អ្នក​ទៅ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ព្រះសីហនុ​មាន​ជាង​១១​ម៉ឺន​នាក់

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​តំបន់​ឆ្នេរ ឬ​ចូល​រួម​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៥-​២០១៦ រយៈពេល ៣​ថ្ងៃ នា​មូលដ្ឋាន​នេះ បាន​កើន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន។

ចំណែក​បញ្ហា រក្សា​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​វិញ កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា រក្សា​សុវត្ថិភាព​បាន​ល្អ​ដោយ​គ្មាន​បទល្មើស​ចោរ​ឆក់ ប្លន់ និង​បទល្មើស​ផ្សេងៗ កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល បង្ហាញ​ស្ថិតិ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​ពិព័រណ៍ និង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-​២០១៦ រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ សរុប​មាន​ចំនួន ១១៦.២៤០​នាក់។ ចំនួន​នេះ​បាន​កើន ១,០៧​ភាគរយ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៥។

លោក​បន្ត​ថា ភ្ញៀវ​ជាតិ​មាន ៩៨,៧០១​នាក់ គឺ​កើន 0,៩៧% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន ១៧,៥៣៩​នាក់ កើន ១,៦៧%។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​កោះរុង មាន ៤,២០៨​នាក់។ មាន​ភ្ញៀវ​ជាតិ ១,២២៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ ២,៩៦៩​នាក់។

​ទាក់ទិន​ពិធី​ឆ្លង​ឆ្នាំ​នេះ​ដែរ មន្ត្រី​ជំនាញ​ស្ថាប័ន​ប្រដាប់​អាវុធ ខេត្ត​ព្រះសីហនុ អះអាង​ថា មិន​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង រំខាន​ដល់​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​នោះ​ទេ។

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី មាន​ប្រសាសន៍​ថា ពុំ​មាន​បទល្មើស​ចោរ​ឆក់​ប្លន់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​អបអរ​ឆ្លង​ឆ្នាំ​សកល ២០១៥-​២០១៦ នា​ខេត្ត​ជាប់​សមុទ្រ​នេះ​ទេ។ លោក​ថា កម្លាំង​ចម្រុះ​មក​ពី​គ្រប់​ស្ថាប័ន បាន​សហការ​ពង្រឹង​សន្តិសុខ​បាន​ល្អ​នៅ​គ្រប់​ច្រកល្ហក​ទាំង​យប់​ថ្ងៃ ជុំវិញ​បរិវេណ​ក្រុង​ព្រះសីហនុ៖ «»។

​ទន្ទឹម​នឹង​សុវត្ថិភាព​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន ៤​ករណី និង​ស្លាប់​មនុស្ស​ចំនួន ៣​នាក់ ក្នុង​ពិធី​អបអរ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ចរាចរណ៍ លោក អ៊ី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គ្រោះថ្នាក់​ទាំង ៤​ករណី​នេះ កើត​ឡើង​រវាង​រថយន្ត និង​ម៉ូតូ។ ក្នុង​នោះ​អ្នក​ប្រើប្រាស់​ម៉ូតូ មិន​មាន​ពាក់​មួយ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ដែល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​ក្តី ត្រូវ​ពាក់​មួយ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ទាំង​អស់​គ្នា ទាំង​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ។

លោក អ៊ី សុខា បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ នគរបាល​ចរាចរណ៍​ដែល​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​សាធារណៈ នឹង​ចាប់​ផាក​ពិន័យ​ចំនួន ១៥.០០០​រៀល ក្នុង​មនុស្ស​ម្នាក់ ដែល​មិន​ពាក់​មួក​ការពារ​សុវត្ថិភាព៖ «»។

​ទោះជា​បែប​នេះ​ក្តី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថ្លែង​ថា ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ មាន​ក្រុម​ប្រតិបត្តិករ​ទេសចរណ៍​មួយ​ចំនួន បាន​ឆក់​ឱកាស​ដំឡើង​តម្លៃ​បម្រើ​សេវា​ទេសចរណ៍​ពី​ភ្ញៀវ​មាន​តម្លៃ​កើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដែល​ក្នុង​មាន​ដូចជា តម្លៃ​សេវា​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ទីកន្លែង​អង្គុយ​លំហែ​នៅ​តាម​ឆ្នេរ​អូរឈើទាល ជាដើម។

​ត្រង់​ចំណុច​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន សំណូមពរ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់​ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាង​កុំ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​ខ្ពស់​ហួសហេតុ​ពេក ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​មិន​សប្បាយចិត្ត និង​ឈប់​មក​កម្សាន្ត​តំបន់​នេះ​នៅ​ថ្ងៃ​ខាង​មុខ៖ «»។

​ចំពោះ​ការ​ដំឡើង​តម្លៃ​សេវា​ទេសចរណ៍​កើន​ខ្ពស់ មាន​ដូចជា បន្ទប់​ជួល​ស្នាក់នៅ តម្លៃ​ម្ហូប​អាហារ និង​តុ​អង្គុយ​ជាដើម នៅ​ពេល​មាន​ពិធីបុណ្យ​ធំៗ ចូល​មក​ដល់​ម្តងៗ។ ភ្ញៀវ​ទេសចរ​ខេត្ត​ព្រះសីហនុ តែង​រអ៊ូរទាំ​ថា ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​មូលដ្ឋាន​ជាប់​សមុទ្រ​មួយ​នេះ បាន​ដំឡើង​តម្លៃ​សេវា​តាម​ចិត្ត​ពួកគេ​ចង់​បាន ហើយ​អាជ្ញាធរ​មូលដ្ឋាន​នេះ គ្រប់គ្រង​មិន​ទាន់​បាន​ល្អ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។