យុវជន​ខ្មែរ​ឆ្នើម​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​អប់រំ និង​រដ្ឋមន្ត្រី​សាធារណការ​

​ភ្នំពេញ​៖ យុវជន​កម្ពុជា​ឆ្នើម​ចំនួន ៣​រូប ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​នារី​ដំបូង នៃ​ក្រសួង​អប់រំ  និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោយពី​ពួកគេ​នឹង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់បណ្ឌិត នៅក្នុង និង​ក្រៅប្រទេស​។

​ជនជាតិ​គួ​យ លោក ប៊ិន យ៉ាន អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​ជា​និស្សិត​បរិញ្ញាបត្រ ឆ្នាំ​ទី ២ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ គ្រោង​នឹង​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ គណបក្ស​រួបរួម​ជាតិ​កម្ពុជា (Cambodian United Party)​។ មិន​ត្រឹមតែ​ចង់​បង្កើត​គណបក្ស​ប៉ុណ្ណោះ​ទេ លោក ប៊ិន យ៉ាន ប្រាថ្នា​ចង់​ក្លាយខ្លួនជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ហើយ​គណបក្ស​នេះ នឹងត្រូវ​បង្កើត​នៅ​ឆ្នាំ​២០១៩ ឬ​ឆ្នាំ​២០២០​ខាងមុខនេះ​។ នេះ​គឺជា​គណបក្ស​ដែល​នឹងត្រូវ​បង្កើត​ចេញពី​យុវជន​សុទ្ធសាធ​។​

​លោក យ៉ាន មានគំនិត​ចង់​ក្លាយខ្លួនជា​នាយ​រដ្ឋមន្ត្រី តាំងពី​ថ្នាក់​ទី​៩ មក​ម្លេះ​។ លោក ប៊ិន យ៉ាន ដែល​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​និយាយថា​៖«​អ្នកខ្លះ គេ​ថា ខ្ញុំ​ឆ្កួត ប៉ុន្តែ​ដោយសារ​ខ្ញុំ​អាន​សៀវភៅ​កំពូល​អ្នកដឹកនាំ​ច្រើន ពួកគាត់​តស៊ូ​ស្វិតស្វាញ ទោះបីជា គាត់​ក្រលំបាក​ដូច​ម្តេចក៏ដោយ ដូចនេះ​ធ្វើ​ឲ្យ​ខ្ញុំ​មានគំនិត​ថា ខ្ញុំ​ត្រូវតែ​ធ្វើជា​មនុស្ស បុគ្គល អស្ចារ្យ​ម្នាក់​ដែរ នៅក្នុង​ពិភពលោក មិន​ត្រឹមតែ​ក្នុងប្រទេស​កម្ពុជា​នោះទេ​។ សៀវភៅសរសេរ​អ៊ីចឹង ត្រូវតែ​ធ្វើជា​នាយករដ្ឋមន្ត្រី រួច​ធ្វើខ្លួន​ឲ្យ​ក្លាយជា​បុគ្គល​អស្ចារ្យ​ម្នាក់​»​។​

​ដោយឡែក កញ្ញា តោ គឹម​ស៊ី សិស្ស​ឆ្នើម​បំផុត​តែ​ម្នាក់​គត់​ដែល​ប្រឡង​ជាប់​និទ្ទេស A កាលពី​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ឆ្នាំ​២០១០ ។ សិស្ស​ពូកែ​មកពី​ខេត្តសៀមរាប​រូបនេះ បានទទួល​អាហារូបករណ៍​ទៅ​រៀន​បរិញ្ញាបត្រ​គណិតវិទ្យា រយៈពេល ៤​ឆ្នាំ នៅ​សាកលវិទ្យាល័យ (Manhattan University) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​ជាងនេះទៀត នៅ​ថ្ងៃ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​របស់ខ្លួន​កន្លង​មក និស្សិត​ឆ្នើម​ខ្មែរ កញ្ញា តោ គឹម​ស៊ី ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​ទៅកាន់​និស្សិត​បរទេស និង​សាស្ត្រាចារ្យ​ជាង ៧៥០ នាក់​នៅ​សាកលវិទ្យាល័យ Manhattan University នៅ​ទីក្រុង​ញូវយ៉ក ពីបទ​ពិសោធន៍​ការសិក្សា​របស់​កញ្ញា​។ គឹម​ស៊ី បានទទួល​មេដាយ​និស្សិត​វិទ្យាសាស្ត្រ​ឆ្នើម ដូចជា The Donald J. Carty Valedictory Medal, The Brother John McNamara Medal for Computer Science និង The Francis B. Taylor Medal for Excellence in Science and Mathematics​។​

​បច្ចុប្បន្ននេះ កញ្ញា​បន្ត​ថ្នាក់អនុបណ្ឌិត​ផ្នែក​គណិតវិទ្យា​នៅឯ​សាកល វិទ្យាល័យ Pierre and Marie Curie ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ តាម​គម្រោង កញ្ញា​អតីត​សិស្ស​វិទ្យាល័យ​១០​មករា ក្រុង​សៀមរាប​រូបនេះ មាន​មហិច្ឆតា​ចង់​រៀន​ឲ្យ​ចប់​ថ្នាក់បណ្ឌិត​គណិតវិទ្យា​នៅ​ឆ្នាំ​២០២០ កញ្ញា តោ គឹម​ស៊ី មាន​គោលបំណង​ធំ​មួយទៀត គឺ​ចង់​ក្លាយជា​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ក្រសួង​អប់រំ​កម្ពុជា​។  កញ្ញា​និយាយថា កញ្ញា​ចង់​ចូលរួមចំណែក​ពង្រឹងគុណភាព​វិស័យ​អប់រំ ពិសេស​លើ​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​អភិវឌ្ឍ​គុណភាព​ធនធានមនុស្ស​ក​ម្ពុ​ជា​។​

​រីឯ យុវជន​កម្ពុជា លោក រៀល សុធា​រ៉ា មួយរូប​ទៀត យុវជន​រូបនេះ​ក៏​ចង់​ក្លាយខ្លួនជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោយ​លោក​បញ្ចប់​ថ្នាក់បណ្ឌិត​ផ្នែក​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​សកលវិទ្យា​ល័យ ម៉ា​ឌី ក្នុង​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្ស៊ី​។ យុវជន​មកពី​ខេត្តកំពង់ធំ​រូបនេះ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅក្នុង​ប្រទេស​រុស្ស៊ី តាំងពី​ឆ្នាំ ២០០៧ ។ បច្ចុប្បន្ន បេក្ខភាព​បណ្ឌិត​វ័យ ៣០ ឆ្នាំ​រូបនេះ កំពុង​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​សកលវិទ្យា​ល័យ ម៉ា​ឌី ក្នុង​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្ស៊ី​។

​រយៈពេល​ជាង ៨ ឆ្នាំ ដែល​រស់នៅ​ក្នុងប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ ដើម្បី​ក្រេបជញ្ជក់​នូវ​ចំណេះដឹង បុរស​សម្បុរ​ស្រអែម រៀល សុធា​រ៉ា បាន​ឆ្លងកាត់​ការលំបាក​ច្រើន​ហួស​គណនា ដើម្បី​ទ្រទ្រង់​ការសិក្សា រហូត​រៀន​ដល់​ថ្នាក់បណ្ឌិត​បច្ចុប្បន្ន​។ លោក​បាន​ខិតខំ​ធ្វើការ​ជា​អ្នក​លាង​ឡាន​នៅ​រុស្ស៊ី និង​ធ្វើជា​ចុងភៅ​នៅតាម​ភោជនីយដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី​ផងដែរ​។​

​តាម​គម្រោង​ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត លោក សុធា​រ៉ា នឹង​វិល​មក​មាតុភូមិ​កម្ពុជា​វិញ ហើយ​លោក​មានបំណង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ ដើម្បី​ដឹកនាំ​កែលំអរ​ប្រព័ន្ធ ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ និង​គមនាគមន៍​កម្ពុ​ជា​។ លោក​ចង់ឃើញ​កម្ពុ​ជាមាន​ប្រព័ន្ធ​ដឹកជញ្ជូន សេវាសាធារណ ដូចជា រថយន្តក្រុង រថភ្លើង និង​ផ្លូវ​ល្បឿន​លឿន​ដូច​ប្រទេស​រុស្ស៊ី​ដែរ​៕