ជនជាតិ​វៀតណាម​បន្ត​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី

សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី រក​ឃើញ​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ព្រៃ​ការពារ​មណ្ឌលគិរី។ ជនជាតិ​វៀតណាម ទាំង​នោះ​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​សហគមន៍ គ្រា​ក្រុម​ល្បាត​ស្ទាក់​ចាប់​បាន​គ្រឿងយន្ត និង​សម្ភារៈ​កាត់​ឈើ​របស់​ពួកគេ។

ម៉ាស៊ីន​គោយន្ត​ពីរ​គ្រឿង ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង ម៉ូតូ​១០ រួម​ទាំង​ឈើ​ជា​ច្រើន​គំនរ​ត្រូវ​បាន​សហគមន៍​ភូមិ​លំមេះ និង​ភូមិ​ពូលុ រឹប​អូស​ពី​ជនជាតិ​វៀតណាម មួយ​ក្រុម កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខណៈ​​ជនជាតិ​វៀតណាម ទាំង​នោះ​រត់​គេច​ខ្លួន​ពី​ការ​ស្ទាក់​ចាប់​ពី​ក្រុម​ល្បាត​ព្រៃ​សហគមន៍។

តំណាង​សហគមន៍​លោក ថ្លាង ថូ រៀបរាប់​ថា សហគមន៍ ២៧​នាក់ បាន​ចុះ​ល្បាត​ព្រៃ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ក៏​ប្រទះ​ឃើញ​ស្នាម​ដឹក​ជញ្ជូន​ឈើ ទើប​ក្រុម​ល្បាត​ពួន​ឃ្លាំមើល​រហូត​ពេល​យប់​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម មួយ​ក្រុម​ប្រដាប់​ដោយ​គោយន្ត ម៉ាស៊ីន​កាត់​ឈើ ម៉ូតូ​រាប់​សិប​គ្រឿង​កំពុង​នាំ​គ្នា​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​មណ្ឌលគិរី ចំណុច​អូរ​ប៉ុល ចម្ងាយ​ប្រមាណ​ជាង ១០​គីឡូម៉ែត្រ ពី​ឃុំ​ប៊ូស្រា។

លោក​បន្ត​ថា ជនជាតិ​វៀតណាម ទាំង​នោះ​បាន​បាញ់​កាំភ្លើង​បី​គ្រាប់ គំរាម​មិន​ឲ្យ​អ្នក​ភូមិ​ចាប់​ខ្លួន​ពួកគេ ខណៈ​ពួកគេ​បាន​ព្យាយាម​រត់​ចោល​គ្រឿងយន្ត ម៉ាស៊ីន​កាត់​ឈើ ម៉ូតូ និង​គំនរ​ឈើ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ព្រៃ៖ «ជនល្មើស​ឃើញ​ពួក​ខ្ញុំគេ​រត់​ទាំង​អស់ ហើយ​ម៉ាស៊ីន​ម៉ូតូ​គេ​ផ្ដួល​ទាំង​អស់។ ជាង ១០​នាក់ ហើយ​ម៉ូតូ​​ប៉ុន្មាន​គ្រឿង។ យប់មិញ​ហ្នឹង​ស្មាន​តែ​បាន​យួនៗ​ទាំង​អស់ ហើយ​គេ​បាន​បាញ់​គំរាម​បី​គ្រាប់»

លោក ថ្លាង ថូ ឲ្យ​ដឹង​ដែរ​ថា ដោយសារ​យប់​ងងឹត​ខ្លាំង អ្នក​ភូមិ​បារម្ភ​ពី​សុវត្ថិភាព ទើប​ពួកគេ​សម្រេច​នាំ​យក​គោយន្ត​ពីរ​គ្រឿង​ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ត្រឡប់​មក​ភូមិ​វិញ។ ដោយ​ឡែក​ឈើ​ជ្រុង​ប្រភេទ​ឈើ​គគីរ ដែល​ជនជាតិ​វៀតណាម លួច​អារ​ក្នុង​ព្រៃ និង​ម៉ូតូ ១០​គ្រឿង​ទៀត អ្នក​ភូមិ​ទុក​ចោល​នៅ​កន្លែង​កើត​ហេតុ​ដោយសារ​គ្មាន​មធ្យោបាយ​ដឹក​ជញ្ជូន​មក​បាន។

​ទាក់ទង​ទៅ​នឹង​ការ​រក​ឃើញ​បទល្មើស​ព្រៃឈើ​ដោយ​ក្រុម​ល្បាត​សហគមន៍​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​ថា សហគមន៍​មិនទាន់​ផ្ដល់​ព័ត៌មាន​នេះ​មក​មន្ត្រី​ព្រៃឈើ​នៅ​ឡើយ។ យ៉ាង​ណា​លោក​ថា នឹង​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ករណី​នេះ។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​១ ខែ​មករា តំណាង​សហគមន៍​អះអាង​ថា ពួកគេ​កំពុង​ធ្វើ​របាយការណ៍ និង​ប្រគល់​វត្ថុ​តាង​ដែល​សហគមន៍​រឹប​អូស​ជូន​នគរបាល​រដ្ឋបាល​ឃុំ​ប៊ូស្រា រក្សា​ទុក​ជា​បណ្ដោះអាសន្ន។

យ៉ាងណា​ក៏ដោយ​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ព្រៃឈើ​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​អភិរក្ស។ លោក​ថា សហគមន៍​នឹង​រៀបចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ដើម្បី​សុំ​ឲ្យ​​ស្ថាប័ន​នេះ​ស៊ើប​អង្កេត​រក​ជន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន៖ «រឿង​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​ច្រើន​ករណី​បែប​ហ្នឹង​នៅ​ក្នុង​ឃុំ​ប៊ូស្រា គ្រប់​សហគមន៍​ទាំង​៧ គាត់​បាន​ឃាត់​វត្ថុតាង​បទឧក្រិដ្ឋ គួរ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​សហគមន៍​ឲ្យ​បាន​ដិត​ដល់»

កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ សហគមន៍​ឃុំ​ក្រង់តេះ ស្រុក​ពេជ្រាដា បាន​រាយការណ៍​ថា ក្រុម​ល្បាត​សហគមន៍​រក​ឃើញ​ជន​ជាតិ​វៀតណាម ជា​ច្រើន​ក្រុម​កំពុង​កាប់​យក​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ការពារ​មណ្ឌលគិរី ជាប់​តំបន់​ព្រំដែន។ ចំណែក​មន្ត្រី​ព្រៃឈើ​ទទួល​ស្គាល់​ដែរ​ថា បាន​ចុះ​បង្ក្រាប​ករណី​នេះ និង​រឹប​អូស​បាន​ត្រាក់ទ័រ​មួយ​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។