AEC៖ លោក ហ៊ុន ម៉ា​នី ទទួលស្គាល់​ការ​ប្រឈម តែ​ជឿជាក់​លើ​សក្តានុពល​កម្ពុ​ជា​

​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ តទៅ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ និង អនុវត្ត​ហើយ​។ ខណៈ​មាន​ទស្សនៈ​មួយចំនួន​លើកឡើងថា កម្ពុជា នឹង​ប្រឈម​បញ្ហា​ច្រើន​ក្នុង​ដំណើរការ នេះ លោក ហ៊ុន ម៉ា​នី បាន​ថ្លែងថា លោក នៅតែ​ជឿជាក់​លើក​សក្តានុពលរ​បស់​កម្ពុជា ហើយ លោក ចង់​ឲ្យ​យុវជន​កម្ពុជា​គួរតែមាន​ចក្ខុវិស័យ​វិជ្ជមាន​ចំពោះ​ការមកដល់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​

​ថ្លែង​ក្នុង​សុន្ទរកថា​ក្រោម​ប្រធានបទ «​ជម្រើស​ខ្ញុំ និង​អនាគត​ខ្ញុំ​» លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​និយាយ​ទាំង​មុតមាំ​ចំពោះមុខ​និស្សិត និង​អ្នកស្រាវជ្រាវ​ជាច្រើន​ថា « យើង​គួរតែ​ពង្រឹងគោលជំហរ​របស់​យើង រួបរួមគ្នា និង​ជាពិសេស​នោះ​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ដើម្បី​ដំ ណើ​រ​ឆ្ពោះទៅមុខ​របស់​កម្ពុជា​«​។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​សន្និសីទ​មួយ​ដែល​រៀបចំ ដោយ​វិទ្យាស្ថាន Cam-Asean​។​

​ជុំវិញ​នៃ ដំណើរការ​សហគមន៍​អាស៊ាន លោក ហ៊ុន ម៉ា​នី ក៏បាន​ទទួលស្គាល់ថា កម្ពុជា នឹង​ប្រឈម នឹង​បញ្ហា​មួយចំនួន​។ តែ​លោ​កថា ដើម្បី​រុញច្រាន​ជោគវាសនា​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន ភាពល្អប្រសើរ យុវជន​ត្រូវតែ​ជឿជាក់​លើ​សមត្ថភាព និង​សក្តានុពល​ខ្លួនឯង​។

​សូមបញ្ជាក់​ផងដែរ ជំហាន​ដំបូង​នៃ​ដំណើរការ​នៃ​សហគមន៍​សេដ្ឋកិច្ច​ចុងឆ្នាំ​២០១៥ ឬ​ដើមឆ្នាំ​២០១៦ នេះ គឺមាន​គោលដៅ​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ ដើម្បី​ជំរុញ​តំបន់​នេះ​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង សន្ទុះ​ខ្លាំង និង​ធ្វើ​សមាហរណកម្ម​គ្នា​កាន់តែខ្លាំង​ឡើង​។ មតិ​មួយចំនួន លើកឡើងថា កម្ពុជា នឹង​ប្រឈម​បញ្ហា​ច្រើន ដ្បិត​ទំហំ​សេដ្ឋកិច្ច​តូច និង​កម្លាំង​ពលកម្ម​តិច​ផងដែរ​។

​ឆ្លើយតប​នឹង​ទស្សនៈ​ទុ​ទិ្ទ​ដ្ឋិ​និយម​ទៅលើ​សហគមន៍​អាស៊ាន លោក ហ៊ុន ម៉ា​នី បាន​អះអាងថា « ប្រសិនបើ​យើង​នៅតែមាន​គំនិត​បែបនេះ នោះ​យើង​នឹងត្រូវ​បាត់បង់​នូវ​ក្តីសង្ឃឹម​ម្តង​បន្តិចៗ​សម្រាប់​កម្ពុជា និង ប្រជាជន​កម្ពុជា »​។

​លោក សង្កត់ធ្ងន់ថា  អ្នក​គ្រប់គ្នា មាន​ជម្រើស​ក្នុងការ​គិតពី​ចំណុច​វិជ្ជមាន ឬ​អវិជ្ជមាន ក្នុង​ដំណើរការ នេះ​។ តែ​សម្រាប់​លោក ហ៊ុន ម៉ា​នី លោក​ថា ទោះបីជា​ស្ថិតនៅ​កាលៈទេសៈ​ណាក៏ដោយ លោក នៅតែ ជឿជាក់​កម្ពុជា និង​អនាគត​ដ៏​ល្អប្រសើរ​របស់​កម្ពុជា​៕