វៀតណាម រារាំង អ្នកលេងអ៊ីនធឺណិត ពីការអានសារ បង្ហោះ បង្អាប់ដល់ បក្សកុម្មុយនិស្ត របស់ខ្លួន

បចេ្ចកវិទ្យា៖ កាលពីថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលប្រទេសវៀតណាម បានព្យាយាមរារាំង អ្នកប្រើប្រាស់អ៊ីនធឺណិត ពីការអានសារបង្ហោះលើវិបសាយ ដែលបង្អាប់ គណបក្សកុម្មុយនិស្ត របស់ខ្លួន ដោយព្រួយបារម្ភពីការកើនឡើង សកម្មភាពបំពុល មុនការប្រជុំបក្ស ដើម្បីបោះឆ្នោតផ្លាស់ប្ដូរមេដឹកនាំ ដែលនឹងមកដល់ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។

រដ្ឋាភិបាល នៃប្រទេសនេះបានសន្យាថា នឹងវាយប្រហារលើទំព័រ Facebook ដែលកើតឡើងថ្មីៗ ហើយធ្វើការទិតៀនមកលើ គណបក្សរបស់ខ្លួន តាមបណ្ដាញសង្គម ដោយការទិតៀននេះភាគច្រើន គឺមានប្រភពចេញពីក្រៅប្រទេស។

“ទំព័រទាំងនេះតែងលើកឡើងផ្ទុយពីការពិត និងនិយាយអាក្រក់អំពីមេដឹកនាំនៃគណបក្សរបស់យើង រួមទាំងរដ្ឋាភិបាល និងគោលនយោបាយច្បាប់”។ នេះជាការលើកឡើងរបស់លោក Truong Minh Tuan អនុរដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន និងសារគមនាគមន៍ នៅក្នុងសារដែលបង្ហោះលើទំព័រ Facebook។

ការគ្រប់គ្រង លើប្រព័ន្ធអ៊ីនធឺណិត ជាពិសេសបណ្ដាញសង្គម បានក្លាយជារឿងពិបាកមួយ សម្រាប់គណបក្ស  ដែលកាន់កាប់ប្រទេសនេះ អស់ជាង ៤០ឆ្នាំទៅហើយនោះ ហើយប្រសិនបើកំណត់ច្បាប់ គ្រប់គ្រងវិបសាច តឹងរ៉ឹងតាមស៊ីលចិន នោះសាធារណៈជន អាចនឹងមានការអន់ចិត្ត។

គួរបញ្ជាក់ថា ប្រព័ន្ធអ៊ីនធឺណិតនៅ ប្រទេសវៀតណាម មានអ្នកប្រើប្រាស់យ៉ាងច្រើន ពោលគឺមាន ៤៩ភាគរយ នៃប្រជាជនប្រមាណ ៩០លាននាក់ ដែលប្រើប្រាស់ ហើយក្នុងចំណោមនោះ មានពីរភាគបី ដែលមានវ័យក្រោម ៣០ឆ្នាំ៕

ប្រភព៖ សប្បាយ (http://news.sabay.com.kh/)

វៀតណាម រារាំង អ្នកលេងអ៊ីនធឺណិត ពីការអានសារ បង្ហោះ បង្អាប់ដល់ បក្សកុម្មុយនិស្ត របស់ខ្លួន