ប្រោះព្រំ​តាម​ដងផ្លូវ បញ្ជៀ​ស និង​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប៉ោយប៉ែត​

បន្ទាយមានជ័យ: នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត បានរៀបចំ​ពី​ធី​ខាង​ជំនឿ​សាសនា ដោយ​និមន្ត​ព្រះសង្ឃ​ពី ២៣​វត្ត ក្នុង​ក្រុង​សូត្រធម៌ ដេញ​ឧបទ្រពចង្រៃ​ឆ្នាំ​ចាស់​២០១៥ និង​ស្វាធ្យាយ​បង្កក់​ប្រសិទ្ធី​សិរី​សួស្តី​ឆ្នាំ​ថ្មី​២០១៦ ។ ក្នុងនោះ ផ្តោត​សំខាន់ កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ និង​សុខ​សប្បាយ​ចម្រុងចម្រើន​។​

ពិធី​នោះ បានធ្វើ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​អាសន​:​លោកយាយ​ម៉ៅ និង​លោកតា​កុមារ​ដំបង​ពេជ្រ ដើម​ពោធិ៍ ៣​ដើម នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៥ ដោយមាន​លោក​វរសេនីយ៍ អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត សហការី និង​មានការ​ចូលរួម​ពី​មន្ត្រី​ក្រុមប្រឹក្សា មន្ត្រី​អាជ្ញាធរ ព្រមទាំង​ពុទ្ធបរិស័ទ​រាប់រយ​នាក់ មកពី​ក្រុង និង​សង្កាត់​ទាំង​៣ គឺ​សង្កាត់​ប៉ោយប៉ែត ផ្សារកណ្តាល និង​និមិត្ត​។​
   
​អាចារ្យ​ដឹកនាំ​ពិធី បានអោយដឹងថា ពិធី​នោះ មាន​លក្ខណ​:​ជំនឿ​ផង និង​សាសនាព្រះពុទ្ធ​ផង ព្រហ្មញ្ញសាសនា​ផង ដូចជា មានការ​អុជ​ធូប​ទៀន ថ្វាយ​គ្រឿង​សក្ការ​:​បូជា ថ្វាយ​គ្រឿង​ភស្តុភារ ចំពោះ​វត្ថុ​ស​ក្ត័​សិទ្ធិ​ទាំងឡាយ ចំពោះ​ព្រះ​ភូមិករ ព្រះធរណី​ម្ចាស់​ទឹក​ម្ចាស់​ដី​ភ្លើង​ខ្យល់ អ្នកតា​ចាស់​ស្រុក គឺ​លោកយាយ​ម៉ៅ និង​លោកតា​កុមារ​ដំបង​ពេជ្រ ដែល​ឬ​ទ្ធី​អំណាច​ល្បី​ពូកែ​មាន​អាសន​:​នៅ​ទីនោះ​ផង​។​
 
​សូត្រ​សែក​បែប​ព្រហ្មញ្ញសាសនា​បណ្តេញ​ខ្មោច​ព្រាយ​បិសាច អភូត​ឧបទ្រពចង្រៃ​អុត​ត្បា​ត​គ្រោះកាច គ្រោះថ្នាក់​មហន្តរាយ​.. ក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​សាកល ២០១៥​។

​អាជ្ញាធរ​សមត្ថកិច្ច បាន​និមន្ត​ព្រះសង្ឃ ២៣​អង្គ ជា​តំណាង​វត្ត​ទាំងអស់ ក្នុង​ក្រុង​ប៉ោយប៉ែត​សូត្រ​ស្វាយ​ធ្យា​យ​ជ័យ​ន្តោ ចម្រើន​ព្រះ​បរិ​ត្តុ បង្កក់​ប្រសិទ្ធី​ចម្រើន​ជោគ​ជ​ត្តា​រាសី មង្គល​រុងរឿង​បវរ​មហាប្រសើរ មាន​លាភ​មានយស មាន​សាមគ្គីភាព ឯកភាព​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៦​តទៅ​ចំពោះ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ថ្នាក់ដឹកនាំ​ក្នុង​ក្រុង​ក៏​ដូច​ក្នុង​ខេត្ត​និង​ក្នុងប្រទេស​។​

 ពិសេស​គឺ​សូម​បួង​ក្នុង​ឆ្នាំ​ថ្មី អោយ​គ្រោះថ្នាក់​ចរាចរណ៍ ស្រកស្រុត​ថយចុះ​កាត់បន្ថយ និង​លុបបំបាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់ និង​គ្រោះមហន្តរាយ​នានា​។​
 
 អ្នកចូលរួម​ទាំងឡាយ និង​លោក​វរសេនីយ៍ អ៊ុំ សុផល បាន​ប្រគេន​គ្រឿង​សក្ការ​: និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​។ ព្រះសង្ឃ បាន​ប្រោះព្រំ​នៅ​នឹង​ទី​ប្រារព្ធ​ពិធី ហើយ​បន្ត​ប្រោះព្រំ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​ដល់​រង្វង់​មូល​ប៉ោយប៉ែត​។​
    
​ទាក់ទិន​បរិមាណ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​លោក​វរសេនីយ៍ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ អោយដឹង​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦​ថា ក្នុង​ឆ្នាំ​២០១៥ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​ថយចុះ​បន្តិចបន្តួច គឺមាន​ចំនួន ២៨៨​ករណី ថយចុះ ១៨​ករណី ឬ​៦​ភាគរយ​។ ក្នុងនោះ ក្រុង​ប៉ោយប៉ែត មាន ១០០​ករណី ព្រះនេត្រព្រះ ៤៩​ករណី​មង្គល​បូរី មាន​៤៤​ករណី ស្វាយចេក ២៤​ករណី ស្រុក​អូរជ្រៅ​មាន ១០​ករណី ម៉ាឡៃ ៧​ករណី ។ គ្រោះថ្នាក់​ទាំងនោះ បង្ក​ឲ្យ​ស្លាប់​មនុស្ស ១៣៥​នាក់ (​ឆ្នាំ​២០១៤ ស្លាប់ ១៤៧​នាក់​) របួសធ្ងន់ ២៣៨​នាក់ (​ឆ្នាំ​២០១៤ ២៥៨​នាក់​)​។ ក្នុងនោះ ខូចខាត​យានយន្ត​ធ្ងន់ ១៤៨ គ្រឿង ស្រាល ១៥៣ គ្រឿង ក្នុងនោះ រថយន្ត ៥៧ គ្រឿង និង​អ្នកចូលរួម​គ្រោះថ្នាក់ ចំនួន ៥៨៧ នាក់ ។​
   
​លោក សួន នី​ប៉ូ បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​កើតឡើង​រវាង​ឡានតូច និង​ម៉ូតូ​។ បន្ទាប់មក រវាង​ម៉ូតូ និង​ម៉ូតូ​។ រីឯ​មូលហេតុ និង​កត្តា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ ភាគច្រើន គឺ​ផ្ទុក​លើស​ចំណុះ​៕

ប្រោះព្រំ​តាម​ដងផ្លូវ បញ្ជៀ​ស និង​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប៉ោយប៉ែត​

ប្រោះព្រំ​តាម​ដងផ្លូវ បញ្ជៀ​ស និង​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប៉ោយប៉ែត​

ប្រោះព្រំ​តាម​ដងផ្លូវ បញ្ជៀ​ស និង​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប៉ោយប៉ែត​