ក្រុមសហគមន៍ការពារព្រៃឈើនៅ​ស្រុកពេជ្រាដា ​ចោទសមត្ថកិច្ចព្រំដែន​ច្រកបៀងឡំាប៉ឹក​អនុញ្ញាតឲ្យជនជាតិវៀតណាម​​ចូលមកកាប់ឈើ

ខេត្តមណ្ឌលគិរី ៖​ សហគមន៍ទាំង៧នៅឃុំប៊ូស្រា​ ស្រុកពេជ្រាដា ​បានរាយការណ៍ ​និង ប្តឹងមកអង្គការអាដហុក​ ស្នើសុំឲ្យចុះស៊ើបអង្កេត ​និង ​អន្តរាគមន៍បន្ទាន់ទៅ​ស្ថាប័ន​តុលាការ​ ដើម្បីស្វែងរកចាប់ជនជាប់ពាក់ព័ន្ឋ​បទល្មើសព្រៃឈើនៅតាម​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-​វៀតណាម ​យកមកផ្តន្ទាទោស​

បើតាម​ប្រជាសហគមន៍​បានអះអាងថា​ នៅម៉ោងប្រហែលជា១១យប់ថ្ងៃទី​ ៣១ ធ្នូ ២០១៥ ​មានជនជាតិវៀតណាមច្រើននាក់ ​បានចូលមកទឹកដី​ខ្មែរកាប់ឈើ​ខុស​ច្បាប់​​ក្នុងព្រៃ​សហគមន៍​ចំណុចអូរពុល​ ក្នុងដែនការពារសត្វព្រៃភ្នំណាំលៀ​ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត ​ជាប់ប៉ុស្តិ៍របៀងឡាំប៉ឹក​ ក្នុងភូមិសាស្រ្តឃុំដាក់ដាំ ស្រុកអូរាំង ។ ក្រោយពីឃើញសកម្មភាពនេះ ​កំលាំងសហគមន៍​ការពារដីព្រៃបានឃាត់ ​និងរឹបអូសវត្ថុតាងបទល្មើសជាច្រើនដូចជា៖ ​គោយន្តឆ្នៃ 2គ្រឿង ​រណាយន្ត 4គ្រឿង ម៉ូតូស្លាក​លេខវៀតណាម 1គ្រឿង ​រីឯជនបង្កររត់គេចខ្លួនបាត់ស្រមោល​ ។ ប្រភពបានឲ្យដឹងបន្តថា ​រាល់ថ្ងៃតែងមានជនជាតិវៀតណាម​ចេញចូលមកកាប់ឈើក្នុងទឹកដី​ខ្មែរគ្មាន​លោះមួយថ្ងៃ ​ខណៈព្រៃឈើសព្វថ្ងៃបាត់បង់​ស្ទើរ​គ្មានសល់ ។ ​ចំពោះវត្តមានជនជាតិវៀតណាម​ចូលមកកាប់ឈើបានដោយ​សេរីនៅទឹកដីខ្មែរ ​ត្រូវបានគេដាក់​ការ​សង្ស័យ​ទៅលើមន្ត្រីសមត្ថកិច្ចព្រំដែន ​ដែលឈរឈើនៅខ្សែបន្ទាត់​ព្រំដែនតំបន់ខាងលើ​ជាអ្នកអនុញ្ញាត​ ឬអាចជាប់ពាក់ព័ន្ឋផ្ទាល់​ជាមួយបទល្មើសព្រៃ​ឈើនោះតែម្តង ។

ការចាប់បង្ក្រាបបទល្មើស​ព្រៃឈើដែលមានសុទ្ឋតែជាជន​ជាតិវៀតណាមនេះ​ ស្របពេលដែលស្នងការរង​នគរបាលខេត្តមណ្ឌលគិរី​ ដែលទើបតែង​តាំង​ថ្មី​លោកវរៈសេនីយ៏​ឯក ទូច ដាណារ៉ា ​ជាស្នងការរងទទួលបន្ទុកកិច្ចការព្រំដែន ​ជំនួសលោកឧត្តមសេនីយ៏ត្រី​ តូច យ៉ុន ​ដែលឡើងតំណែង​ជាស្នងការ​ខេត្តមណ្ឌលគិរី ។

ទាក់ទងទៅនឹងការចោទ​ប្រកាន់ខាងលើនេះ មេប៉ុស្តិ៍​របៀងឡាំប៉ឹក ​លោកប្រាក់ ភារម្យ ​កោះសន្តិភាពមិនអាចសុំការបំភ្លឺបានទេ ​ព្រោះទូរស័ព្ទមិន​អាចទាក់ទងបាន ។ ចំណែក លោកឡេង សុភ័ណ្ឌ ​មេបញ្ជាការ​វរសេនាតូច​នគរបាលការពារព្រំដែន​គោកលេខ៦២១ ​កោះសន្តិភាពបានព្យាយាមទាក់ទង​តាមទូរសព្ទតែមិនមានការឆ្លើយតប។

ប្រធានមន្ទីរបរិស្ថានខេត្ត ​លោកឈិត សុផល ​ដែលគ្រប់គ្រងតំបន់ការពារសត្វព្រៃ​ភ្នំណាំលៀបានមានប្រសាសន៏ថា ​ករណីប្រជាសហគមន៏​​ចាប់បង្ក្រាប​គោយន្ត​កែច្នៃ​របស់ជនជាតិវៀតណាម ​ដែលចូលមកកាប់ឈើនៅតំបន់ខាងលើ ​លោកមិនទាន់ទទួលដំណឹងនៅឡើយទេ ​។ លោកបានបញ្ជាក់ថា​ សូមឲ្យឆែកបន្តទៅ​ ថាតើគាត់​(ប្រជាសហគមន៏)​បានប្រគល់ទៅខាងណា។ ​លោក អ៊ុក ណាខៃ​ មេបញ្ជាការកងអនុសេនាធំលេខ១​ ចំណុះឲ្យយោធាវរសេនា​តូចលេខ១០៣ ​កោះសន្តិភាពបានទាក់ទង​ជាច្រើនដងតែ​មិនអាចសុំការបំភ្លឺបានដែរ ។​ រីឯលោកយិន ចាន់ទី ​មេបញ្ជាការវរសេនាតូចការពារ​ព្រំដែនគោកលេខ១០៣(យោធា)​ ​ទូរស័ព្ទចូលជាច្រើនដងតែ​ពុំមានអ្នក​លើក​ទទួល ។

គួរបញ្ជាក់ថា​ នាពេលកន្លងទៅថ្មីនេះ​ សម្តេចក្រឡាហោម ស ខេង ​បានបញ្ជាដាច់ខាតឲ្យ​បិទច្រករបៀងទូទាំងប្រទេស ​មិនឲ្យមានសកម្មភាព​ជនបរទេស ឬជនជាតិខ្មែរ ចេញចូលឡើយ ​ព្រោះកម្ពុជាមាន​ច្រកអន្តរជាតិច្រើនហើយ​ ។ សម្តេចប្រមុខមហាផ្ទៃបានបន្តថា ​ការបិទច្រករបៀងគឺដើម្បីរក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់​ និង​ការពាររាល់​បទល្មើសឆ្លងដែននានា​ ​ដែលជនខិលខូចតែងប្រព្រឹត្តនា​ពេលកន្លងមក ​។ ដូច្នេះប្រសិនបើសកម្មភាព​ខាងលើជាការពិត​គឺជាទង្វើផ្ទុយទៅនឹងបទបញ្ជារបស់​សម្តេចក្រឡា​ហោម ស ខេង ​។ ក្រុមសហគមន៍ការពារព្រៃឈើ​បានចោទជាសំណួរថា ​ឬមួយក្រុមជនជាតិវៀតណាមទាំងនោះ ​ចេះ​បំបាំងកាយ​ចូលមកដីខ្មែរ ទើបសមត្ថកិច្ចឈរជើង​នៅ​តាមច្រករបៀងទាំងនោះ​មើលមិនឃើញ ។ ពាក់ព័ន្ឋទៅនឹងបញ្ហានេះដែរ ​មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើ ​និង សិទ្ធិ​មនុស្សនៃអង្គការអាដហុក បានអំពាវនាវដល់​​មន្ត្រីមានសមត្ថកិច្ច​ជំនាញទាំងអស់ ​ចាត់វិធានការផ្លូវច្បាប់​ចំពោះករណីនេះឲ្យបានហ្មត់ចត់​ និងគ្មានការលើកលែង​ចំពោះ​ជនល្មើស និង អ្នកពាក់ព័ន្ធ ៕