បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​នេះ​ ពលរដ្ឋ​ខ្មែរ​​​កម្សាន្ត​​ក្នុងស្រុកច្រើន​ជាងឆ្នាំមុន​ ​

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៥ ចូល​ឆ្នាំ​២០១៦ នេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​សភាព​ធម្មតា​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ គឺ​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ដើរ​កម្សាន្ត​ក្នុងស្រុក មិន​សម្រុក​ទៅ​លេង​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ​ឡើយ ។

នៅ​តាម​ដងផ្លូវ​មាត់ច្រក​ទ្វារ ក៏​ដូច​ជាទី​តាំង​បំពេញបែបបទ​ចេញ​ក្រៅប្រទេស (Departurepass) ពុំ​មាន​អ្នកទេសចរ​ខ្មែរ​ហូរហែ​និង​សំចត​រង់ចាំ​បំពេញបែបបទ ដើម្បី​ចេញ​ក្រៅប្រទេស ដូច​បណ្តា​ឆ្នាំ​មុន​ៗ​នោះ​ទេ ។

គួរ​កត់​សម្គាល់ថា កាលពី​ឆ្នាំ​មុន​ៗ​ឱ្យ​តែ​ដល់​ពិធីបុណ្យ​ជាតិ​ធំ​ៗ ពិសេស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឈាន​មក​ដល់​នៅ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត គេ​ឃើញ​អ្នកទេសចរ​ខ្មែរ ដែល​សម្រាក​ពី​ការងារ​បាន​នាំ​គ្នា​ឆ្លង​ទៅ​លេង​ប្រទេស​ថៃ​ជា​ហូរហែ សូ​ម្បី​តែ​ទីតាំង​បំពេញ​បែបបទ​ចេញ​ក្រៅប្រទេស ក៏​ណែនណាន់តាន់តាប់​សំចត​រង់ចាំ​សុំ​បែបបទ​ត្រៀបត្រា ហើយ​ជើង​រថយន្តក្រុង​ប្រភេទ​៤៥​កៅអី ក៏​មាន​អ្នកដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​ជិះ​ពេញ​ៗ​រថយន្ត​មក​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។

ដោយឡែក​ឆ្នាំ​នេះ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​អ្នក​ឆ្លងកាត់​ត្រឹមតែ​អាជីវករ​ចេញ​-​ចូល​រកស៊ី​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​,​ភ្ញៀវ​ថៃ​មក​លេង​កាស៊ីណូ និង​ភ្ញៀវ​ទេសចរ​បរទេស​ឆ្លងកាត់​ជា​លក្ខណៈ​ធម្មតា​ហើយ​ថា បើ​មាន​ក៌​តិចតួច​បំផុត ។