លោក សម រង្ស៊ី ព្រម​ឆ្លើយ​បំភ្លឺ​តុលាការ​តាម​បណ្ដឹង​របស់​លោក ហេង សំរិន

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ពេល​នេះ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​១ ខែ​មករា ថា លោក​ព្រម​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បណ្ដឹង​បរិហារកេរ្តិ៍​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា។

​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់​លោក ហេង សំរិន ពី​រឿង​ដែល​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​ពេល​ថ្មីៗ​នេះ​ថា របប​ដឹកនាំ​របស់​លោក ហេង សំរិន ធ្លាប់​បាន​កាត់​ទោស​ប្រហារ​ជីវិត​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហនុ ពី​បទ​ក្បត់​ជាតិ។ ប៉ុន្តែ​លោក សម រង្ស៊ី មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ពេល​នោះ​ឡើយ។

យ៉ាង​ណា លោក សម រង្ស៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី ពេល​នេះ​ថា លោក​យល់​ព្រម​ឆ្លើយ​បំភ្លឺ​ជាមួយ​តុលាការ​នៅ​ថ្ងៃ​ទី​៤ មករា តែ​ការ​ឆ្លើយ​បំភ្លឺ​នោះ ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ដែល​អាច​សន្សំ​ប្រាក់​កាក់ និង​ពេល​វេលា​ផង​ដែរ។ លោក សម រង្ស៊ី បាន​លើក​ឡើង​នូវ​មធ្យោបាយ​ដែល​លោក​អាច​ឆ្លើយ​តប​បាន​មួយ​ចំនួន ដូចជា​តាម​ប្រព័ន្ធ ស្កែប្ភ (Skype) ជាដើម។

​លោក សម រង្ស៊ី បាន​សរសេរ​ហាក់​ចំអក​បន្តិច​ថា ការ​ដែល​លោក​ជ្រើសរើស​ឆ្លើយ​បំភ្លឺ​តុលាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ ដោយសារ​តែ​លោក ហេង សំរិន ដែល​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ ក៏​ដោយសារ​តែ​លោក​បាន​សរសេរ​នៅ​លើ​អ៊ីនធឺណិត​ដូច​គ្នា​ដែរ។

​វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​តុលាការ​ចំពោះ​សំណើ​របស់​លោក សម រង្ស៊ី នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។