នគរបាល ​ឃាត់ខ្លួន​អនុប្រធាន​ភូមិ ​និង​ប្រពន្ធ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

ភ្នំពេញ:  អនុប្រធាន​ភូមិ​ ដែលជា​អ្នករកស៊ី​ទិញ​លក់​ដី ២​នាក់​ប្តី​ប្រពន្ធ កាលពី​ព្រឹក​ថ្ងៃទី​១ មករា ២០១៦ ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ការិយាល័យ​ស៊ើប​ការណ៍ នៃ​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ចាប់ខ្លួន​បញ្ជូន​​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពីបទ​​រំលោភ​លើ​ទំនុកចិត្ត​។​

​សមត្ថកិច្ ច​បានអោយដឹង​ថា ​ប្តី​ឈ្មោះ​ ណែម ណាន អាយុ ​៤៧​ឆ្នាំ មុខរបរ​ជាអនុ​ប្រធានភូមិ និង​ប្រពន្ធ​ឈ្មោះ ​តេង សុខ​ជា អាយុ​៥៣ ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិស្លែង ឃុំ​ត្រ​ពាំ​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

 ប្តី​ប្រពន្ធ​២​នាក់​នោះ​ ត្រូវ​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពីវេលា​ម៉ោង ​១០ និង​២០ នាទី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ចំណុច​ហាងលក់​កាហ្វេ ផ្លូវបំបែក​ជិត​គល់ស្ពាន​៧ មករា ស្ថិតនៅ​ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹងខេត្តកណ្តាល ដែលមាន​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ​សុខខេមរិន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួង និង​យោងតាម​ដីការបង្គាប់​ឲ្យ​នាំខ្លួន​លេខ​៧៩៩ ត​.​ព្រ និង​លេខ ៨០០ ត​.​ព្រ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៥ របស់លោក​ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ចោទប្រកាន់​ប្តី និង​ប្រពន្ធ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។​

 បទល្មើស​នេះ​ជនសង្ស័យ​ជា​អនុប្រធាន​ភូមិ និង​ប្រពន្ធ បាន​ប្រព្រឹត្ត​ពីថ្ងៃ​ទី​១៧ ខែតុលាឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ ។ ពុំមាន​ប្រភពព័ត៌មាន​បញ្ជាក់​ពី​អង្គហេតុ នៃការចាប់ខ្លួន​អនុប្រធាន​ភូមិ និង​ប្រពន្ធ ពាក់​ពន្ធ​បទ​រំលោភ​ទំនុកចិត្ត​នោះទេ សម​ត្តកិច្ច​គ្រាន់តែ​បង្ហើប​ថា ជាការ​អនុវត្តតាម​ដី​បញ្ជារ​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរតែប៉ុណ្ណោះ ៕P/R​