មហា​យក្ស​ឥណ្ឌា​កាន់តែ​សំខាន់​សម្រាប់​សហគមន៍​អាស៊ាន​

​ចំណងមិត្តភាព​រវាង​ឥណ្ឌា​-​អាស៊ាន​បាន​ដើរ​ដល់​ចំណុច​របត់​ថ្មី​មួយទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​កាន់តែ​ស្អិតរ​មួ​ត ហើយ​ភាគី​នេះ​រំពឹងថា​នឹង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​របស់ខ្លួន​អោយ​កាន់តែ​ល្អ​និង​ស៊ីជម្រៅ​កាន់តែខ្លាំង​ថែមទៀត​នៅពេល​ខាងមុខនេះ​។ ឥឡូវ​ឥណ្ឌា​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន ហើយ​មហា​យក្ស​ប្រជាធិបតេយ្យ​នេះ​ក៏​នឹង​ក្លាយ​ដៃគូ​ដ៏​មាន​សក្តានុពល និង​ដ៏​សំខាន់​របស់​អាស៊ាន​នៅពេល​ខាងមុខនេះ​លើ​សេដ្ឋកិច្ច សន្តិសុខ​និង​នយោបាយ ជាពិសេស​ក្រោយ​សហគមន៍​អាស៊ាន​ផុស​រូបរាង​ជា​ផ្លូវការ​ដើមឆ្នាំ​២០១៦  ។  ឥណ្ឌា​នឹង​អាច​ដើរតួនាទី​ជា​អ្នកជំរុញ​ដំណើរ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​ក្នុង​តំបន់​អាស៊ាន និង​អាចជួយ​អោយមាន​តុល្យភាព​អំណាច​រវាង​មហាអំណាច​ចិន​និង​អាមេរិក​ដែល​ដណ្តើម​ពង្រីក​ឥទ្ធិពល​នៅ​អាស៊ីអាគ្នេយ៍​។

​គ្រប់គ្នា​ដឹង​ហើយ​ថា ឥណ្ឌា ជា​ប្រទេស​ដែលមាន​សក្តានុពល​ខ្លាំង​ទាំង​លើ​វិស័យ​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​មាន​ប្រជាជន​ច្រើនជាងគេ​លេខ​រៀង​ទី​២​នៅលើ​ពិភពលោក​បន្ទាប់ពី​ប្រទេស​ចិន​ទៀត​។ តែ​ថ្វីបើ​ថា មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លើ​លោក​ក៏ដោយ ប្រទេស​នេះ​នៅ​ប្រឈមមុខ​បញ្ហា​ច្រើន​ជាពិសេស​ភាពក្រីក្រ​ខ្លាំង និង​គម្លាត​សង្គម​ជាដើម​ផង​។ តែ​ក្រោម​រដ្ឋបាល​ដឹកនាំ​ថ្មី​របស់​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) ឥណ្ឌា​កាន់តែ​រីកមុខ​រីក​មាត់​លើ​ឆាក​អន្តរជាតិ និង​ចាប់ផ្តើម​ពង្រឹង​នយោបាយ​ការបរទេស​ដើម្បី​ពង្រីក​ឥទ្ធិពល​ឥណ្ឌា​នៅក្នុង​តំបន់​ថែមទៀត​។​

​បណ្តា​ប្រទេស​ជាច្រើន​រួមទាំង​មហាអំណាច​ដូចជា អាមេរិក​ផង ក៏​ប៉ង​បង្កើន​ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​ដែរ​ឲ្យ​កាន់តែ​ស្អិតល្មួត​ដែរ ដោយ​គេ​រំពឹងថា ឥណ្ឌា​នឹង​ប្រែខ្លួន​ជា​មហាអំណាច​ដ៏​មាន​ឥទ្ធិពល​ថ្មី​មួយ​ឆាប់ៗ​ខាងមុខនេះ ។ ហើយ​ប្រទេស​សមាជិក​អាស៊ាន​ក៏​យល់ឃើញ​ដែរ​ថា សហប្រតិបត្តិការ​និង​បង្កើន​ការផ្សាភ្ជាប់​ជាមួយ​ឥណ្ឌា​ជា​រឿង​មិនអាច​ព្រងើយកន្តើយ​បានឡើយ ហើយ​ឥណ្ឌា​ខ្លួនឯង​ក៏​សម្លឹង​ឃើញ​សក្តានុពល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែលមាន​ប្រជាជន​ជាង​៦០០​លាន​នាក់​ដែរ​។

​ឥណ្ឌា​បាន​ក្លាយជា​ដៃគូ​ពិភាក្សា​ដោយ​វិស័យ​ជាមួយ​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​តាំងពី​ឆ្នាំ ១៩៩២​មកម្ល៉េះ ហើយ​បន្ត​បន្ទាប់មក​ប្រទេស​នេះ​បានប្រែក្លាយ​ខ្លួន​ជា​ដៃគូ​ពិភាក្សា ពេញលេញ​នៅក្នុង​ឆ្នាំ ១៩៩២ ។​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចំណងមិត្តភាព​រវាង​អាស៊ាន​និង​ឥណ្ឌា​កាន់តែ​វិ​វត្ត​ទៅមុខ និង​កាន់តែ​ល្អប្រសើរ​ឡើង រហូតដល់​ឥណ្ឌា​ប្រែ​ក្លាយខ្លួនជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ថែមទៀត​ក្នុង​ឆ្នាំ ២០១២ ។ ចំណងមិត្តភាព​រវាង​ភាគី​ទាំងពីរ​នេះ អាច​រីក​ច្រើន​ទៅមុខ​បាន​រហ័ស​រហូត​មករា​ប់​ចាប់​តាំងពីដើម​ទសវត្ស​ទី​៩០ ដោយសារ​ការប្រឹងប្រែង​របស់​ភាគី​ទាំងសងខាង ជាពិសេស​ការដាក់ចេញ​គោលនយោបាយ​ថ្មី​ក្រឡេក​មក​ទិសខាងកើត (Look East) របស់​ឥណ្ឌា​នេះឯង​។ ក្រៅពី​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ភាគី​ទាំងពីរ​តែងតែ​ប្រឹងប្រែង​បង្កើត​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច រឹតចំណង​សហប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ និង​បង្កើត​ផែនការ​សកម្មភាព​រួម​គ្នា​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជួយ​សម្រួល​អោយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​អាច​ទទួលបាន​ផ្លែផ្កា​ល្អ​។

​បើ​ក្រឡេកមើល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​និង​ឥណ្ឌា ភាគី​ទាំងពីរ​បានសម្រេច​លទ្ធផល​ល្អប្រសើរ​បាន​ច្រើន​ផង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ដោយ​អាស៊ាន​ជាទី​ផ្សារ​ដ៏​ធំ​របស់​ឥណ្ឌា ខណៈ​ឥណ្ឌា​ក៏​ជាទី​ផ្សា​ដ៏​ធំ​របស់​អាស៊ាន​ដូចគ្នា​។ អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​លេខ​រៀង​ទី ៤​របស់​ឥណ្ឌា ហើយ​ឥណ្ឌា​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ទី​៨​របស់​អាស៊ាន​ផង​។ បើ​និយាយ​ពី​បញ្ហា​ពាណិជ្ជ​កម្មនេះ ឥណ្ឌា​និង​អាស៊ាន​បាន​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​លើ​ទំនិញ​រួមគ្នា​ក្នុង​ឆ្នាំ ២០០៩ ហើយ​កិច្ចព្រមព្រៀង​លើ​ពាណិជ្ជកម្ម​សេវាកម្ម​និង​វិនិយោគ​រវាង​អាស៊ាន​និង​ឥណ្ឌា​នឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០១៥ នេះ​។​

 ក្រៅពី​ភាព​វិជ្ជមាន​នៃ​ចំណង​ពាណិជ្ជ​កម្មនេះ ឥណ្ឌា​និង​អាស៊ាន រួមជាមួយ​ដៃគូ​សន្ទនា​មួយចំនួន​របស់​អាស៊ាន​កំពុងតែបន្ត​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​គ្រប់​ជ្រុងជ្រោយ​ដែល​ជំ​រុញអោយ​ប្រទេស​ទាំងអស់​ជា​ភាគី​បើកទូលាយ​ទីផ្សារ​របស់ខ្លួន​កាន់តែ​ធំ​ជាមុន​។ សូម​រម្លឹក​បន្តិច​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ដៃគូ​យុទ្ធ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលមាន​ប្រទេស​ជា​សមាជិក ជា​សមាជិក​អាស៊ាន​១០ រួមជាមួយ​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន ៦​ផ្សេងទៀត​មាន​ឥណ្ឌា ចិន កូរ៉េខាងត្បូង ជប៉ុន អ​ស្ត្រា​លី និង នូ​វែ​ល​ហ្សេ​ឡង់​ផង​។​

​ភាគី​ពាក់ព័ន្ធ​ព្យាយាម​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នៅត្រឹម​ចុងឆ្នាំ ២០១៥​នេះ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១​វិច្ឆិកា​នៅ​ម៉ាឡេស៊ី ភាគី​ពាក់ព័ន្ធ​មិនទាន់​អាច​សម្រេច​ចេញ​កិច្ចព្រមព្រៀង​នៅឡើយ​ទេ​។ បញ្ហា​ត្រង់​ថា ទើប​តែមាន​សមាជិក​អាស៊ាន ៣​ប៉ុណ្ណោះ​ដែល​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​។ បើ​ភាគី​ទាំងអស់​អាច​សម្រេច​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បាន​មែន ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​នឹង​អាច​កើន​ឡើងដល់ ២០០​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០២២​ខាងមុខ​។ នេះ​បញ្ជាក់ថា ឥណ្ឌា​ជា​ដៃគូ​ពាណិជ្ជកម្ម​មិនអាច​ខ្វះ​បាន​របស់​អាស៊ាន​សម្រាប់​ថ្ងៃមុខ​។​

​ចំណែក​ទំនាក់ទំនង​នយោបាយ​និង​សន្តិសុខ​វិញ​ភាគី​ទាំងពីរ​ក៏មាន​ទំនាក់ទំនង​រួមគ្នា​ល្អប្រសើរ​ដែរ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​នេះ​ចាំបាច់​ត្រូវតែ​ជំរុញ​និង​អភិវឌ្ឍ​ទៅមុខទៀត​។  ការសហការ​ជាមួយ​ឥណ្ឌា​ក្នុង​ការពង្រឹង​វិស័យ​សន្តិសុខ ជា​រឿង​ដែល​មិនអាច​មើលរំលង​ឡើយ​សម្រាប់​អាស៊ាន​។ នេះ​ក៏​ព្រោះថា​ឥណ្ឌា​និង​អាស៊ាន​ប្រឈមមុខ​បញ្ហា​សន្តិសុខ​ស្ទើ​ប្រហាក់ប្រហែលគ្នា​នាពេល​បច្ចុប្បន្ននេះ​។ ជុំវិញ​ការ​ជំ​វុ​ញ​ការផ្សាភ្ជាប់​លើ​វិស័យ​នយោបាយ​និង​សន្តិសុខ អោយ​ប្រាកដ​ទៅ ឥណ្ឌា​សហការ​ជាមួយ​អាស៊ាន​ក្នុង​កម្រិត​ច្រើន​ផ្សេងគ្នា​។ ឥណ្ឌា​បាន​ភ្ជាប់​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន​តាមរយៈ​ការចូលរួម​ក្នុង​វេទិការ​តំបន់​អាស៊ាន សន្និសីទ​កំពូល​អាស៊ី​បូព៌ា និង​កិច្ចប្រជុំ​បូក រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ថែមទៀត​ផង​។  ម្យ៉ាង ឥណ្ឌា​នេះឯង​ដែលជា​ប្រទេស​ដំបូង​បំផុត​ដែល​បង្កើត​ចំណងមិត្តភាព​ក្នុងនាម​ជា​ដៃគូ​ពិភាក្សា​ជាមួយ​អាស៊ាន​ហើយ​អ្វីដែល​សំខាន់​នោះ​មហា​យក្ស​ឥណ្ឌា​នេះ​បាន​ភ្ជាប់​ខ្លួន​ដោយ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ (TAC) នៅក្នុង​ឆ្នាំ​២០០៣ ស្របគ្នា​ជាមួយ​ប្រទេស​ចិន​។​

​មកទល់​បច្ចុប្បន្ន​មេដឹកនាំ​អាស៊ាន​និង​ឥណ្ឌា​រំពឹងទុក​ជាស្រេច​ថា​នឹង​ជំរុញ​កិច្ចប្រតិបត្តិការ​និង​ទំនាក់ទំនង​រួមគ្នា​លើ​វិស័យ​សន្តិសុខ និង​យោ​បាយ​ដើម្បី​ទប់ទល់​និង​ដោះស្រាយ​បញ្ហា​សន្តិសុខ​តំបន់​មួយចំនួន​ដូចជា​បញ្ហា​ភេរវកម្ម សន្តិសុខ​អ៊ី​ន​ធឺ​ណែ​ត សន្តិសុខ​ដែនសមុទ្រ និង​បញ្ហា​គ្រោះធម្មជាតិ​ថែមទៀត​ផង​។ ក្រៅពីនេះ​គេ​ក៏​សម្លឹង​ឃើញ​ពី​តួនាទី​សំខាន់​របស់​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ក្នុង​ការជំរុញ​ដល់​ដំណើរ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​នៅក្នុង​តំបន់​អាស៊ាន បើ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ដ្បិត​ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ចាស់វស្សា​ហើយ​។ ហើយ​ម្យ៉ាង​តួនាទី​របស់​ឥណ្ឌា​ក៏​នឹង​ជួយ​កាត់​បន្ថយកម្តៅ​នយោបាយ និង​ការ​ប្រជែង​ពង្រីក​ឥទ្ធិពល​និង​អំណាច​របស់​មហា​យក្ស​ចិន និង​បី​តា​ប្រជាធិបតេយ្យ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ទាំងមូល​ផង​។

​ក្រៅពី​ចំណង​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ ឥណ្ឌា​និង​អាស៊ាន​ក៏​ព្យាយាម​ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំរុញអោយមាន​ការផ្សាភ្ជាប់​រវាង​ប្រជាជន​អាស៊ាន​និង​ឥណ្ឌា ស្ថាប័ន​ដឹកនាំ​និង​ស្ថាប័ន​ដឹកនាំ និង​ជាពិសេស​ការផ្សាភ្ជាប់​ផ្នែក​ខាងក្រៅ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បង្កើន​តំបន់​ទាំងពីរ​អោយ​កាន់តែ​ខិតជិត​គ្នា​ផង​។ បច្ចុប្បន្ននេះ​រដ្ឋាភិបាល​ឥណ្ឌា​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការបង្កើន​ការផ្សាភ្ជាប់​ជាមួយ​អាស៊ាន​លើ​គ្រប់​វិស័យ ដូចដែល​ឃើញស្រាប់​រដ្ឋាភិបាល​ថ្មី​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានប្រែក្លាយ​គោលនយោបាយ​ក្រឡេក​មើលទៅ​ទិសខាងកើត (Look East ) មកជា​ការធ្វើសកម្មភាព​នៅ​ទិសខាងកើត​វិញ (Act East Policy) វិញ ដែល​ទិសខាងកើត​នេះ​សម្តៅលើ​អាស៊ីអាគ្នេយ៍​នេះឯង​៕