ស្ដង់ដា​ថ្នាក់​ជាតិ​លើ​ផលិតផល​ខ្មែរ​ចំនួន​3​មុខ​ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់

ខេត្តសៀមរាប ៖ ស្តង់ដា​ជាតិ​លើ​ផលិតផល​ចំនួន​៣​មុខ​គឺ ស្តង់ដា​ប្រហុក ស្តង់ដា​ត្រីងៀត (​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​) និង​ស្តង់ដា បង្គា បង្កង ឬ​ហៅ​ថា ស្តង់ដា​បង្គា បង្កង ក្លា​ស្សេ​ទឹកកក ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ជលផល និង​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា ដែល​បាន​បង្ហាញ​សេចក្តី​ប្រកាស​ផ្សព្វផ្សាយ​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជលផល​ថ្នាក់​កណ្តាល មក​ពី​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស មន្ត្រី​ជំនាញ​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា និង​បណ្តា​អង្គការ​ដៃគូ តំណាង​សមាគម​អ្នក​កែ​ច្នៃ​ផលិតផល និង​តំណាង​បណ្តា​ក្រុមហ៊ុន​កែ​ច្នៃ​នាំ​ចេញ​ផលិតផល​ជលផល ។

ប្រហុក ត្រីងៀត និង​បង្គា បង្កង ( បង្គា បង្កង យក​មក​ក្លា​ស្សេ​ទឹកកក​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​) គឺ​មានការ​គាំទ្រ​ថវិកា​ពី​គម្រោង​កម្មវិធី​អីុ​យូ​ជលផល ។

លោក ចាន់ បូ​រិ​ន អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «​បណ្តា​ប្រទេស​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក គឺ​ប្រទេស​មួយ​ត្រូវ​មាន​អង្គភាព​ស្តង់ដា​ជាតិ​តែ​មួយ មិន​អាច​មាន​ច្រើន​បាន​ទេ ។ គោលបំណង​នៃ​ការ​បង្កើត​ស្តង់ដា​ជាតិ​កម្ពុជា គឺ​ដើម្បី​ឱ្យ​មានការ​ឯកភាព​ក្នុង​ប្រទេស​ដោយ​យោង​ទៅ​តាម​ស្តង់ដា​អន្តរជាតិ ។ នៅ​ពេល​ប្រទេស​ណាមួយ​ចូល​ជា​សមាជិក​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​នាំ​ចេញ​នូវ​ផលិតផល​របស់​ខ្លួន​បាន និង​ដើម្បី​ឱ្យ​មានការ​ឯកភាព​ជា​សាកល គឺ​ត្រូវ​ទាមទារ​ឱ្យ​មានការ​អនុវត្ត​តាម​ស្ថាប័ន​ស្តង់ដា​អន្តរជាតិ​រួម​តែ​មួយ​គត់ » ។

លោក អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល មាន​ប្រសាសន៍​ថា ៖ « ក្រោម​ការ​ផ្តល់​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា រដ្ឋបាល​ជលផល​បាន​បង្កើត​ស្តង់ដា​របស់​ខ្មែរ​ចំនួន​៣​មុខ​គឺ ស្តង់ដា​ប្រហុក ស្តង់ដា​ត្រីងៀត (​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​)​និង ស្តង់ដា​បង្គា បង្កង ឬ​ហៅ​ថា ស្តង់ដា​បង្គា បង្កង ក្លា​ស្សេ​ទឹកកក ដែល​អនុម័ត​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។ ស្តង់ដា​ទាំង​បី​នេះ គឺជា​ស្តង់ដា​ផលិតផល​ខ្មែរ​ដ៏​សំខាន់​និង​ចាំបាច់ ជា​ពិសេស​គឺ​សម្រាប់​វិស័យ​ជលផល  ដែល​មានគុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​កំណត់សម្គាល់​ផលិតផល​ម្ហូបអាហារ​ទាំង​បី​មុខ​ខាងលើ សម្រាប់​ការ​ជ្រើសរើស​បរិភោគ និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស » ។ 

ទន្ទឹម​នឹង​នេះ លោក​បាន​ជំរុញ​ឱ្យ​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នៅ​ពេល​នេះ ត្រូវ​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់​អំពី​ស្តង់ដា​ទាំងនេះ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​និង​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច និង​កន្លែង​កែ​ច្នៃ​ផលិតផល​ផ្ទាល់​របស់​ខ្លួន ព្រោះ​វា​អាច​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព​ផលិតផល និង​ឆ្ពោះទៅ​រក​ការ​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ទាំង​ក្នុងស្រុក ទាំង​ក្រៅប្រទេស ។ 

លោក អេ​ង ជា​សាន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « យើង​មាន​ស្តង់ដា​យ៉ាង​ដូច្នេះ​វា​អាច​ធានា​ស្ថិរភាព​តម្លៃ​បាន ។ កន្លង​មក ការ​នាំ​ចេញ​ប្រហុក គឺ​ភាគច្រើន​យើង​នាំ​ចេញ​ប្រហុក​ជា​ផលិតផល​ពាក់កណ្តាល​សម្រេច ដែល​នាំ​ឱ្យ​ខាតបង់​តម្លៃ​ជាតិ​យ៉ាងច្រើន និង​ជា​ពិសេស​គឺ​បាត់បង់​កិត្តិយស និង​ពាណិជ្ជសញ្ញា​ផលិតផល​របស់​ប្រទេស​ខ្មែរ ដូច​ជា​ករណី​នាំ​ចេញ​ប្រហុក​សៀមរាប ក៏​ប៉ុន្តែ​បិទ​ស្លា​កថា​ជា​ផលិត​ថៃ​ទៅ​វិញ » ។

ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ស្ដង់ដា​លើ​ផលិតផល​ខ្មែរ​នេះ លោក​បណ្ឌិត ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ៖ « ស្ដង់ដា​គុណភាព​ម្ហូប​អាហារ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជាតិ​យើង និង​ទីផ្សារ​នាំ​ចេញ ។ រហូត​មក​ដល់​ពេល​នេះ ការ​នាំ​ចេញ​ផលិតផល​ម្ហូបអាហារ​របស់​កម្ពុជា កំពុង​ប្រឈម​នឹង​ស្ដង់ដា​គុណភាព​ម្ហូបអាហារ​នៃ​ទីផ្សារ​នាំ​ចេញ​។ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​ធានា​រ៉ាប់រង​ដែល​ស្ដង់ដា​នីមួយ​ៗ​ត្រូវ​បាន​ត្រួតពិនិត្យ និង​គ្រប់គ្រង ហើយ​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​ដោយ​ក្រុមហ៊ុននាំចេញ​នានា ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ទីផ្សារ​នាំ​ចេញ ។

យោង​តាម​លទ្ធផល​ជំរឿន​សហគ្រាស​កាលពី​ឆ្នាំ​២០១១​ក្នុង​ចំណោម​សហគ្រាស​៥១០.០០០ គឺ​មាន​តែ​៧០.០០០​ឬ​ស្មើនឹង​១៤%​តែ​ប៉ុណ្ណោះ ដែល​ជា​សហគ្រាស​ផ្នែក​លក់​កម្មន្តសាល ។ វិស័យ​នេះ​គ្របដណ្តប់​ភាគច្រើន​ទៅ​លើ​ផ្នែក​ចំណីអាហារ និង​កាត់ដេរ ដែល​គ្របដណ្តប់​៤៥%​និង​៣០% ៕