័យ មិនត្រូវ​អនុញ្ញាត​ឲ្យ​បង់ប្រាក់​នៅនឹងកន្លែង​ត្រួតពិនិត្យ​ផាកពិន័យ​ដោយផ្ទាល់​នោះទេ​។ គឺ​ទៅ​បង់ប្រាក់ នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង និង​ខណ្ឌ​។

​ប្រកាស​អន្តរក្រសួង ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និ​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា ក្នុងករណី​ដែល​អ្នកប្រព្រឹត្ត​លើ្ម​ស មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ឬ​មិនបាន​ដាក់ពាក្យ​ប្តឹងតវ៉ា ក្នុង​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​បានទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍ នោះ​ចំនួន​ទឹកប្រាក់​ពិន័យ​នឹងត្រូវ​ឡើងជា​ពីរដង បើ​លើសពី ៦០ ថ្ងៃ នឹងត្រូវ​ដំឡើង​ជា​បី​ដង​។ ករណី​ផុត​រយៈពេល ៩០ ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​។​

​សូម​រម្លឹកថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​។ ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ូលិស​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត ត្រូវយក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម រួមមាន​៖ ប័ណ្ណបើកបរ​យានយន្ត ( ពាក់​មី ) ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ( ឈៀក ) ឬ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​។​

​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប៉ូលិស​បាន​រឹតបន្តឹង​លើ​ការផាកពិន័យ​អ្នកបើកបរ​ម៉ូតូ និង​ឡាន ចាប់ពី​ទាប​បំផុត ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​។ ការពិន័យ​នោះ ដូចជា មិន​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ និង​ជិះ​ម៉ូតូ ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ បើកបរ​ឡាន​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​មិនមាន​ភ្ជាប់​ឯកសារ​ដើម តាម​ខ្លួន ជាដើម​។​

​ចំពោះ​អ្នកបើកបរ​យានយន្ត ទាំង​ម៉ូតូ និង​ទាំង​បើកបរ​ឡាន ដែល​មិនទាន់មាន​ប័ណ្ណបើកបរ គឺ​ប៉ូលិស មិនទាន់​ផាកពិន័យ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​នៅ​ភ្នំពេញ គេ​មិនឃើញ​មាន​ប៉ូលិស​ចរាចរណ៍ ដាក់​ប៉ុស្តិ៍ ឬក៏​ឈរជើង​តាម​ចំណុច​ភ្លើងស្តុប ត្រួតពិនិត្យ ឆែកឆេរ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅឡើយ​ទេ​។​
​    ​
​នៅ​ថ្ងៃទី​១​មករា ជា​ថ្ងៃបុណ្យ ឈប់សម្រាក​ចូលឆ្នាំ​សកល​។ ដូច្នេះ ប្រហែលជា ប៉ូលិស​ចរាចរណ៍ ត្រូវ​ឈប់សម្រាក​ដែរ​ហើយ បានជា​មិន​ចេញមក​ធ្វើការ​។​

​ក្រសួងមហាផ្ទៃ បានប្រកាសថា ប៉ូលិស​ចរាចរណ៍ ចំនួន ១៧៥០ នាក់ ចែកជា ១៧២ ក្រុម នឹងត្រូវ​ចុះ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​។

​សូម​រម្លឹកថា ប្រកាស​អន្តរក្រសួង ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បានកំណត់​បែង​ចែង​ប្រាក់​ពិន័យ ៧០% ដល់​ប៉ូលិស ដែល​បំពេញភារកិច្ច​នៅនឹងកន្លែង​។ ក្រៅពីនោះ បែងចែក​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត​របស់​ក្រសួងមហាផ្ទៃ ហើយ​ចូលក្នុង​ថវិកាជាតិ ចំនួន ៤% និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ១% នៃ​ប្រាក់​ពិន័យ ដែល​ប្រមូលបាន​។​

​ប្រកាស​របស់​អន្តរក្រសួង​នោះ ក៏បាន​កំណត់​ពី​ចំនួន​ទឹកប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក លើ​អ្នកបើកបរ​ម៉ូតូ និង​ឡាន ត្រូវបាន​កំណត់ ក្នុង​មាត្រា ៦ មាត្រា​៧ មាត្រា​៨ និង​មាត្រា​៩ ចន្លោះ​ទឹកប្រាក់​ពី ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​៕​

ប៉ូលិស ចាប់ផ្តើម​ផាកពិន័យ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ហើយ នៅ​ថ្ងៃទី​១​មករា​នេះ​

ប៉ូលិស ចាប់ផ្តើម​ផាកពិន័យ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ហើយ នៅ​ថ្ងៃទី​១​មករា​នេះ​