ចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»

ប្រទេសចិនកុម្មុយនីស បានបិទបញ្ចប់ជាផ្លូវការហើយ នូវនយោបាយកូនមួយរបស់ខ្លួន ដោយ​អនុញ្ញាត ឲ្យដៃគូ​ស្នេហា​ទាំង​ឡាយ អាចមានកូនទីពីរបាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ​តទៅ។ មូលហេតុនៃការ​បិទ​បញ្ចប់​នេះ មិន​មាន​ន័យ​ថា ចិន​ងាក​មក​គោរព​សិទ្ធិ នៃការរស់រានមានជីវិត របស់ពលរដ្ឋខ្លួននោះទេ តែជាមូលហេតុ ដែលបម្រើឲ្យ​សេដ្ឋកិច្ច និង​តម្រូវការ នៃ​ការ​ងើប​ចេញ​ពី​ភាព​ចាស់​ជរា របស់​ប្រជាជន​ចិន។
ចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»
ស្វាមីឱនស្ដាប់ទារក នៅក្នុងផ្ទៃពោះនៃភរិយារបស់ខ្លួន។ (រូបថតជំនួស)

បក្សកុម្មុយនីសចិន ដែលកំពុងកាន់អំណាចសព្វថ្ងៃ បានប្រកាសតាំងពីខែតុលា ឆ្នាំ២០១៥នេះ ពីការដាក់​បញ្ចប់ នូវនយោបាយកូនមួយ ដែលបានដាក់ ឲ្យអនុវត្តន៍ជាធរមាន តាំងពីជាង៣ទសវត្សន៍មុន។ ការ​សម្រេច​របស់បក្សកុម្មុយនីស ត្រូវបានបញ្ជាក់ នៅពេលបន្ទាប់មកទៀត នៅក្នុងច្បាប់មួយ ដែលត្រូវដាក់​ឲ្យ​អនុវត្តន៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះតទៅ។ នេះបើតាមការអះអាង របស់សារព័ត៌មានផ្លូវការ ឈ្មោះ «ចិនថ្មី (Chine nouvelle)»។

ច្បាប់នោះ បានអនុញ្ញាតឲ្យគូស្វាមីភរិយា ដែលរៀបការរស់នៅក្នុងប្រទេសចិន អាចមានកូនទីពីរបាន ប៉ុន្តែ​ច្បាប់ដដែលនៅតែហាមឃាត់ មិនឲ្យមានកូនលើសពីនេះឡើយ។

ប្រទេសចិនបានកំណត់ នូវនយោបាយហាមឃាត់កូនច្រើនលើសពីមួយ នៅចុងទសវត្សន៍ឆ្នាំ៧០ ដើម្បី​ទប់​ស្កាត់​កំណើនដ៏ខ្លាំងក្លា នៃចំនួនប្រជាជនរបស់ខ្លួន ដែលមានចំនួនច្រើន សឹងតែជាងពាក់កណ្ដាល​ពិភពលោក ទៅហើយ។ ប្រទេសកុម្មុយនីសមួយនេះ បានអះអាងថា នយោបាយកូនមួយរបស់ខ្លួន បាន​ជំរុញ​ដល់ចលករសេដ្ឋកិច្ច និងបានបញ្ជៀស នូវកំណើតប្រជាជនថ្មីៗ ដែលអាចមាន ប្រមាណជា៤០០​លាន​នាក់ នៅក្នុងរយៈពេលកន្លងមកនេះ។

កាលពីពីរឆ្នាំមុន រដ្ឋាភិបាលក្រុងប៉េកាំង បានអនុត្តន៍នូវវិធានការទន់ភ្លន់ ជាងមុនបន្តិច នៅចំពោះ​នយោបាយ​កូនមួយនេះ ដោយអនុញ្ញាតឲ្យប្ដីប្រពន្ធ អាចមានកូនទីពីរបាន ប្រសិនបើពីរនាក់ ប្ដីប្រពន្ធ​នោះ​ខ្លួនឯង ជា​កូន​តែ​មួយនៅក្នុងគ្រួសារ។ អ្នកជំនាញបានយល់ឃើញថា ការសម្រេចចិត្តដែលបានដាក់​បញ្ចប់ នូវ​នយោបាយ​កូន​មួយនេះ ហាក់ដូចជាមានលក្ខណៈយឺតពេលបន្តិច ដើម្បីជួយឲ្យប្រជាជនចិន ងើប​ចេញ​ពី​ភាព​ចាស់​ជរា​របស់​ខ្លួន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរមួយនេះ ត្រូវ​ការ​ជាចាំបាច់ នូវ​កម្លាំង​ពលកម្ម​ថ្មីៗ ដើម្បីរុញឲ្យចលករសេដ្ឋកិច្ច មានសន្ទុះទៅមុខ។

សម្រាប់សារព័ត៌មានផ្លូវការ នៅក្នុងស្រុកវិញ បានរាយការណ៍បន្ថែមថា ប្រទេសចិននឹងផ្ដល់ ទៅឲ្យ​ពលរដ្ឋ​របស់​ខ្លួន ដែល​ធ្លាប់រងគ្រោះ ព្រោះការធ្វើលិខិតកំណើតក្លែងក្លាយ (ដោយសារខ្លួន ជាកូនទីពីរ ដែល​ខុស​ពីច្បាប់ ដែល​កំណត់​ឲ្យមានកូនតែមួយ) អាចទទួលបានដោយស្របច្បាប់ នូវការគាំពារផ្នែកសង្គម សុខភាព និង​ការ​សិក្សា​ឡើង​វិញ។ នាពេលកន្លងមក កូនក្រៅច្បាប់ (កូនកើតទីពីរ ឬទីបី) ដែលមាន​ចំនួន​ប្រមាណ​ជា ១៣លាននាក់ គិតជាភាគរយ មាន១% នៃប្រជាជនទាំងអស់ នៅក្នុងប្រទេសចិន មិន​មាន​លិខិត​អនុញ្ញាត នៃ​ការ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ដូចពលរដ្ឋធម្មតាដទៃទៀតឡើយ៕