តា​ចាស់​ល្មោភកាម​រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ ត្រូវ​ចាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ពី​បទ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​រហូត​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​ព្រៃ​ចេក​ក្រោយ​ផ្ទះ​របស់​ជន​សង្ស័យ​​ដែល​ស្ថិត​នៅ​ភូមិ​សំរោង​ពក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ឈ្មោះ រស់ រ៉េ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​ទើបតែ​១០​ឆ្នាំ​ប៉ុណ្ណោះ ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ អាយុ​៣៦​ឆ្នាំ​ ។

លោក​អធិការ​នគរបាល​ស្រុក​បាកាន បាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​រកស៊ី​បាត់​ៗ​ ហើយ​បាន​ទុក​កូនស្រី​ឲ្យ​នៅ​ជាមួយ​ជីដូន​ចាស់ជរា ។ នៅ​ថ្ងៃ​ទី​៣១​ធ្នូ ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​កូនស្រី​លួច​ខ្សិ​ប​ប្រាប់​ម្ដាយ​របស់​គេ​ថា តា រស់ រ៉េ​ន ចាប់រំលោភ ដែល​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​ត្រង់​ប្រដាប់​ភេទ​យ៉ាង​ខ្លាំង ។ នាង​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៨​ធ្នូ វេលា​ម៉ោង​៨​ព្រឹក នាង​ដើរទៅ​ក្រោយ​បាន​ជួប​តា រស់ រ៉េ​ន នៅ​ព្រៃ​ចេក​ក្រោយ​ផ្ទះ​របស់​គាត់ ពេល​នោះ​គាត់​បាន​បក់ដៃ​ហៅ​ឲ្យ​ទៅ​ជិត​គាត់​រួច​ហើយ​ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្ដង ។ ពេល​រំលោភ​រួច​គាត់​បាន​គំរាម​មិន​ប្រាប់​អ្នក​ណា​ដាច់ខាត បើ​ហ៊ាន​តែ​ប្រាប់​គាត់​នឹង​អារ​.​ក​សម្លាប់​ចោល ។ នៅ​ពេល​ស្ដាប់​រួច​ប្រពន្ធ​បាន​ប្រាប់​ប្ដី​បន្ត ពេល​នោះ​ប្ដី​បាន​មក​ប្ដឹង​សមត្ថកិច្ច​យើង​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច តា​ចាស់​ល្មោភកាម​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ​នោះ​មែន ព្រោះ​ឃើញ​ឱកាស​ស្ងាត់​ល្អ និង​ឪពុក​ម្ដាយ​មិន​នៅផ្ទះ ។

បន្ទាប់​ពី​សួរនាំ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៦​នេះ​ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ៕