អ្នករត់ម៉ូតូឌុប ត្រូវមាន​មួកសុវត្ថិភាព​ពីរ មួយ​សម្រាប់​ខ្លួនឯង និង​មួក​មួយទៀត សម្រាប់​ភ្ញៀវ ឬ​ម៉ូយ​

ភ្នំពេញ: ​ចាប់ពី​ថ្ងៃទី​១​មករា​នេះ​តទៅ អ្នករត់ម៉ូតូឌុប​ទាំងអស់ ត្រូវតែមាន​មួកសុវត្ថិភាព​ចំនួន​ពីរ​។ មួកសុវត្ថិភាព​មួយ សម្រាប់​អ្នករត់​ម៉​តូ​ឌុប ពាក់​ខ្លួនឯង​ពេល​បើកបរ​។ ចំណែក​មួក​មួយទៀត គឺ​សម្រាប់​ឲ្យ​ភ្ញៀវ ឬក៏​ម៉ូយ អ្នកជិះ​ម៉ូតូឌុប​របស់ខ្លួន ពាក់​។​

​ការធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ស្របតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ​។ ក្នុង​មាត្រា ៦ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក បានកំណត់​ឲ្យ​អ្នកបើកបរ​ទោចក្រយានយន្ត ( ម៉ូតូ ) និង​អ្នករួមដំណើរ ព្រមទាំង​កុមារ ដែលមាន​អាយុ​ពី ៣ ឆ្នាំ​ឡើងទៅ ត្រូវ​ពាក់មួក​សុវត្ថិភាព​។ ម៉ូតូ​មួយគ្រឿង​ជិះ​បានតែ​គ្នា​ពីរ​នាក់​ប៉ុណ្ណោះ នោះ​គឺ​អ្នកបើកបរ​ម្នាក់ និង​អ្នកជិះ​ពីក្រោយ​ម្នាក់​។ ចំណែក​អ្នកបើកបរ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​អ្នកបើកបរ​ត្រីចក្រយានយន្ត ក៏ត្រូវ​ពាក់មួក​សុវត្ថិភាព​ផងដែរ​។

​ការពាក់​មួកសុវត្ថិភាព ក៏ត្រូវ​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ស្តង់ដារ​ជាតិ ដោយ​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​ត្រឹមត្រូវ​ផងដែរ​។ បើសិនជា មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ជាតិ ឬ​ពាក់មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព នោះ​នឹងត្រូវ​ប៉ូលិស​ផាកពិន័យ ចំនួន ១៥០០០ រៀល​។​

​ដូច្នេះ ក្នុងករណី បើ​អ្នករត់ម៉ូតូឌុប មិនមាន​មួកសុវត្ថិភាព សម្រាប់​ឲ្យ​អ្នកជិះ​ពាក់​ទេ នោះ​អ្នករត់ម៉ូតូឌុប នឹងត្រូវ​ខាតបង់ ចូល​ដើម ព្រោះ​បើ​ត្រូវ​ប៉ូលិស ចាប់​ផាកពិន័យ នឹងត្រូវ​បង់ថ្លៃ ចំនួន ១៥០០០ រៀល​។ រីឯ​តម្លៃ​ឈ្នួល​ឌុប​វិញ គឺអាច​នឹង​បាន​ក្រោម ១៥០០០ រៀល​ប៉ុណ្ណោះ​៕​

អ្នករត់ម៉ូតូឌុប ត្រូវមាន​មួកសុវត្ថិភាព​ពីរ មួយ​សម្រាប់​ខ្លួនឯង និង​មួក​មួយទៀត សម្រាប់​ភ្ញៀវ ឬ​ម៉ូយ​
ច្បាប់ចរាចរណ៍ផ្លូវគោក ដែលអនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០១៦ តទៅ បានតម្រូវឲ្យជិះម៉ូតូបានតែពីរនាក់ និងត្រូវពាក់មួកសុវត្ថិភាព​ទាំងអស់គ្នា