ខឹង​ហៅដឹក​​បន្ត​មិន​ព្រមទាញ​កាំបិត​កាប់​តែ​ចំ​ក្បាល​ម៉ូតូ​រួច​រត់គេច​ខ្លួន​បាត់

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ដោយ​ចោទ​​ប្រកាន់​ជនសង្ស័យ​ម្នាក់​ទាញ​កាំបិត​វែង​កាប់​តែ​ខ្លួន​គេច​ទាន់​ បន្ទាប់​ពី​ជន​នោះ​ឲ្យ​ខ្លួន​ដឹក​បន្ត​ទៅ​កន្លែង​ផ្សេង​មួយទៀត​ខ្លួន​មិន​ព្រម ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ឆៃ វ៉ា​ន់​ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ជា​អ្នក​រត់​ម៉ូតូឌុប ។

ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ឲ្យ​ដឹង​ថា មុន​ហេតុការណ៍​កើតឡើង ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់​តាម​ផ្លូវជាតិ​លេខ​៥ មក​ពី​ទិស​ខាងកើត លុះ​មក​ដល់​​មុខ​ផ្សារ​កណ្តាល​ជនសង្ស័យ​ចុះ​ពី​ម៉ូតូ​នោះ​មក​ហៅ​ខ្លួន​ដឹក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ចុះ​ដើរ​ចូល​ទៅ​ផ្ទះ​មួយ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឡៅ គឹ​ម​ផេង ។ ជន​រង​គ្រោះ​បន្ត​ថា ជនសង្ស័យ​ក្រោយ​ពី​និយាយ​ជាមួយ​ស្ត្រី​ម្ចាស់ផ្ទះ​ចប់​ក៏​ដើរ​ចេញ​មក​វិញ​ជាមួយ និង​កាំបិត​វែង​១​ផង​ដែរ ដោយ​ជន​នោះ​ហៅ​ឲ្យ​ខ្លួន​ដឹក​បន្ត​ទៅ​ភូមិ​ព្រៃ​ព្រិច តែ​ខ្លួន​មិន​ព្រម​ដឹក​ទៅ ជនសង្ស័យ​និយាយ​ថាបើ​មិន​ទៅ​ប្រយ័ត្ន​កាប់ ភ្លាម​នោះ​ស្រាប់តែ​លើក​កាំបិត​កាប់​ភ្លាម​តែ​ម្តង តែ​ខ្លួន​គេច​ទាន់​ក៏​ចំ​ក្បាល​ម៉ូតូ​សេរី​ឆ្នាំ​២០១៣​បែក​ខ្ចាយ​តែ​ម្តង ។

ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​បន្ត​ទៀត​ថា ពេល​នោះ​ខ្លួន​រត់​ចោល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​រហូត​ជនសង្ស័យ​គេច​ទៅ​បាត់​ទើប​ទៅ​យក​ម៉ូតូ​មក​ប៉ុស្តិ៍​ដើម្បី​ដាក់​ពាក្យបណ្តឹង ។

ជុំវិញ​ករណី​ខាងលើ​ឈ្មោះ ឡៅ គឹ​ម​ផេង ជា​ម្ចាស់ផ្ទះ​និយាយ​ថា ជនសង្ស័យ​ជា​ប្អូនថ្លៃ​របស់​គាត់​ឈ្មោះ លាង ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ ផ្នែក​ខាង​បោសសំអាត មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រិច ប៉ុន្តែ​ថា គាត់​និង​គ្រួសារ​មិនដឹង​រឿង​ទេ កំពុង​ដេក​លេង​ជាមួយ​កូន ស្រាប់តែ​ប្អូន​នោះ​ចូល​មក​ក្នុងផ្ទះ ហើយ​ពេល​ចេញ​ទៅ​វិញ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​មុខ​ផ្ទះ ទើប​ដឹង​ថា​ប្អូនថ្លៃ​កាប់​ម៉ូតូ​គេ ។

យ៉ាងណា​ក៏​ដោយ​ឈ្មោះ ឡៅ គឹមផង បាន​និយាយ​ថា ប្អូន​របស់​គាត់​ធ្លាប់​មានរឿង​ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន​ម្តង​ដែរ ​ហើយ​ក្រោយ​ពី​កាប់​ក្បាល​ម៉ូតូ​គេ​ថ្ងៃនេះ ក៏​ទៅ​កាប់​ផ្ទះ​សាច់ញាតិ​នៅ​ឯ​ភូមិ​ព្រៃ​ព្រិច​ថែម​ទៀត ដែល​ពេល​នេះ​គាត់​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​តាម​ចាប់​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ចុះ ៕