ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​សកម្ម​កាច់​សោ​.​ក​ម៉ូតូ​

ខេត្ត​ព្រះ​សីហ​នុ ៖​ជនសង្ស័យ​ម្នាក់​​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ធ្វើការ​ប្រមាញ់​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ បើ​ទោះបីជា​ព្យាយាម​គេចខ្លួន​យ៉ាងណា​ក្តី ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ត្រង់​ចំណុច​ក្បែរ​បូ​រី គុ​ជ អាស៊ី ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

លោក​វរសេនីយ៍ត្រី ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា​មាន​ជនសង្ស័យ​កាច់​សោ​.​ក​ម៉ូតូ ម៉ាក​ស្កុប​ពី ពណ៌​ស​ភ្លាម កម្លាំង​នគរបាល​ចម្រុះ រួម​មាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​សហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៣ ធ្វើការ​ប្រមាញ់ និង​ពួនស្ទាក់ រហូត​ដល់​ចំណុច​ឃាត់ខ្លួន​ខាងលើ​ជនសង្ស័យ​បាន​ខណៈ​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់​ចូល​សម្ងំ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ តែ​ដោយ​មានការ​សហការ​គ្នា​បាន​យ៉ាង​ល្អ​ពី​សមត្ថកិច្ច​គ្រប់​ផ្នែក ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យើង​រុករក​ឃើញ​នៅ​រយៈពេល​ជិត​មួយ​ម៉ោង​ក្រោយមក ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​ជាមួយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​មានឈ្មោះ ង្វៀ​ង យ៉ាំ​ង​ហុង ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៣២​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ ចំណែកឯ​ជន​រង​គ្រោះ មានឈ្មោះ ហេង ណា​រី ភេទ​ស្រី អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ជា​ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1D-8568 ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត ចំណែក​ម៉ូតូ​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ ៕