បុរស​ម្នាក់​ជិះ​ម៉ូតូ​បោះពួយ​ចេញពី​ចិញ្ចើម​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​

​ខេត្តមណ្ឌលគិរី​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​កែឆ្នៃ​ស្ទុះ​ចេញពី​ចិញ្ចើមផ្លូវ​កាត់​ពីមុខ​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​កំពុង​រត់​ជក់ខ្យល់​នៅលើ​ជាតិ​លេខ​៧៨ បាន​បុក​ចំ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ប៉ើង​ខ្ទាត​ផ្លោង​ចេញពី​ផ្លូវស្លាប់​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ចំណុច​គីឡូ​ម៉ែត​លេខ​៦៣ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយ​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ពណ៌​ស​មួយគ្រឿង បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​កែច្នៃ​មួយគ្រឿង បើក​បោះពួយ​ចេញពី​ចិញ្ចើមផ្លូវ​កាត់មុខ​រថយន្ត​បណ្តាល​ឲ្យ​បុក​គ្នា​ពេញ​ចំ​យ៉ាង​ទំហឹង​។​

​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា​បានអោយដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ជ័យ នៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។ ចំណែក​ភាគី​រថយន្ត​សាំ​យ៉ុង​ពាក់​ស្លាក​លេខ 2AH3634 បើកបរ​ដោយ​ឈ្មោះ យឹ​ង សុ​ផានិត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ កាន់​ប័ណ្ណបើកបរ​លេខ B.KCH0008501 មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​៕ ឦសាន​ថ្មី​

KA-01-01-2016-01 KA-01-01-2016-02 KA-01-01-2016-03