កម្មករ​ជាង ៥០០ នាក់ ស្នើសុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្តតាកែវ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ ដោះស្រាយ​បញ្ហា​របស់​ពួកគេ​

តាកែវ: ក្រុមកម្មករ​ដេរ​ស្បែកជើង នៅ​រោងចក្រ Strong Health នៅ​ឃុំ​ពត់​ស ស្រុក​បាទី ជាង ៥០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​នេះ បាននាំគ្នា​ទៅ​តវ៉ា​សាលា​ខេត្តតាកែវ ដើម្បី​ស្នើ​សុំឱ្យ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ដោះស្រាយ​នូវ​ការទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​របស់​ពួកគេ​។​

​លោក ញឹ​ង សំបូរ មន្ត្រី​សហជីព​ស្មារតី​កម្មករ តំណាងឱ្យ​ក្រុមកម្មករ​ទាំងអស់ បាន​ឲ្យ​ដឹងថា ក្រុមកម្មករ​ទាំងអស់ បាននាំគ្នា​ធ្វើ​កូដកម្ម ចំនួន ៤​ថ្ងៃ​មកហើយ ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន ១៦ ចំណុច​។ កូដកម្ម​នេះ ក៏មាន​ខាង​មន្ត្រី​មន្ទីរ​ការងារ ក៏បាន​ចុះទៅ​សម្របសម្រួល និង​ដោះស្រាយ​ដែរ ក៏ប៉ុន្តែ​ការដោះស្រាយ​នោះ​មិន​ទទួលបាន​លទ្ធផល ជា​វិជ្ជមាន ដែល​បងប្អូន​កម្មករ អាច​ទទួលយកបាន​នោះទេ​។ ហេតុ​ដូច្នោះ​ហើយ បានជា​បងប្អូន​កម្មក​រ​នាំគ្នា មកកាន់​សាលាខេត្ត​តាកែវ ដើម្បី​សុំឱ្យ​លោក​អភិបាល​ខេត្តតាកែវ ជួយ​អន្តរាគមន៍​ដោយ​ហៅ​ខាង​ថៅកែ​រោងចក្រ និង​ក្រុមកម្មករ មក​ជជែក​ពិភាក្សា​ដោះស្រាយ​គ្នា​។​

​លោក​បាន​បន្តថា បើ​មិនមាន​ការអន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​តាកែវ​នោះទេ ក្រុមកម្មករ នឹង​នាំគ្នា​ដង្ហែ​ក្បួន​ទៅកាន់​ក្រសួង​ការងារ ទៅកាន់​រដ្ឋសភា ព្រឹទ្ធសភា និង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​ដោះស្រាយ​ការទាមទារ​របស់ខ្លួន​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ការហែក្បួន​មកកាន់​សាលាខេត្ត​តាកែវ នៅ​ព្រឹក​មិញ​នេះ ក្រុមកម្មករ មិនបាន​ជួប​ជាមួយ​លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ នោះទេ ព្រោះ​លោក​អភិបាលខេត្ត មាន​ជាប់​ភារកិច្ច​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ជាមួយនឹង​សម្ដេច​ក្រឡាហោម ស ខេង ពាក់ព័ន្ធ​ទៅ និង​វិធានការ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​សាលាខេត្ត​តាកែវ បាន​ចេញមក​ទទួល​ញ​ត្តិ​ការទាមទា​មរ​បស់បង​ប្អូន​កម្មករ ហើយ​បាន​សន្យាថា នឹង​នាំ​ញត្តិ​នេះ ទៅ​ជួន​លោក​អភិបាលខេត្ត ពេល​លោក​ត្រលប់​ពី​ចូលរួម​ប្រជុំ​វិញ​៕

កម្មករ​ជាង ៥០០ នាក់ ស្នើសុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្តតាកែវ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ ដោះស្រាយ​បញ្ហា​របស់​ពួកគេ​

កម្មករ​ជាង ៥០០ នាក់ ស្នើសុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្តតាកែវ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ ដោះស្រាយ​បញ្ហា​របស់​ពួកគេ​