សាលា​រាជធានី​ភ្នំពេញ​រៀបចំ​ពិធី​តាម​បែប​សាសនា ដើម្បី​ឡើង​អគារ​រដ្ឋបាល​ថ្មី​ដែល​ទើប​សាងសង់​រួច

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​បាន​រៀបចំ​ពិធី​តាម​បែប​សាសនា ដើម្បី​ឡើង​អគារ​រដ្ឋបាល​ថ្មី​ដែល​ទើប​សាងសង់​រួច​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ស្របគ្នា​នឹង​ការ​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៦ ផង​ដែរ ដែល​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​០១ មក​រា ២០១៦ នេះ  ដោយ​មាន​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត សូត្រ​មន្ត​សុំ​សេចក្តីសុខ សេចក្តីចំរើន​ក្នុង​ឆ្នាំ​ថ្មី​។

សមិទ្ធិ​ផល​ដែល​បាន​កើត​មាន​ឡើង​នា​ពេល​នេះ រួម​មាន អគារ​រដ្ឋបាល​កម្ពស់​១២​ជាន់​, ចំណតរថយន្ត​ក្រោម​ដី​ចំណុះ​៣០០​គ្រឿង​, ហេដ្ឋារចនាសម្ព័ន្ធ​ក្រៅ​អគារ រួម​ទាំង​គ្រឿង​បរិក្ខា​បំពាក់​ផង​ដែរ​។ នេះ​ជា​អគារ​រដ្ឋបាល​ថ្មី​លើក​ដំបូង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មាន​កម្ពស់​រហូត​ដល់​១២​ជាន់ និង​បាន​ក្លាយជា​ការិយាល័យ​ធ្វើការ​របស់​មន្ត្រីរាជការ មាន​លក្ខណៈ​ស្អាត​សមរម្យ​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា មាន​លក្ខណៈ​ធំ​ទូលាយ​លែង​ចង្អៀត​ដូច​មុន និង​មាន​កន្លែង​ចត​រថយន្ត​ត្រឹមត្រូវ​ដែល​បាន​ដំណើរការ​សាងសង់​តាំងពី​ឆ្នាំ​២០១៤​មក​។

មន្ត្រីរាជការ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​តាម​ការិយាល័យ​នីមួយ​ៗ​បាន​ប្តូរ​ទីតាំង​ពី​ការិយាល័យ​នៃ​អគារ​ចាស់​មក​អគារ​ថ្មី​ជា​បណ្តើរ​ៗ​ហើយ​។ ការ​សាងសង់​អគា​រដ្ឋបាល​ថ្មី​នេះ ក៏​ជា​ការ​ជំ​រះ​នូវ​មន្ទិល​សង្ស័យ​នានា​ដែល​លើក​ឡើង​ថា ទីតាំង​សាលា​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ត្រូវ​បាន​គេ​លក់​ហើយ និង​ត្រូវ​ប្តូរ​ទីតាំង​ទៅ​ជាយក្រុង​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តាម​ការ​គ្រោងទុក​អគារ​រដ្ឋបាល​ថ្មី និង​ចំណតរថយន្ត​ក្រោម​ដី​ដែល​ទើប​សាងសង់​រួច​នេះ នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើម​ខែមេសា ឆ្នាំ​២០១៦ ឬ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។

លោក​អភិបាល​មាន​ប្រសា​ស​ន៏​ថា ទោះបី​ការ​អភិវឌ្ឍន៍​មិន​ទាន់​បាន​ដូច​បំណង តែ​យើង​មាន​មោទនៈភាព​ដែល​អភិបាល​រាជធានី​ភ្នំពេញ​គ្រប់​ជំនាន់​សុទ្ធតែ​បាន​ខិតខំ​អភិវឌ្ឍ​ន៏​ទីក្រុង​ភ្នំពេញ​ឲ្យ​ចេញពី​ទីក្រុង​ខ្មោច​កាលពី​ឆ្នាំ​១៩៧៩ បាន​ប្រែក្លាយ​មក​ជាទី​ក្រុង​មួយ​មាន​សមត្ថភាព​ប្រកួតប្រជែង​បាន​ក្នុង​តំបន់​នៅ​ពេល​នេះ​៕