គ្រប់គ្រង​ការ​លក់​គឺជា​កត្តា​សម្រេច​បាន​ជោគជ័យ

ការ​លក់​មាន​សារសំខាន់​ណាស់​សម្រាប់​ទីផ្សារ ក្រៅពី​បាន​ផ្តល់​នូវ​សារសំខាន់​លើ​ផ្នែក​រូបភាព ឬ​ការ​លក់ទំនិញ​ដល់​អតិថិជន ក្រុមការងារ​ផ្នែក​លក់ ឬ​បុគ្គលិក​ដែល​ឆ្លាត ក្រៅពី​មាន​សមត្ថភាព មាន​សិល្បៈ​ក្នុង​ការ​លក់​ហើយ​នោះ ក៏​ត្រូវ​មាន​ជំនាញ​លើ​ការ​គ្រប់គ្រង​ផ្នែក​លក់​ផង​ដែរ គឺជា​រឿង​មាន​សារសំខាន់ និង​ចាំបាច់​យ៉ាង​ខ្លាំង ព្រោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​រមែង​មានការ​ប្រកួតប្រជែង​ខ្ពស់ និង​ខ្លាំងក្លា ហេតុ​ដូច្នេះ​ហើយ​ក្រុម​ផ្នែក​លក់​ចាំបាច់​ត្រូវ​តែ​ព្យាយាម​លក់ទំនិញ និង​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ឱ្យ​បាន​ល្អ ។

វិធីសាស្ត្រ​គ្រប់គ្រង​ការ​លក់ គឺ​ការ​មាន​ប្រៀប​លើ​ការ​ប្រកួតប្រជែង ដែល​អ្នកគ្រប់គ្រង​ត្រូវ​បង្កើត​ឡើង និង​អភិវឌ្ឍន៍​ក្រុម​ផ្នែក​លក់​ឱ្យ​មាន​សក្តានុពល គឺ​ចាប់ផ្តើម​ពី​ការ​ធ្វើ​ផែនការ​ទីផ្សារ ការ​គ្រប់គ្រង​ផ្នែក​លក់ រួម​ទាំង​ត្រួតពិនិត្យ​ការ​ប៉ាន់​ប្រមាណ​ការងារ​របស់​បុគ្គលិក គួរ​អនុវត្ត​ដូច​ខាងក្រោម​នេះ ៖

១-​ការ​ធ្វើ​ផែនការ​ទីផ្សារ​ដោយ​ប្រើ​វិធីសាស្ត្រ​គ្រប់គ្រង​ការ​លក់ ៖
ត្រូវ​បង្កើត​រូបភាព​នៃ​ការ​លក់​ក្នុង​លក្ខណៈ​ផ្ទាល់ និង​បង្កើត​ឱកាស​ដល់​បុគ្គលិក​ផ្នែក​លក់​ឱ្យ​មាន​ចំណែក​រួម​ក្នុង​ការ​ផ្តល់​ជំនាញ​លក់​របស់​គេ ឬ​ស្នើ​ឡើង​ពី​វិធីសាស្ត្រ ក្នុង​ការ​ផ្តល់​សេវា​ដល់​អតិថិជន ដើម្បី​ឱ្យ​អតិថិជន​មានការ​ពេញចិត្ត ។ យើង​ត្រូវ​ទាក់ទាញ​បុគ្គលិក​ឱ្យ​មាន​ចំណែក​រួម​ក្នុង​ការ​កំណត់​ផែនការ​ទីផ្សារ ដើម្បី​ជំរុញ​អត្រា​ការ​លក់​ឱ្យ​បាន​ច្រើន ។

២-​គ្រប់គ្រង​ប្រព័ន្ធ​ការ​លក់​ដល់​បុគ្គលិក ៖
ត្រូវ​ផ្តល់​ការ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ពី​ការ​លក់​ដល់​បុគ្គលិក​, អភិវឌ្ឍន៍​ជំនាញ​នៃ​ការ​មាន​សម្ព័ន្ធមេត្រីភាព​ធ្វើ​ឱ្យ​អតិថិជន​មាន​អារម្មណ៍​ធូរស្រាល និង​ឈាន​ទៅ​រក​ការ​មាន​វិជ្ជាជីវៈ ។

៣-​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​របស់​បុគ្គលិក​លក់​ដោយ​ការ​ធ្វើតេស្ត និង​ផ្តល់​សេវាកម្ម ៖
ដើម្បី​បំពេញ​សមត្ថភាព​ការងារ​របស់​បុគ្គលិក​ជាមួយ​អតិថិជន ពេល​ដែល​ពួក​គេ​នៅ​មានការ​ខ្វះខាត យើង​ត្រូវ​បង្កើត​ការ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ផ្នែក​លក់​តាម​រូបភាព​ផ្សេង​ៗ ដូច​ជា សិក្សា​ពី​ការងារ​នៅ​ខាងក្រៅ កំណត់​ការ​លក់ ឬ​កំណត់​គោលដៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​រួម​គ្នា ។

បច្ចេកទេស​គ្រប់គ្រង​ការ​លក់ គឺជា​កត្តា​ឈាន​ទៅ​រក​ភាព​ជោគជ័យ ដែល​ត្រូវ​ពឹងផ្អែក​លើ​ការ​រួមចំណែក​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​អាជីវកម្ម ជា​ពិសេស អ្នកគ្រប់គ្រង​ត្រូវ​ត្រៀមខ្លួន​រៀនសូត្រ​ជា​និច្ច ដើម្បី​ផ្លាស់​ប្តូរ​ខ្លួន​ឱ្យ​ស្រប​តាម​យុគសម័យ និង​តាម​ទាន់​ការ​បម្រែបម្រួល​សេដ្ឋកិច្ច​ដែល​កើត​ឡើងជា​បន្តបន្ទាប់ និង​នៅ​គ្រប់ពេលវេលា ៕