រយៈពេល​2​ឆ្នាំ អូស្ត្រាលី​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​90​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ប្រទេស​អូស្ត្រាលី​បាន​ប្តេជ្ញា​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ទាំង​ធនធាន បច្ចេកទេស និង​បទ​ពិសោធន៍ ដូចដែល​បាន​ធ្វើ​នា​ពេល​កន្លង​មក​លើ​វិស័យ​អាទិភាព​ជា​ច្រើន​ដូច​ជា វិស័យ​សុខាភិបាល កសិកម្ម យុត្តិធម៌ ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​បន្តបន្ទាប់ និង​ជំរុញ​ឲ្យ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៤​មក អូស្ត្រាលី​បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​មួយ​ចំនួន ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៨៩​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ប្រសាសន៍​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​អូ​ស្ត្រី​លី ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉​ម ប៊ុ​ន​នាង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ក្រោយ​ជំនួប​ថា លោក​ជំទាវ អា​លី​សុ​ន បូ​រ៉ូ (Alison Burrows) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ដែល​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ។

លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា ៖ « មិន​ថា​កាលៈទេសៈ​បែប​ណា​ទេ ប្រទេស​ទាំង​ពីរ​បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​គ្នា​លើ​កិច្ចការ​វិនិយោគ ទេសចរណ៍ ធនធានមនុស្ស និង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ » ។

ជាមួយ​គ្នា​នេះ​ដែរ ជំទាវ​បាន​សន្យា​ថា ៖ « នៅ​ពេល​ខាង​មុខ អូស្ត្រាលី​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏​ដូច​ជា​ជំរុញ​ដល់​អ្នក​វិនិយោគទុន និង​ប្រជាជន ឲ្យ​មក​វិនិយោគ និង​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត » ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ប្រទេស​អូស្ត្រាលី ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុ​ជានា​ពេល​កន្លង​មក ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​បន្ត និង​បង្កើន​ចំនួន​អាហារូបករណ៍​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ពីព្រោះ​កម្ពុជា​ពិតជា​ត្រូវការ​ធនធានមនុស្ស​ក្នុង​ការ​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា​បន្ដ​ថា «​ជំនួយ​របស់​អូស្ត្រាលី ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស ជួយ​បង្កើន​ធនធានមនុស្ស សុខភាព អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ទេសចរណ៍ កសិកម្ម និង​ប្រព័ន្ធ​យុត្តិធម៌ ជាដើម » ៕