លួច​ក្របី​ញី​១​ក្បាល​លើកដាក់​រថយន្ត ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

ខេត្តពោធិ៍សាត់ ៖ បុរស​២​នាក់​ដែល​ម្នាក់​ជា​ចោរលួច​ក្របី និង​ម្នាក់​ទៀត​ជា​ម្ចាស់​រថយន្ត​ស៊ីឈ្នួល​ដឹក​ក្របី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ខណៈ​កំពុង​ដឹក​ក្របី​ឡើង​រថយន្ត​ក្នុង​ព្រៃ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ កន្លង​មក ស្ថិត​នៅ​ចំណុច​អណ្ដូង​តា​ហែ​ន ក្នុងភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ម៉ា​ន កើ ហៅ​កៃ អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម (​ជា​មុខសញ្ញា​ចោរលួច​ក្របី​) មាន​ទីលំនៅ​ភូមិ​កូន​ត្នោត ឃុំ​រំលេច ស្រុក​បាកាន និង​ម្នាក់​ទៀត​ឈ្មោះ​សុ​ន ភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ម្ចាស់​រថយន្ត​រស់នៅ​ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ។

ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ខាងលើ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ចុះ​ល្បាត​ក្នុង​ព្រៃ លុះដល់​ចំណុច​អណ្ដូង​តា​ហែ​ន ស្រាប់តែ​ប្រទះ​ឃើញ​មនុស្ស​ប្រុស​៣​នាក់ កំពុង​ដឹក​ក្របី​ញី​មួយ​ក្បាល​​ឡើង​រថយន្ត ។ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​ដើរ​ចូល​ទៅ ដើម្បី​សួរនាំ ស្រាប់តែ​ពួក​គេ​បើករថយន្ដ​រត់ ខណៈនោះ​សមត្ថកិច្ច​ក៏​បាន​ដេញ​តាម និង​ទាក់ទង​ឱ្យ​កម្លាំង​មួយ​ក្រុម​ទៀត​ចាំ​ស្ទាក់​ខាង​មុខ ។

លុះ​ទៅ​ដល់​ភូមិ​អូរ​ចាក់ ឃុំ​ស្វាយស ឃើញ​កម្លាំង​នៅ​ទីនោះ ពួក​គេ​ឈប់​រថយន្ត​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដេញចាប់​បាន​ចំនួន​២​នាក់ ដោយ​ម្នាក់​ទៀត​គេចខ្លួន​បាន​សម្រេច ។