បុគ្គល​ដែលមាន​ឥទ្ធិពល​បំផុត​ទាំង​៥​ប្រចាំឆ្នាំ​២០១៥

១. លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin)
​ប្រហែល​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​ចំណាត់​ទី​១ បាន​ទៅលើ​បុរស​ខ្លាំង​របស់​រុស្សី​គឺ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។ នរណាៗ​ក៏​ដឹង​ពី​សមត្ថភាព​របស់ ប្រធានាធិបតី​រុស្សី​វ័យ​៦៣​ឆ្នាំ​នេះដែរ​ចូលចិត្ត​អនុវត្ត​នយោបាយ​ប្រើ​កម្លាំង ជាជាង​នយោបាយ​ទន់ភ្លន់​។ ជាក់ស្ដែង​នោះ​គឺ ការ​ក្រសោប​តំបន់ Crimea ពី​អ៊ុយ​ក្រែ​ន​មកជា​ផ្នែក​មួយ​របស់​រុស្សី និង​ការប្រើប្រាស់​កម្លាំង​ក្នុង​យុទ្ធនា​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី ដែល​នេះ​ជាការ​បង្ហាញ​យ៉ាងច្បាស់​ពី​ការពង្រីក​ឥទ្ធិពល​របស់​រុស្សី​លើ​ពិភពលោក​។

២. លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល (Angela Merkel)
​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពី​បុរស​ខ្លាំង​របស់​រុស្សី គឺ​អធិការបតី​ស្ត្រី​របស់​អាល្លឺម៉ង់​លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល​។ ក្នុងនាម​ជា​មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ​នៅ​អឺរ៉ុប លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ជួយសង្គ្រោះ​សេដ្ឋកិច្ច​អាល្លឺម៉ង់ ក្នុងពេល​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ហើយ​ជាពិសេស​នោះ លោកស្រី​ក៏​កំពុងតែ​ជួយ​យឹតយោង​សេដ្ឋកិច្ច​ក្រិច​ដែល​នៅ​យ៉ាប់យ៉ឺន​នៅឡើយ​។ លើសពីនេះ លោកស្រី​ក៏បាន​រួមចំណែក​សំខាន់​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​រុស្សី​និង​អ៊ុយ​ក្រែ​ន និង​បាន​បញ្ជូន​ទ័ព​ទៅ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។​

៣. លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama)
​វា​មិនមែនជា​រឿង​ដែល​គួរ​ឆ្ងល់ ដែល​សហរដ្ឋអាមេរិក​នៅតែ​ជា​មហាអំណាច​ពិភពលោក​ទាំង​សេដ្ឋកិច្ច នយោបាយ​និង​យោធា​។  តែ​ប្រមុខរដ្ឋ​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានត្រឹមតែ​ចំណាត់​ទី​៣​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​ប្រចាំឆ្នាំ​២០១៥ ខណៈ​លោក​ធ្លាប់មាន​ចំណាត់ថ្នាក់​ទី​២ កាលពី​ឆ្នាំ​២០១៤​។ ហើយ​ឈាន​មកដល់​អាណត្តិ​ចុងក្រោយ​នេះ ប្រជាប្រិយ​របស់លោក អូ​បា​ម៉ា ហាក់​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ យ៉ាងណាក៏ដោយ ក្នុង​អាណត្តិ​របស់លោក ប្រធានាធិបតី​វ័យ​៥៤​ឆ្នាំនេះ​បានសម្រេច​កិច្ច​ការគួរ​ឲ្យ​កត់សម្គាល់ នោះ​គឺ​ការសម្រួល​នយោបាយ​ការទូត​ឡើងវិញ​ជាមួយ​គុយបា និង​ការសម្រេច​ចេញ​ជា​រូបរាង​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ក៏ដូចជា​ការប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​លើ​ពិភពលោក​។

 ៤. សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស (Pope Francis)
​ចំណាត់ថ្នាក់​ទី​៤ បាន​ទៅលើ​ប្រមុខ​គ្រិស្តសាសនា សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស​។ តាំងពី​ឡើង​តំណែង​ជា​ប្រមុខ​ដឹកនាំ​គ្រិស្ត​សាសនិក​មក សម្ដេច​ប៉ាប​រូបនេះ បានចាប់ផ្ដើម​កែទម្រង់​បុរី​វ៉ា​ទី​កង់ ដែល​ប្រឈមមុខ​នឹង​រឿងអាស្រូវ​ជាច្រើន​នាពេល​កន្លងមក ដូចជា​ការរំលោភបំពាន​ផ្លូវភេទ​កុមារ​និង​អំពើពុករលួយ​ជាដើម​។ មួយវិញទៀត សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស ក៏បាន​ស្នើ​ឲ្យ​មាន​ចំណាត់ការ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការ​ធ្វើទុក្ខបុកម្នេញ​សាសនា​ដែល​កំពុង​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​។ អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​ព្រះ​អង្គជា​អ្នក​ផ្សះផ្សា​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​និង​គុយបា​។ 

 ៥. លោក ស៊ី ជិន​ពីង (Xi Jinping)
​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៥ បាន​លើ​អគ្គលេខាបក្ស​កុំ​មុយ​នី​ស​ចិន​ដ៏​មាន​ឥទ្ធិពល​និង​ជា​ប្រធានាធិបតី លោក ស៊ី ជិន​ពីង​។ លោក ស៊ី ជិន​ពីង​បាន​ដឹកនាំ​ការកែទម្រង់​ជាច្រើន​ក្នុងប្រទេស​ចិន ជាពិសេស ការ​បោសសម្អាត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កុំ​មុយ​នី​ស​ចិន និង​ការប្រកាស​កាត់បន្ថយ​ចំនួន​កងទ័ព​រំដោះប្រជាជន​ចិន​ជាដើម​។ ជាមួយគ្នានេះដែរ ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​រូបនេះ​ត្រូវបាន​គេ​មើលឃើញថា មានការ​យកចិត្តទុកដាក់​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់​ចិន​។ ជាក់ស្ដែង កាលពី​ខែតុលា លោក​បានធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​និង​អង់គ្លេស ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មានតម្លៃ​រហូត​ដល់​៤៦​ពាន់​លាន​ដុល្លារ​ត្រូវបាន​ចុះហត្ថលេខា​៕