មានអ្វីប្លែកខ្លះ​នៅរាជធានីភ្នំពេញ​គិតត្រឹមម៉ោង១និង៥០នាទី​រសៀលនេះ ?

រាជធានីភ្នំពេញ ​៖ ស្ថានភាពជាទូទៅនៅក្នុងរាជធានីភ្នំពេញ ​ចាបតំាងពីព្រឹករហូតមកដល់​ម៉ោង១និង៥០នាទី​រសៀលថ្ងៃទី០១ ​មករា ​២០១៦​ ​គឺចរាចរណ៍​មានសភាព​ស្ងប់ស្ងាត់​ជាងថ្ងៃ​ធម្មតា​​នៅតាមដងផ្លូវមួយចំនួន ។

ចរាចរណ៍ស្ងប់ស្ងាត់នេះ​ ដោយសារមន្រ្តីរាជការ ​បុគ្គលិកទំាងរដ្ឋនិងឯកជន​ ​និងកម្មករកម្មការិនី​​ឈប់សម្រាកក្នុងឱកាសឆ្លងឆ្នាំ​និងថ្ងៃបុណ្យសកល​ ដើរកម្សាន្តនៅ​តាម​បណ្តាខេត្តទេសចរណ៍​និងរមណីយដ្ឋាននានាដូចជា​ខេត្តព្រះសីហនុ កែប​ កំពត ​កោះកុង ភ្នំបូកគោ ​សៀមរាប ​មណ្ឌលគិរី ​រតនគិរី ​ព្រះវិហារ​និងប្រជាពលរដ្ឋដែលមាន​លទ្ឋភាព​ផ្នែកធនធាន​នាំក្រុមគ្រួសារទៅកម្សាន្ត​នៅក្រៅប្រទេសជាដើម ​ព្រោះមន្រ្តីរាជការ​ បុគ្គលិកខ្លះឈប់សម្រាក​តំាងពីថ្ងៃព្រហស្បតិ៍​ដើម្បីឆ្លងឆ្នាំ ​ខណៈថ្ងៃសុក្រទី​០១​មករាបន្ទាប់នេះ ​ជាថ្ងៃឈប់សម្រាក​បុណ្យសកលតាម​អនុក្រឹត្យរបស់រាជរដ្ឋាភិបាល​ និងបន្តរហូតដល់ថ្ងៃអាទិត្យទី០៣​ ​មករា ​២០១៦នោះ ។

ដោយឡែក ថ្ងៃនេះ​ ដែលជាថ្ងៃអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក​ថ្មីនិងវិធានការនានារបស់​រាជរដ្ឋាភិបាលក្នុងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍នោះ​ នៅតាមភ្លើង​ស្តុបសំខាន់ៗ​និងដងផ្លូវ​មួយចំនួន​ក៍គេមិនឃើញមានវត្តមាន​ប្រចំាការរបស់ប៉ូលិសចរាចរណ៍ ​និង ​សមត្ថកិច្ចនោះផងដែរ ៕