ផលិតកម្ម​ឧស្សាហកម្ម​របស់​វៀតណាម​កើនឡើង​ជិត​10% នៅ​ឆ្នាំ​2015

ប្រទេស​វៀតណាម ៖ មន្ត្រី​ការិយាល័យ​ស្ថិតិ​កណ្តាល​ឲ្យ​ដឹង​ថា ៖ « វៀតណាម​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អត្រាកំណើន​៩,៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​ស​ន្ទ​ស្សន៍​នៃ​ផលិតកម្ម​ឧស្សាហកម្ម​សម្រាប់​ឆ្នាំ​នេះ » ។

ប្រធាន​ការិយាល័យ​ស្ថិតិ​កណ្តាល លោក Nguyen Bich បាន​មាន​ប្រសាសន៍​ថា ៖ « កំណើន​នៅ​ក្នុង​ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​សម្រាប់​ឆ្នាំ​២០១៥ គឺ​មាន​កម្រិត​ខ្ពស់​បំផុត​ក្នុងអំឡុងពេល​បី​ឆ្នាំ​មុន​នេះ ។ ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​សម្រេច​បាន​នូវ​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៥,៩% ក្នុង​ឆ្នាំ​២០១៣ និង​៧,៦% ក្នុង​ឆ្នាំ​២០១៤»។

ផលិតកម្ម​ឧស្សាហកម្ម​នៅ​គ្រប់​ត្រីមាស​ទាំងអស់​នៃ​ឆ្នាំ​នេះ គឺ​ស្ថិត​ក្នុង​ចន្លោះ​៩,២% និង​១០,២% ។ វិស័យ​ផលិតកម្ម និង​ការ​កែ​ច្នៃ ស្មើនឹង​៧០% នៃ​ទិន្នផល​ឧស្សាហកម្ម​សរុប​របស់​ជាតិ និង​កើនឡើង​១០,៩% ធៀប​នឹង​ឆ្នាំ​មុន ។

ផលិតផល​ឧស្សាហកម្ម​ជា​ច្រើន​បាន​ចុះបញ្ជី​នូវ​អត្រាកំណើន​កម្រិត​ខ្ពស់​ធៀប​នឹង​ឆ្នាំ​២០១៤ ក៏​ព្រោះតែ​ការ​ប្រើប្រាស់​ខ្ពស់​ជាង​មុន​នៃ​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ក្នុង​នោះ​រួម​មាន រថយន្ត​មាន​កំណើន ៥៤,៥%, ទូរស័ព្ទ​ចល័ត​៣១,៦%, ដែកថែប​១៨,៦% និង​ម្សៅ​ទឹកដោះគោ​១៨,៥% ។ ជាង​នេះ​ទៀត ទឹកដោះគោ​ស្រស់​បាន​កើនឡើង​១៥,៤%, ចំណី​សត្វពាហនៈ​១៦,៥% និង​ហ្គា​ស LPG ១៥,៧% ។ ចំណែក​ផលិតផល​ដទៃ​ទៀត​ដែល​បង្ហាញ​ពី​កំណើន​ក្នុង​កម្រិត​ខ្ពស់ គឺ​អគ្គិសនី​១១,៦% និង​ស៊ីម៉ង់ត៍​១០,៧% ។

លោក Lam ថ្លែង​ថា ៖ « ការ​កើនឡើង​នៅ​ក្នុង​ការ​ប្រើប្រាស់ គឺជា​សញ្ញា​ល្អ​ប្រសើរ​មួយ​សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម ហើយ​ក៏​ជា​អំណោយផល​សម្រាប់​សេដ្ឋកិច្ច​ផង​ដែរ ពីព្រោះ​អតិផរណា​ជា​មធ្យម គឺ​មាន​កម្រិត​ទាប » ។

ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) ឆ្នាំ​នេះ បាន​កើនឡើង​ប្រមាណ​ជា​០,៦៣% ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​កម្រិត​ទាប​ជាង​ទិស​ដៅ​របស់​សភាជាតិ ៥% សម្រាប់​ឆ្នាំ​នេះ ។ ភាព​ខ្សោយ​នៃ​អត្រាកំណើន​ក្នុង​ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម បាន​ជួយ​គាំទ្រ​ផលិតកម្ម និង​ការ​លក់ទំនិញ​ក្នុង​កម្រិត​តម្លៃ​ទាប ។

ការ​ប្រើប្រាស់​ខ្ពស់​ជាង​មុន ក៏​ធានា​បាន​ថា ការ​ធ្វើ​បញ្ជីសារពើភ័ណ្ឌ​ទំនិញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​នេះ សម្រេច​បាន​នូវ​កំណើន​ទាប​ជាង​មុន​៩,៥% ធៀប​នឹង​អត្រា​១០% ក្នុង​ឆ្នាំ​២០១៤ ។

បណ្តា​ខេត្ត និង​ទីក្រុង​មួយ​ចំនួន​សម្រេច​បាន​នូវ​អត្រាកំណើន​ខ្ពស់​នៃ​ស​ន្ទ​ស្សន៍​ផលិតកម្ម​ឧស្សាហកម្ម​ដូច​ជា ខេត្ត Thai Nguyen កើនឡើង​៩៧%, ខេត្ត Quang Nam ៣៥,៣% និង Hai Phong កើនឡើង​១៦,៦%​។

ទោះជា​យ៉ាងណា លោក Lam ថ្លែង​ថា ៖ « ស្ថិរភាព​កំណើន​ក្នុង​ផលិតកម្ម​ឧស្សាហកម្ម​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្លាក់​ថ្លៃ​ក្នុង​តម្លៃ​ប្រេង​ពិភពលោក និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​លើ​សកលលោក​ផង​ដែរ » ។

តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ទូទៅ​ឱ្យ​ដឹង​ថា ផលិតផល​ឧស្សាហកម្ម​មួយ​ចំនួន​ត្រូវ​បាន​ចុះបញ្ជី​ពី​អត្រាកំណើន​ទាប​ជាង​មុន ឬ​កាត់​បន្ថយ​នៅ​ក្នុង​ផ្នែក​ផលិតកម្ម ក្នុង​នោះ​មាន​ម៉ូតូ​ធ្លាក់​ចុះ​១២,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ៕