អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ​បើក​យុទ្ធនាការ​ឃោសនា​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​​

រាជធានី​ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១ ​មករា​ ២០១៦​នេះ​ អនុ​សាខា​កាកបាទក្រហម​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី​រ័​ត្ន​ ខេ​ម​រុណ​ អភិបាលរង​ខណ្ឌមានជ័យ​ និង​ជា​ប្រធាន​កាកបាទក្រហម​ប្រចាំ​ខណ្ឌ ​និង​មានការ​ចូលរួម​ពី​សំណាក់​ចៅសង្កាត់​ទាំង​៤​ កម្លាំង​នគរបាល​ក៏​ដូច​ជា​ក្រុម​យុវជន សស​យក​ និង​ក្រុម​កាយរិទ្ធិសរុប​ជាង​២០០​នាក់ បាន​បើក​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​ជូន​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​ជាតិ​លេខ​២ គិត​ពី​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ ហូត​ដល់​រង្វង់​មូល​ព្រះ​នរាយណ៍​ ព្រំ​ប្រទល់​ខេត្តកណ្តាល និងខណ្ឌមានជ័យ ។

យុទ្ធនាការ​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពញ្ញាក់​អារម្មណ៍​ និង​ស្មារតី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នកដំណើរ​ដែល​កំពុង​នាំ​គ្នា​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ជើងគោ​ក ដោយ​មិន​បាន​បំពាក់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ ម៉ូតូ​មិន​បាន​បំពាក់​កញ្ជក់​មើល​ក្រោយ​ត្រឹមត្រូវ​ លើស​ពី​នេះ​គឺ​បើកបរ​ស្ថិត​ក្នុង​ហួស​ល្បឿន​កំណត់​ និងបើកបរ​ដោយ​មិន​គោរព​ទៅ​តាម​ស្លាក​សញ្ញា​ក៏​ដូច​ជា​ភ្លើងស្តុប​ចរាចរណ៍​នានា​តាម​ដងផ្លូវ​តូច​ធំ​ទាំង​ក្នុង​រាជធានីនិង​តាម​បណ្តា​ខេត្ត ជាដើម  ។

ក្នុង​ឱកាស​ផ្សព្វផ្សាយ​ខាងលើ​នេះ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ ​អភិបាលរង​ខណ្ឌ​បាន​មាន​ប្រសាសន៍​​​ថា ថ្ងៃនេះ​ក្នុង​នាម​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌមានជ័យ​យើង​ខ្ញុំពិតជា​មាន​សេចក្តី​សោ​មន្ស​ស​រីករាយ​យ៉ាង​ក្រៃ​លែង​បំផុត​ដែល​បាន​ប្រារព្ធ​ពិធី​ឃោសនា​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់​ជ្រាប​ដឹង​បន្ថែម​កាន់តែ​ជ្រាលជ្រៅ៕