រថយន្ត​បុក​ម៉ូតូ​ជនជាតិ​បរទេស​អូស​ជិត​១០​ម៉ែត្រ​របួសធ្ងន់​២​នាក់

រាជ​ធានីភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់ ​និង​ជនជាតិ​ខ្មែរ​ម្នាក់​បានរង​របួសធ្ងន់ ​ដោយ​សារ​រថយន្ត​បើក​បុក​ពេញទំហឹង​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ជិត​១០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១ ​និង​៥០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ​មករា ​២០១៦ នៅ​ចំណុច​ផ្លូវបែក​ជាបួន​ ​លេខ​២៩៤ កែង​នឹង​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់ ម្នាក់​ជា​ជនជាតិ​ខ្មែរ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ប​រទេស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក FTR ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-0951 ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបែក​ជា​បួន ​ស្រាប់តែ​មាន​រថយន្ត​ហ្វ​ត​រ៉េ​នជ័រ ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ​2AH-8577 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៩៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​គួរសម​បាន​បុក​ម៉ូតូ​ពេញទំហឹង អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ទាំង​២​នាក់ ភ្លាម​ៗ​នោះ​អ្នកបើកបរ​បាន​ចុះ​ទៅ​ជួយ​មើល​ជន​រង​គ្រោះ​ និង​ប្រាប់​អ្នក​ឃើញ​ហេតុការណ៍​ជួយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល ប៉ុន្តែ​អ្នក​បើករថយន្ត​មាន​អាវ​ប្រឡាក់​ឈាម​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ ទៅ​ដូរ​អាវ​ដើរ​ចេញ​ទៅ​បាត់៕