អ្វី​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដើមឆ្នាំ​២០១៦?

​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបី​នៃ សមាហរណកម្ម​អាស៊ាន ។ តាមរយៈ​សេចក្តីសម្រេច​របស់​មេដឹកនាំ​កំពូល​អាស៊ាន​ទាំង​ដប់​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង​គួ​ឡា​ឡាំ​ពួរ កាលពី​ចុងខែ វិច្ឆិកា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ត្រូវបាន​ប្រកាស​ដំណើរ​ជា​ផ្លូវការ ដែល​នឹងត្រូវ​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៦​នេះ​តទៅ ។

​គឺ​សល់​មិន​ដល់​មួយខែ​ទៀត​ទេ សមាហរណកម្ម​អាស៊ាន ដែល​សំដៅលើ​ការ​ប្រែក្លាយ​តំបន់​អាស៊ាន ឲ្យ​ទៅជា​សហគមន៍​សេដ្ឋកិច្ច​នឹងត្រូវ​ចាប់ផ្តើម​ហើយ​។ ដូចដែល​បានកំណត់​នៅក្នុង AEC Blueprint ចក្ខុវិស័យ​របស់​អាស៊ាន មាន​ទិសដៅ​សំខាន់​បួន​នៅក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​ដែល​នឹងត្រូវ​សម្រេច​។ ក្នុងនោះ​រួមមាន​ការ​ប្រែក្លាយ​តំបន់​អាស៊ាន​ឲ្យ​ទៅជា​៖
 -​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​រួម​តែមួយ​
- តំបន់​មួយ​ដែលមាន​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ខ្ពស់​
- តំបន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​
- តំបន់​សមាហរណកម្ម​ទៅជា​សេដ្ឋកិច្ច​សកល​

​ដោយឡែក​សម្រាប់ ជំហាន​ដំបូង​នៃ​ដំណើរការ​នៃ​សហគមន៍​សេដ្ឋកិច្ច​ចុងឆ្នាំ​២០១៥ ឬ​ដើមឆ្នាំ​២០១៦ នេះ គឺមាន​គោលដៅ​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ ដើម្បី​ជំរុញ​តំបន់​នេះ​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង សន្ទុះ​ខ្លាំង និង​ធ្វើ​សមាហរណកម្ម​គ្នា​កាន់តែខ្លាំង​ឡើង​។ ជំហាន​នេះ គឹ​ធ្វើ​សេរីភាវូបនីយកម្ម​លើ​វិស័យ​សំខាន់​ចំនួន​៥​ដែល​រួមមាន​៖ 
១. លំហូរ​ទំនិញ​ដោយ​សេរី​
២. លំហូរ​សេវាកម្ម​ដោយ​សេរី​
៣.​លំហូរ​ទុនវិនិយោគ​ដោយ​សេរី
៤. លំហូរ​មូលធន​ដោយ​សេរី និង
៥. លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​៕