សម្តេចតេជោ​ ហ៊ុន សែន​ អបអរសាទរ​ការឈ្នះរបស់កីឡាករ​ កែវ រំចង់​ លើកីឡាករថៃ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរឆ្លើយតប​ ( Replies ) ​នៅលើ Facebook Page ​របស់អាក់​ខោនមួយឈ្មោះ Vsr Chhiro មានអត្ថន័យខ្លីថា ​"អបអរសាទរក្មួយ ​កែវ​ រំចង់" ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីអបអរសាទរខាងលើ​បែបនេះឆ្លើយតបភ្លាមៗ​បន្ទាប់ពីនៅលើ Facebook ​ដែលមានអាក់ខោនឈ្មោះ​ Vsr Chhiro​ បានបង្ហោះរូបភាព​កីឡាករ​ប្រដាល់សេរីក្បាច់គុនបុរាណខ្មែរ ​​កែវ រំចង់​ ​ទទួលជ័យជំនះលើកីឡាករថៃ ​នៅលើPage របស់សម្តេច ​ក្នុងអត្ថន័យទំាងស្រុងថា​ "ជម្រាបជូនសម្តេចជាទីគោរព

ជ័យោ !​ កែវ រំចង់ ​សងសឹកកីឡាករថៃបានសម្រេចហើយ​ ​ឈ្នះការប្រកួត Thai Fight​ ប្រកួតមុននេះបន្តិច​ នេះជាប្រវត្តិសាស្រ្តរបស់​កីឡាប្រដាល់សេរីរបស់ខ្មែរ

ស្នើសុំទៅក្រសួងពាក់ព័ន្ធ ​និងសហព័ន្ធកីឡាប្រដាល ​ជាពិសេសថ្នាក់ដឹកនាំ​ជាតិដ៏ឆ្នើមសម្តេចតេជោ ​ជួយលើកទឹកទឹកចិត្ត​ដល់គាត់ផង" ។

គួរបញ្ជាក់ថា ​នៅក្នុងការប្រកួតសងសឹកក្នុងកម្មកវិធី​ Thai Fight ​នៅក្រុងបាងកកដើម្បីអបអរឆ្លងឆ្នាំ​សកលកាលពីយប់មិញនេះ​ កីឡាករ កែវ រំចង់ ​បានប្រកួតឈ្នះ​កីឡាករថៃ​ Iquezang ​ដែលមានទម្ងន់ជាង១,២គីឡូក្រាម ​ដោយពិន្ទុ ហើយក៍ជាជ័យជំនះរបស់​កីឡាករខ្មែរលើកដំបូង​នៅក្នុងការប្រកួត ​Thai Fight ផងដែរ ។

កាលពីថ្ងៃទី២៤​ តុលា ២០១៥ ​កីឡាករ កែវ រំចង់ ​បានចាញ់កីឡាករ Iquezang ​ដោយពិន្ទុទំាងមិនអស់ចិត្តនិង​សូម្បីតែអ្នកទស្សនា​ផ្ទាល់​នៅក្នុងប្រទេសនិងតាម​កញ្ចក់​ទូរទស្សន៍ក៍គិតថា ​កីឡាករ កែវ រំចង់ ឈ្នះដែរ ​ទើបគណៈកម្មការប្រកួតដាក់ឲ្យប្រកួត​សងសឹកនៅយប់មិញនេះក្នុងក្រុងបាងកក ៕