អ្នកជំនួញ​ដែល​លើក​កិ​តិ្ត​យស​ជាតិ​នាពេល​អនាគត​

​ភ្នំពេញ​៖ បើទោះបីជា​អ្នកជំនួញ​ខ្មែរ​មួយចំនួនធំ​ត្រូវបាន​គេ​វាយតម្លៃថា ជា​អ្នកជំនួញ​មិនសូវមាន​គោលការណ៍ ឬ​គ្មាន​ជំនាញ​ពិតប្រាកដ​ក៏ដោយ​ក្តី ក៏​អ្នកជំនួញ​ខ្មែរ​មួយចំនួន​ផ្សេងទៀត​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​ពួកគេ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ ក្រុមហ៊ុន​ទាំងនោះ​ជារួម​មាន​៖ ក្រុមហ៊ុន Mengly J.Quach Holding, ហាង​ការ​ហ្វេ Brown, ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប​។

​ទើប​មានកំណើត​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន Mengly J.Quach Holding រីកចម្រើន​មិន​ឈប់ឈរ​។ លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខាងលើនេះ បាន​ចំណាយ​ពេលវេលា ចំណាយ​កម្លាំងកាយ​ចិត្ត ការតាំង​ចិត្ត ចំណេះដឹង​ជំនាញ​របស់លោក​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​។ មិនមែន​តែ​បុគ្គល​លោក​ម្នាក់ឯង​ទេ​ដែល​បាន​រុញច្រាន​ក្រុមហ៊ុន​ឲ្យ​រីកចម្រើន​លូតលាស់​យ៉ាង​ដូច្នេះ​។ តាមពិត លោក ម៉េង​លី បានផ្តល់​តម្លៃ​ច្រើន​ទៅលើ​សមត្ថភាព​បុគ្គលិក​របស់លោក​។ អ្នកជំនួញ​រូបនេះ តែងតែ​និយាយថា លោក​ផ្តល់ឱកាស​ជូន​បុគ្គលិក​ឲ្យ​អភិវឌ្ឍ​កាតព្វកិច្ច​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុន​។

​កាលពី​ឆ្នាំ​២០០៥, ជា​ឆ្នាំ​នៃ​ការបង្កើត​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកកាំង និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ដំបូង លោក គួច ម៉េង​លី មាន​ដើម​ទុក​តែ​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​កើនឡើង​រហូតដល់​រាប់រយ​លាន​ដុល្លារ​អាមេរិក​។ ចាប់ផ្តើម​ជាមួយ​សិស្ស​៤​នាក់ និង​បុគ្គលិក​៥​នាក់​។ បច្ចុប្បន្ន​សាលា​មាន​សិស្ស​ជាង​១​ម៉ឺ​នាក់ និង​បុគ្គលិក​ជិត​១៥០០​នាក់​។ ចាប់​ផើ្ត​ម​បើក​ដំបូង ក្រុមហ៊ុន​មាន​អគារសិក្សា​ចំនួន ១ តែប៉ុណ្ណោះ​។ បច្ចុប្បន្ន ក្រុមហ៊ុន​មាន​អគារសិក្សា​ទាំងអស់​ចំនួន ១១ ក្នុងនោះ អគារ​កម្ពស់​១៦ ជាន់​មាន​មួយ និង​អគារ​កម្ពស់​១៧​ជាន់​មាន​មួយ​។ នៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន Mengly J.Quach Holding គ្រោង​សាងសង់​អគារសិក្សា​ខ្ពស់​មួយចំនួន​បន្ថែមទៀត​។ អគារ​ទាំងនោះ អាចមាន​កម្ពស់​ជាង​២០​ជាន់​។ ក្រុមហ៊ុន Mengly J.Quach Holding គឺជា​ក្រុមហ៊ុនមេ​ដែលមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​៖​ក្រុមហ៊ុន​វិស័យ​អប់រំ ក្រុមហ៊ុន​ថែទាំ​សុខភាព ក្រុមហ៊ុន​ម្ហូបអាហារ ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​មី​ឌា​។ ក្រៅពី​ធ្វើ​ជំនួញ​រកប្រាក់​ចំណេញ នៅក្នុង​ឆ្នាំ​២០១៦​ខាងមុខនេះ ក្រុមហ៊ុន​របស់លោក​វេ​ជ្ជ​បណ្ឌិត គួច ម៉េង​លី គ្រោង​នឹង​បង្កើត​ពានរង្វាន់​សម្រាប់​ក្រុមហ៊ុន Mengly J.Quach Holding​។ ពានរង្វាន់​ទាំងនោះ​ផ្តោតលើ​សកម្មភាព​ឆ្នើម​របស់​បុគ្គល គំនិត​ច្នៃប្រឌិត​របស់​បុគ្គល ឬ​បុគ្គល​ជួយ​កិច្ចការ​សង្គម​ជាដើម​។ តាម​គម្រោង លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រាថ្នា​ចង់​បង្កើត​ពានរង្វាន់​ចំនួន​១០​នាពេល​អនាគត​។

​ក្រៅពី​ពានរង្វាន់​នេះ លោក គួច ម៉េង​លី បានធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការចែក​បបរ​ជូន​អ្នកក្រីក្រ ជូន​លុយ​អ្នកក្រីក្រ​តាម​ដងផ្លូវ ជួយ​ព្យាបាល​អ្នកក្រីក្រ​មិន​យក​កម្រៃ​។​ល​។ ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន​មក លោក គួច ម៉េង​លី បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​អស់​ជាង​៥​លាន​ដុល្លារ​អាមេរិក​សម្រាប់ធ្វើ​សកម្មភាព​មនុស្សធម៌​។ លោក​ធ្លាប់បាន​បញ្ជាក់ថា​៖«​ជួយ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​។ មាន​តិច​ធ្វើ​តិច មាន​ច្រើន​ធ្វើ​ច្រើន​។ កុំ​រង់ចាំ​មាន​ច្រើន ហើយ​ចាំ​ធ្វើ​នោះ មិនសូវ​ត្រូវ​ទេ​»​។

​ងាក​មក​ហាង​កាហ្វេ Brown វិញ​។ អ្នក​នៅ​ទីក្រុង​ភ្នំពេញ​មានការ​ភ្ញាក់ផ្អើល ហើយ​កោតសរសើរ​គ្រប់គ្នា​។ ពួកគេ​សរសើរ​ថា ក្រុមហ៊ុន​នេះ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំងណាស់ ពីព្រោះ ក្នុង​រយៈពេល​ខ្លី​សោះ កាហ្វេ Brown អាច​ពង្រីក​អាណាចក្រ​ដ៏​ធំ​នៅ​តំបន់​បឹង​កេងកង​ដែលជា​តំបន់​សម្បូរ​ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​នៅ​ទីក្រុង​ភ្នំពេញ​។

​លោក ចាង ប៊ុន​លាង ស្ថាបនិក​នៃ​ហាង​ការ​ហ្វេ Brown ដែល​ចាប់ផ្តើម​បើកហាង​តែមួយ​កាលពី​ចុងឆ្នាំ​២០០៩​ជាមួយ​បុគ្គលិក​៧​នាក់ បាន​ពង្រីក​ជំនួញ​របស់ខ្លួន​គ្មាន​ទីបញ្ចប់​។ នៅ​ឆ្នាំ​២០១៥​នេះ កាហ្វេ Brown បាន​ពង្រីក​សាខា​របស់ខ្លួន​រហូតដល់​ចំនួន​១១​នៅ​ទីក្រុង​ភ្នំពេញ​បូក​ហាង​ភេសជ្ជៈ Gongcha Tea Coffee ចំនួន​៥ និង​ភោជនីយដ្ឋាន​មួយ​។ នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ លោក ចាង ប៊ុន​លាង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ថា ក្រុមហ៊ុន​របស់លោក​នឹង​ពង្រីក​កាហ្វេ Brown ចំនួន​៣​កន្លែង​ទៀត​។ ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ និង​មួយកន្លែង​ទៀត​នៅក្នុង​ខេត្តសៀមរាប​។ លោក ចាង ប៊ុន​លាង ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​លោក​ចង់​ឲ្យ​ជនបរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​នឹកឃើញ​រសជាតិ​កា​ហេ្វ Brown របស់លោក​នៅពេល​ពួកគេ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​»​។

​សូមបញ្ជាក់ថា កាលពី​៦​ឆ្នាំមុន កាហ្វេ Brown មាន​បុគ្គលិក​តែ​៧​នាក់​ប៉ុណ្ណោះ តែ​ឥឡូវនេះ Brown មាន​បុគ្គលិក​ជាង​៣០០​នាក់​។ កាហ្វេ Brown អាច​នឹង​ក្លាយទៅជា​ក្រុមហ៊ុន​ដែល​នាំមុខ​ដាច់​គេ​នៅក្នុង​វិស័យ​ម្ហូបអាហារ គ្រឿង​ភេសជ្ជៈ ជាពិសេស នៅក្នុង​ពិភព​កាហ្វេ​តែម្តង​នាពេល​អនាគត​។

​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឯណេះ​វិញ​។ ធនាគារ​អេស៊ីលីដា ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​ម្នាក់ទៀត​ក៏​រីកចម្រើន​ខ្លាំង ហើយ​បាន​ពង្រីក​សក្តានុពលរ​បស់​ខ្លួន​ទៅកាន់​បរទេស​ថែម​ទៀតផង​។

​លោក អ៊ិន ចាន់នី ស្ថាបនិក​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៥​នេះ ធនាគារ​អេស៊ីលីដា​មាន​សាខា និង​ការិយាល័យ​ចំនួន​៥៧ ពោលគឺ​មាន​វត្ត​មាននៅ​គ្រប់​ស្រុក​ក្នុង​២៤​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។ នៅក្នុង​ប្រទេស​ឡាវ អេស៊ីលីដា មាន​សាខា​ចំនួន​៤១​នៅក្នុង​១៦​ខេត្ត​ក្រុង​នៃ​ចំនួន​១៨​ខេត្ត​ក្រុង​នៃ​ប្រទេស​ឡាវ​។ នៅក្នុងពេល​ខាងមុខនេះ​(២​ឬ​៣​ឆ្នាំ​)​ទៀត អេស៊ីលីដា នឹង​ពង្រីក​ឲ្យ​មាន​វត្តមាន​នៅក្នុង​១៨​ខេត្ត​ក្រុង​នៃ​ប្រទេស​ឡាវ​។ នៅក្នុង​ប្រទេស​ភូមា បច្ចុប្បន្ន អេស៊ីលីដា មាន​សាខា និង​ការិយាល័យ​ចំនួន​៦ ប៉ុន្តែ​យុទ្ធសាស្ត្រ​យូរអង្វែង អេស៊ីលីដា គ្រោង​នឹង​បង្កើត​ឲ្យ​បាន​១០០​សាខា​។ នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ អេស៊ីលីដា គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ Digital Banking (​ស្វ័យ​ប្រតិបត្តិការ​របស់​អតិថិជន​)​។

​នៅ​ឆ្នាំ​២០១៥​ដដែល​នេះ អេស៊ីលីដា មាន​អតិថិជន​ប្រមាណ​ជា​២​លាន​នាក់​ក្នុងនោះ​អ្នក​កម្ចី​មាន​ចំនួន​៤​សែន​នាក់ និង​អ្នក​ផ្ញើ​មាន​ចំនួន​១​លាន​៦​សែន​នាក់​។ ទ្រព្យសកម្ម​របស់​អេស៊ីលីដា មាន​ចំនួន​៣៨០០​លាន​ដុល្លារ​។ បុគ្គលិក​របស់​អេស៊ីលីដា កាលពី​ឆ្នាំ​១៩៩៣, ឆ្នាំ​បង្កើត​, មាន​ចំនួន​តែ​២៨​នាក់​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០១៥​នេះ បុគ្គលិក អេស៊ីលីដា មាន​ចំនួន​ជាង​១​ម៉ឺន​១​ពាន់​នាក់​។ សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​ឡាវ អេស៊ីលីដា មាន​បុគ្គលិក​១​ពាន់​នាក់​ក្នុងនោះ​មាន​ខ្មែរ​ចំនួន​៤​នាក់ និង​នៅក្នុង​ប្រទេស​ភូមា​មាន​បុគ្គលិក​១៧០​នាក់ ក្នុងនោះ​មាន​ខ្មែរ​ចំនួន​១០​នាក់​។

​នៅក្នុង​វិស័យ​កសិកម្ម​វិញ លោក ម៉ុង ឬ​ទ្ធី ស្ថាបនិក​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី​គ្រុប ដែល​រកស៊ី​ក្នុង​ជំនួញ​កសិកម្ម និង​សំណង់ បាន​និយាយថា ក្រុមហ៊ុន​របស់លោក​មា​ន​កំណើត​នៅក្នុង​ឆ្នាំ​១៩៨៨​ជាមួយ​បុគ្គលិក​ម្នាក់​គឺ​លោក​ខ្លួនឯង និង​តៃកុង​រថយន្ត​ម្នាក់​។ ដើមទុន​វិនិយោគ​មុនដំបូង គឺ​១​ពាន់​ដុល្លារ​អាមេរិក​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន​លោក ម៉ុង ឬ​ទ្ធី មាន​បុគ្គលិក​ជាង​១​ម៉ឺន​នាក់ និង​មាន​ដើមទុន​ច្រើន​រយ​លាន​ដុល្លារ​អាមេរិក​។ លោក ម៉ុង ឬ​ទ្ធី ត្រូវបាន​គេ​ចាត់ទុកថា គឺជា​សេដ្ឋី​កសិកម្ម ពីព្រោះ លោក​មាន​ចម្ការ​ដូងប្រេង ចម្ការកៅស៊ូ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក សំណង់​។​ល​។ លោក ម៉ុង ឬ​ទ្ធី គឺ​អ្នកមាន​ម្នាក់​ដែល​ចូលចិត្ត​ជួយ​អ្នកក្រ​។ មូលហេតុ​នៃ​ការជួយ​អ្នកក្រ ព្រោះ លោក​ធ្លាប់ជា​អ្នកក្រីក្រ​ដែរ​៕