ពលរដ្ឋ​ខ្មែរ​និង​បរទេស​ប្រមាណ​១០​ម៉ឺន​នាក់​ចូល​រួម​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​នៅ​សៀមរាប

ខេត្ត​សៀមរាប គឺ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ច្រើន​ជាង​គេ​បំផុត នៅ​ក្នុង​ចំណោម​បណ្ដា​ខេត្ត-​ក្រុង​ចំនួន ២៤ ផ្សេង​ទៀត​របស់​កម្ពុជា។ ខេត្ត​នេះ​ក៏​ទាក់ទាញ​អ្នក​ទេសចរណ៍​ជា​ច្រើន​អោយ​មក​លេង​កម្សាន្ត​ក្នុង​ពិធី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​សកល​ដែរ។

ចាប់​តាំងតែ​ពី​ព្រលប់​រហូត​ទៅ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​យ៉ាង​ច្រើន​ណែនណាន់តាន់តាប់ បាន​ចូលរួម​សប្បាយ​ធ្វើ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៦ ជាមួយ​គ្នា នៅ​ជុំវិញ​បរិវេណ​តំបន់​ផ្សារ​ចាស់​ដែល​ជា​កន្លែង​ប្រជុំ​ក្រុម​ជនបរទេស។

សំឡេង​ស្រែក​ថា សួស្ដី​ឆ្នាំ​ថ្មី ជា​ភាសា​អង់គ្លេស​ដែល​ចេញ​ពី​មាត់​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​កាន់​ជនបរទេស និង​ពី​ជនបរទេស​មក​កាន់​ពលរដ្ឋ​ខ្មែរ បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​របស់​កម្ពុជា កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​ថ្ងៃ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​អបអរ​រង់ចាំ​ទទួល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ មក​ដល់។

អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​កម្ពុជា និង​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ១០​ម៉ឺន​នាក់ បាន​នាំ​គ្នា​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៦ កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

ក្រៅ​ពី​នៅ​តាម​ទី​សាធារណៈ​ដែល​មាន​ហ្វូង​មនុស្ស​កុះករ​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី គឺ​នៅ​តាម​សណ្ឋាគារ​ជា​ច្រើន​ទៀត ក៏​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ឆ្នាំ​ថ្មី ព្រមទាំង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​ដែល​កំពុង​ស្នាក់នៅ​ដែរ។

នៅ​ក្នុង​សណ្ឋាគារ​បូរី អង្គរ កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ គឺ​មាន​រៀបចំ​ពិធី​លៀង​សាយភោជន ពិសេស​សម្រាប់​ភ្ញៀវ​ដែល​ស្នាក់​នៅ ព្រមទាំង​មាន​ការ​សម្ដែង​សិល្បៈ​ឆៃយ៉ាំ និង​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ជូន​ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ទស្សនា​ទៀត​ផង។

​ចំណែក​នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​ក្នុង​ទីរួម​ខេត្ត​សៀមរាប ចាប់​តាំង​តែ​ពី​មុខ​សណ្ឋាគារ ហ្គ្រែន (Grand Hotel) តាម​មាត់​ស្ទឹង ជាពិសេស​គឺ​ផ្លូវ ផប់ ស្ត្រីត (Pub Street) តំបន់​ផ្សារ​ចាស់ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​យ៉ាង​ច្រើន​ណែនណាន់​ចូលរួម​រាំ​សប្បាយ​ជាមួយ​គ្នា​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦។

អភិបាល​ខេត្ត​សៀមរាប ដែល​បាន​ធ្វើ​ដំណើរ​ស្វាគមន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​នៅ​តាម​ដង​ផ្លូវ គឺ​លោក ឃឹម ប៊ុនសុង។ លោក​មាន​ប្រសាសន៍​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​រួម​ឆ្លង​ឆ្នាំ​ពេល​នេះ គឺ​ប្រហែល​ជា ១០​ម៉ឺន​នាក់។ លោក ឃឹម ប៊ុនសុង បាន​ជូនពរ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​សូម​ឱ្យ​បាន​សេចក្ដី​សុខ​ចំរើន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​មក​ដល់​នេះ៖ «ពលរដ្ឋ​យើង​ទាំង​អស់​នៅ​ក្នុង​ខេត្ត​សៀមរាប នេះ​រាល់​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តែង​នាំ​គ្នា​ទៅ​បន់ស្រន់​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដើម្បី​សុំ​សេចក្ដី​សុខ»

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី ក្នុង​ទឹក​មុខ​រីករាយ ក៏​បាន​បួងសួង​សុំ​សេចក្ដី​សុខ​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន​ឯង ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ដូច​គ្នា​នេះ​ដែរ។

បុរស​អ្នក​ខេត្ត​សៀមរាប ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​ទៀត ដែល​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ លោក សាវី មាន​ប្រសាសន៍​ថា លោក​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ច្រើន​កុះករ មក​ចូល​រួម​សប្បាយ​ជាមួយ​គ្នា​ដូច្នេះ៖ «សុំ​ឱ្យ​មាន​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ​ រក​ស៊ី​មាន​បាន ហើយ​សូម​ឱ្យ​បង​ប្អូន​ទាំង​អស់​ក៏​មាន​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ​រក​ស៊ី​មាន​បាន​ទាំង​អស់​គ្នា»

​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន បាន​នាំ​គ្នា​ដើរ​លំហែ​នៅ​តាម​ដង​ផ្លូវ​ដើម្បី​រួម​សប្បាយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប​នេះ។ ពួកគេ​ខ្លះ​ចូល​រាំ​កម្សាន្ត​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ទឹក​មុខ​រីករាយ។

​ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់ ដែល​ដើរ​មាន​គ្នា​ជា​ក្រុម លើកដៃ​គ្រវី​ស្វាគមន៍​ផង មាន​ប្រសាសន៍​ថា នាង​ទើបតែ​មក​ខេត្ត​សៀមរាប ជា​លើកដំបូង ហើយ​នាង​ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ថ្មី​នៅ​កម្ពុជា៖ «វត្តមាន​របស់ខ្ញុំ​នៅ​កម្ពុជា លើក​ដំបូង​នេះ ពិត​ជា​រំភើប​ណាស់។ ខ្ញុំ​រីករាយ​ក្រោយ​ពី​ខ្ញុំ​បាន​ឃើញ​ប្រាសាទ​បុរាណ​ដ៏​ស្អាត​នៅ​ពេល​ថ្ងៃ ហើយ​មក​ជួប​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​នៅ​ពេល​យប់​ទៀត​នេះ»

​នៅ​គ្រប់​ទីកន្លែង​ជិត​តំបន់​ផ្សារ​ចាស់ មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះករ ដោយ​ខ្លះ​នាំ​គ្នា​អង្គុយ​លេង​នៅ​តាម​សួន​មាត់​ស្ទឹង ក្រោម​ពន្លឺ​ភ្លើងពណ៌ និង​ខ្លះ​ទៀត​នាំ​គ្នា​លេង​បាច​ម្សៅ ហើយ​លាយឡំ​ជាមួយនឹង​សំណើច​យ៉ាង​ខ្ញៀវខ្ញារ។

ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប បាន​បញ្ចប់​រហូត​ដល់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ក្រោម​សំឡេង​បាញ់​កាំជ្រួច​លាន់​ឭ​រំពង ហើយ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ផ្ទៃ​មេឃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។