រថយន្ត​បុក​គ្នា​បើក​រត់​ជិត​2​ម៉ោង ទើប​ចាប់​បាន

រាជធានី​ភ្នំពេញ ៖ រថយន្ត​១​គ្រឿង​ដែល​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត បាន​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត និង​បុក​ជាមួយ​រថ​យន្ត​វី​ហ្គោ​ខ្ទេច​មុខ​មួយ​ចំហៀង ហើយ​ព្យាយាម​បើក​រត់​ជិត​២​ម៉ោង ទើប​ចាប់​ឃាត់​បាន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា នៅ​មុខ​ផ្ទះ​លេខ​២០៦ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​អាយុប្រមាណ​៤០​ឆ្នាំ បើករថយន្ត​ម៉ាក​ហ៊ីលុ​ច វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២A-១២៧៤ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់​តេ​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២D-២៥៨២ ជិះ​ដោយ​បុរស​២​នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៧១​ដែរ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​និង​ក្នុង​ល្បឿន​លឿន បាន​ជែង​រថយន្ត​១​គ្រឿង​ទៀត ក៏​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូ​រ​របស់​រថយន្ត​វី​ហ្គោ បណ្តាល​ឲ្យ​បុក​ចំ​ពីមុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង ។  ក្នុង​ហេតុការណ៍​នេះ រថយន្ត​វី​ហ្គោ​បាន​ខ្ទេ​មុខ ចំហៀង​ខាងឆ្វេង​និង​វៀច​រ៉ូ​ទីល​ខាងឆ្វេង បើក​ទៅ​មុខ​លែង​រួច រីឯរ​យន្ត​ដែល​ឡង់​គ្រី​ស្ស័​របុក​បាន​បន្ថែម​ល្បឿន​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​វី​ហ្គោ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​រក​រថយន្ត​សន្ទូច​មក​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ហើយ​ខណៈ​ពេល​កំពុង​រៀបចំ​ស្ទូច​រថយន្ត​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​ដែល​ខូចខាត​ចំហៀង​ខាងឆ្វេង បើក​ត្រឡប់​មក​វិញ ។  ពេល​នោះ​ម្ចាស់​រថយន្ត​វី​ហ្គោ​ក៏​ដេញ​តាម​រហូត​ដល់​មុខ​ខារ៉ាអូខេ MEGA WORLD តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ទើប​ឃាត់​ចាប់​បាន​រថយន្ត​នោះ ។

បន្ទាប់​ពី​ចាប់​ឃាត់​បាន​ហើយ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ចរចា​គ្នា​ដោយ​រថយន្ត​ដែល​បុក​សុខចិត្ត​យក​រថយន្ត​ដែល​ខូចខាត​ទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់រឿង ៕