តក់ សោភ័ណ្ឌ តស៊ូជាមួយ ធា នុរាជបានឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន SEA-TV រសៀល​ថ្ងៃទី​២​មករា​២០១៦​នេះ​អ្នក​ប្រដាល់​តក់ សោ​ភ័​ណ្ឌ​ក្លិប​ម្កុដ​រាជសីហ៍​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ធា នុ​រាជ​ក្លិប​ពោធិ៍​ជ័យ​កីឡា ។​

​    ​នេះ​ជាការ​ប្រកួត​គ្នា​ដំបូង​ហើយ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ស្ទើរ​តែ​ស្ថិតក្នុង​បញ្ជីខ្មៅ​ ទៅហើយ​ដោយសារតែ​ការប្រកួត​របស់គេ​ភាគច្រើន​ជួប​បរាជ័យ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​ក្លិប​នោះ​ថា​អ្នក​ប្រដាល់​រូបនេះ​មិនសូវ​ខ្វល់ខ្វាយ​ ពី​ការហ្វឹកហាត់​ឡើយ ។ អ្នក​ប្រដាល់​រូបនេះ​បើ​ហ្វឹកហាត់​ជាប្រចាំ​នោះគេ​វ៉ៃ​បានល្អ​ដែរ ។​

​     ​នុ​រាជ​ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែលមាន​ស្នៀត​សំបូរបែប​ពិសេស​ ស្នៀត​លោត​ទាត់​ផ្កាប់​ចាន តែ​ការ​ប្រកួត​របស់គេ​កន្លងមក​ក៏​មិនសូវ​បាន​លទ្ធផល​ល្អ​ដែរ ។​ការ​លោត​ទាត់​ផ្កាប់​ចាន​របស់គេ​មិនដែល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ​ មិនតែប៉ុណ្ណោះ​មាន​គ្រោះថ្នាក់​ខ្លួនឯង​វិញ​ក៏មានដែរ ។ តែ​ក្រៅពី​ស្នៀត​លោត​ទាត់​ផ្កាប់​ចាន​នោះ​កណ្ដាប់ដៃ កែង​ និង ជ​ង្ក​ង់​របស់គេ​ក៏​មិន​អន់​ដែរ ។​

​    ​ការជួបគ្នា​នេះ​បើ​សោ​ភ័​ណ្ឌ​ហ្វឹកហាត់​បានល្អ​គេ​អាច​នឹង​បាន​ជ័យជំនះ តែបើ​ខ្ជិល​ហើយ​នោះ​គ្មានអ្វី​ក្រៅពី​ជួប​បរាជ័យ​ទៀត​នោះទេ ។​

​    ​ម៉ន រ៉ៃ​យ៉ា​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដែរនោះ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ​ជាមួយ​អ្នក​ប្រដាល់​គុន សំណង​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធ​តែមាន​សមត្ថភាព​វាយលុក និង ការពារ​ល្អ​ដូចគ្នា​តែ​កណ្ដាប់ដៃ និង​ចលនា​បំលាស់​ទី​របស់​រ៉ៃ​យ៉ា​លឿន ។ ចំពោះ​សំណង​វិញ​ការ​វ៉ៃ​ចេញ​បាន​លឿន​តែ​របៀប​ចល័ត​របស់គេ​យឺត ឯ​ របៀបការ​ពារ​ក៏​ហាក់ដូចជា​ខ្សោយ​ដែរ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ ប្រកួត​នេះ ?

​    ​យុគ យក្ស​ខួច​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សែត ប៊ូ​កើត​ក្លិប​ដួង​សែន​សុខ ។ អ្នក​ ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​យក្ស​ខួច​ក្នុងចំណោម​បងប្អូន ៤ នាក់​គឺមាន ៣​នាក់​ហើយ​ជា​អ្នក​ប្រដាល់ ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ និង​ក្លាហាន​ណាស់​នៅលើ​សង្វៀន​គេ​មិន​ខ្វល់​ថា​គូប្រកួត​នោះ​ខ្លាំង​ឬ​ខ្សោយ ​ឡើយ​សំខាន់​គឺ​ទម្ងន់​ស្មើគ្នា​គេ​មិន​ញញើត​ទេ ។​យក្ស​ខួច​គេ​មាន​កម្លាំង និង កលល្បិច​ល្អ ។ ចំពោះ​ប៊ូ​កើត​មិនសូវ​ជា​លេចមុខ​លេច​មាត់​នោះទេ ។ នរណា​ឈ្នះ ?

​    ​សំរាំង ភក្ដី​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​សាត ពុទ្ធិ​សូត្រ​ក្លិប​គុន​ខ្មែរ​អង្គរ​ក្នុង​ប្រភេទ​ទម្ងន់​ ៥១​គីឡូក្រាម ។ ផាន រះ​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​លីន ចំរើន​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​