របាំ​ខ្មែរ​ច្រើន​ទម្រង់​សម្តែង​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សាកលរៀបចំ​ដោយ​លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង​សុំ​សិរី​សួស្តី

ខេត្តកណ្តាល ៖ នា​ឱកាស​ឆ្លង​ឆ្នាំ​សាកល​ឈាន​ចូល​ឆ្នាំ​ថ្មី​២០១៦ លោក​ជំទាវ​ឧកញ៉ា​សៀង  ចាន់​ហេង បាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​តាម​បែប​ព្រះពុទ្ធ​សាសនា ព្រមទាំង​បង្ហាញ​របាំ​ប្រពៃណី​ជូន​អ្នកចូលរួម​ទស្សនា​កម្សាន្ត​។  ពិធី​នោះ​រៀបចំ​កាលពី​រាត្រី​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ ឈាន​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល ២០១៦ នៅ​ភូមិ​គ្រឹះ​របស់​លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ការ​ប្រារព្ធ​រៀបចំ​ពិធី​បែប​សាសនា និង​បង្ហាញ​របាំ​ខ្មែរ គឺ​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា និង​លើកកម្ពស់​ផ្នែក​សិល្បៈ​របាំ​ខ្មែរ ព្រមទាំង​ដើម្បី​សុំ​លាភ​ជ័យ និង​សេចក្តីសុខ​សម្រាប់​ពេញ​មួយ​ឆ្នាំ​ថ្មី ២០១៦ ។ របាំ​ប្រកបដោយ​អត្ថន័យ​បង្ហាញ​ពី​សិរី​សួស្តី​ត្រូវ​បាន​សិល្បករ​សម្តែង​យ៉ាង​រស់​រវើក​គាប់​ភ្នែក​ទស្សនិកជន ។ សិល្បៈ​របាំ​ដែល​សម្តែង​រួម​មាន​របាំ​ជូនពរ របាំ​មុនី​មេខលា របាំ​គោះត្រឡោក របាំ​គែន និង​របាំ​ប្រមូល​ផល​ជាដើម ។

លោក​ជំទាវ​សៀង ចាន់​ហេង​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​លោក​ជំទាវ​តែងតែ​រៀបចំ​ពិធីបួងសួង​សុំ​សិរី​សួស្តី​មិន​ដែល​ខាន​ទេ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ផ្ទេរតំណែង​ទេវតា ប៉ុន្តែ​ពេល​នេះ​រៀបចំ​សម្រាប់​ឆ្លង​ឆ្នាំ​សាកល​ជា​លើក​ទី​១ ។ «​ការ​រៀបចំ​ឡើង​ព្រោះ​សម័យនេះ​ជា​សម័យ​របស់​សម្តេច​តេ​ជោ អ្វី​ក៏​មានការ​រីក​ចម្រើន​លូតលាស់ អ្វី​ក៏​ជឿនលឿន ទើប​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ។ ធ្វើ​ពិធីបួងសួង​ឆ្លង​ឆ្នាំ​នេះ គឺ​ចង់បាន​សុខ​ចម្រើន​សក្តិ​សិទ្ធិ និង​ធ្វើ​យ៉ាងណា​ចង់​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​កុំ​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា ឲ្យ​មានការ​រុងរឿង សម្បូរ​សប្បាយ ។ ពិធីបុណ្យ​អ្វី​ក៏​ដោយ​ហាក់​បង្ហាញ​ពី​ការ​ជួបជុំ ស្និទ្ធស្នាល​រួបរួម​ជួប​កូនចៅ បងប្អូន​សប្បាយ​ទាំងអស់​គ្នា ។ តាម​ការណ៍​ពិត​បើ​និយាយ​ពី​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា គឺ​ហាក់​មាន​ជំនឿ​រឹង​មាំ ព្រោះថា​ខ្មែរ​យើង​មិន​សាបសូន្យ​ទេ​នូវ​ប្រពៃណី​ខ្មែរ ផ្នែក​ជំនឿ និង​ព្រះពុទ្ធ​សាសនា ហើយ​ជឿ​លើ​ព្រះពុទ្ធ​សាសនា នោះ​នឹង​រុងរឿង មានបាន ។ អុ​ី​ចឹ​ង​ហើយ​រៀង​រាល់​ពិធី​ខ្មែរ​យើង​តែងតែ​ធ្វើ​ពិធី​ក្រុង​ពលី​សក្ការបូជា ឱ្យ​បាន​សុខសាន្ត​សម្រាប់​គ្រួសារ​ក៏​ដូច​ជា​ប្រទេស​ជាតិ ។ រាល់​ពិធី​អ្វី​ក៏​ដោយ​ខ្ញុំ​មិន​ដែល​ចោល​ឡើយ គឺ​សុំ​ម្ចាស់​ទឹកដី រៀប​បាយសី អាសនៈ​បូជា​ដល់​បារមី​គ្រប់កន្លែង​ជាដើម ។ ឆ្លៀត​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​សូម​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​ការពារ​ប្រជាជន​យើង ហើយ​អ្វី​ដែល​មិនល្អ​សូមកុំ​កើត​មាន គឺ​កើត​មាន​តែ​អ្វី ល្អ​ៗ​ហើយ​មានបាន​ទាំងអស់​គ្នា​កុំ​មាន​ហិង្សា​រវាង​គ្នា​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​» ។ លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង ថ្លែង​បែប​នេះ ។

ព្រះ​តេជគុណ​នី​សុវណ្ណ មុនី​រ៉េ​ត ព្រះ​គ្រូ​មុនី​ស​ត្ថា​សុ​ខុ​មោ ទីប្រឹក្សា​សម្តេចព្រះ​សង្ឃនាយក​ន​ន្ទ ង៉ែត មាន​សង្ឃដីកា​ថា «​ពិធី​នេះ​ហៅ​ថា​បុណ្យចូលឆ្នាំ​សាកល​មិនមែន​ជា​ប្រពៃណី​ខ្មែរ​ទេ  ប៉ុន្តែ​នេះ​ជា​ការ​រៀបចំ​ឡើង​ដើម្បី​ដំឡើង​រាសី​ចូល​ឆ្នាំ​២០១៦​ជា​ពិធី​កម្រ​នឹង​បាន​ធ្វើ ។ មូលហេតុ​មក​ពី​គេ​គិត​ថា​ការ​រៀបចំ​នេះ​អត់​ប្រយោជន៍​មិនដឹង​ធ្វើ​ដើម្បី​អ្វី ។ ជាក់ស្តែង​ចំពោះ​អ្នក​ជឿ គឺ​គេ​នៅ​តែ​រៀបចំ​តាម​ប្រពៃណី​ពី​បុរាណ​មិន​ចោល​ទេ ។ នេះ​ជា​ការ​រៀបចំ​ឲ្យ​មាន​សេចក្តីសុខ​ក្នុង​ការងារ​រកស៊ី​ក៏​ដូច​ជា​លើករាសី​ក្នុង​ក្រុម​គ្រួសារ ហើយ​ការ​ជឿ​ស៊ប់​គោរព​ពិតប្រាកដ អ្វី​ៗ​នឹង​ជោគជ័យ​ដូច​បំណង » ៕