ភ្ញៀវ​ទេសចរ​​មកកម្សាន្ត​​ក្នុងខេត្តព្រះសីហនុ​​​​​ចំនួន១១.៦២៤០​នាក់ កើនឡើង​១,០៧%

ខេត្ត​ព្រះ​សីហ​នុ ៖ ​ភ្ញៀវ​ទេសចរ​​​ជាង​​១១​ម៉ឺន​នាក់ ​នៅ​តែ​បន្ត​សម្រុក​មកកម្សាន្ត​​នៅ​ខេត្ត​ព្រះ​សីហ​នុ​ បើ​ទោះបីជា​តម្លៃ​ផ្ទះសំណាក់ សណ្ឋា​គារ​មានការ​ឡើង​ថ្លៃ​បន្តិច​ក្តី ។ នេះ​បើ​យោង​តាម​តួលេខ​​ពី​​មន្ទីរ​​ទេសចរ​ណ៍​ប្រាប់​បណ្តាញ​ព័​ត៌​មាន ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១​​ មករា​ ​២០១៦ ​។

​លោក​នូ សុផល ប្រធាន​មន្ទី​ទេសចរ​ណ៍​ខេត្ត​ព្រះ​សីហ​នុបាន​​បញ្ជាក់​ថា នៅ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៥​ ឈាន​ចូល​ឆ្នាំ​២០១៦​នា​ឆ្នាំ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​​នៅ​តែ​បន្ត​សម្រុក​មកកម្សាន្ត​​យ៉ាងច្រើន​កុះករ ខណៈ​ដែល​ភ្ញៀវ​មួយ​ចំនួន ​បាន​ធ្វើ​ដំ​ណើរ​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត ដូច​ជា​ខេត្តសៀមរាប កំពត កែប ព្រះ​វិហារ​ជាដើម​ល​។​ល​។

​បើ​យោង​តាម​តួ​លេខ​ដែល​មន្ទី​រ​ទេសចរ​ណ៍​​បាន​ស្រង់​ក្នុង​ឱ​កាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​រយៈ​​ពេល​៣​ថ្ងៃ​នេះ គឺ​មាន​ភ្ញៀវ​សរុប​ចំនួន ១១៦.២៤០​នាក់ មានការ​កើនឡើង​ចំនួន១.០៧%​ បើ​ប្រៀបធៀប​ទៅ​នឹង​បុណ្យ​ឆ្លង​ឆ្នាំ​២០១៤​ ឈាន​ចូល​២០១៥ ​។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​​មាន​ចំនួន​៩៨.៧១០​នាក់ មានការ​​កើនឡើង​ចំនួន​០.៩៧% ភ្ញៀវ​អន្តរជាតិ​​មាន​ចំនួន​១៧.៥៣៩​នាក់​ មានការ​កើនឡើង​ចំនួន​១.៦៧%​ ។