ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ជំរុញ​អភិបាលខេត្ត បង្កើន​ការដោះស្រាយ​បញ្ហា​ទឹក និង​សុវត្ថិភាព​សាធារណ​:

បន្ទាយមានជ័យ: ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បាន​លើកទឹកចិត្ត និង​ទទួលស្គាល់​ការខិតខំ​បំពេញភារកិច្ច ហើយ​ជំរុញ​អោយ​គណ​:​អភិបាលខេត្ត និង​ជំនាញ​ពាក់ព័ន្ធ បង្កើន​ការយកចិត្តទុកដាក់ ទទួលខុសត្រូវ និង​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជូន​ពលរដ្ឋ គឺ​បញ្ហា​ទឹក សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​សាធារណ​:​។​

​នេះ​ជាការ​លើកឡើង ក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​។​
      
​ក្នុងពេលនោះ ក្រុមប្រឹក្សា​ក៏​ប្រកាស​ទទួលស្គាល់ និង​អោយចូល​បំពេញការងារ​របស់លោក​ស្រី គឹម ក​ញ្ច​នា សមាជិក​ថ្មី​នៃ​ក្រុមប្រឹក្សា​ខេត្ត ជំនួស​កៅអី​លោក ប៉ុក សា​លុយ ដែល​ទទួលមរណភាព​។ ដូច្នេះ ក្រុមប្រឹក្សា​នេះ មាន​សមាជិក​ជា​ស្ត្រីភេទ​ចំនួន ២​នាក់​ហើយ​។ លោក អ៊ុក សឿន សមាជិក​បាន​លើក​សង្ខេប​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​មុន​។​
   
​ចំណែក​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ បាន​ដាក់អោយ​សមាជិក​អនុម័ត​កំណត់ហេតុ​នោះ និង​ឆ្លង​ពិភាក្សា​របាយការណ៍ ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៥ ស្តីពី ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​។​
 
​ចំណែក​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត ស្នើ​ឲ្យ​អោយ​សមាជិក​អង្គប្រជុំ​ចាប់អារម្មណ៍ និង​បន្ត​អនុវត្ត​ត​ពី​ផែនការ ដែល​លើកឡើង​ក្នុង​ប្រជុំ​សាមញ្ញ លើក​ទី​១៨ គឺ​បញ្ហា​កសាង​អភិវឌ្ឍន៍​ខេត្ត ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស បញ្ហា​អនាម័យ​សម្រាម សេវា​សុខភាព​មានគុណ​ភាព បញ្ហា​កសិផល គ្រឿងញៀន​។​
 
​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​លោក​អភិបាលខេត្ត លើកឡើងថា ត្រូវ​ត្រៀម និង​អនុវត្ត​អោយបាន​ល្អ​នូវ​ការត្រួតពិនិត្យ រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ប័ណ្ណបើកបរ និង​លិខិតបទដ្ឋាន​យានយន្ត​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​ធំៗ​ជាច្រើន​ទៀត​។ ក្នុងនោះ ភាគី​ពាក់ព័ន្ធ ក៏ត្រូវ​អនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។​
 
​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​សាទរ​នឹង​លទ្ធផល​ការងារ ហើយ​ស្នើអោយ​រដ្ឋបាលខេត្ត រួមទាំង​មន្ទីរ អង្គភាព​ជំនាញ​នានា បន្ត​ពង្រឹង​ជំរុញ​អនុវត្ត​បញ្ហា​ធំៗ​អោយបាន​លទ្ធផល និង​មាន​ប្រសិទ្ធិភាព ដូចជា ការងារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណ​:​។ ការទប់ស្កាត់​បទល្មើស​នានា រួមមាន គ្រឿងញៀន អំពើ​លួច​ប្លន់​។ ឯ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បង្កើន​អោយ​កាន់តែខ្លាំង ដើម្បី​កាត់បន្ថយ​។ ចំពោះ​បញ្ហា​បង្កបង្កើនផល​រដូវប្រាំង បញ្ហា​ទឹក​ស្រោចស្រព ទឹក​បរិភោគ និង​ប្រើប្រាស់ ត្រូវ​សកម្ម ក្នុងការ​ដោះស្រាយ និង​ត្រៀម​បម្រុង​បន្ថែមទៀត​៕

ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ជំរុញ​អភិបាលខេត្ត បង្កើន​ការដោះស្រាយ​បញ្ហា​ទឹក និង​សុវត្ថិភាព​សាធារណ​:

ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ជំរុញ​អភិបាលខេត្ត បង្កើន​ការដោះស្រាយ​បញ្ហា​ទឹក និង​សុវត្ថិភាព​សាធារណ​:

ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ជំរុញ​អភិបាលខេត្ត បង្កើន​ការដោះស្រាយ​បញ្ហា​ទឹក និង​សុវត្ថិភាព​សាធារណ​: