​ការព្យាបាល​ជំងឺ​ដើមឈើ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

សៀមរាប: នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទ ព្រៃឈើ និង​សហគមន៍​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ ជាក់ស្តែង កិច្ចប្រជុំ ICC-Angkor ក៏បាន​សម្រេច​ផងដែរ​ថា នៅក្នុង​ឧទ្យាន​អង្គរ​មាន​ធាតុ​សំខាន់បំផុត ចំនួន​០៣ គឺ​ប្រាសាទ​តំណាងឱ្យ (​វប្បធម៌​) ធម្មជាតិ (​ដើមឈើ សត្វព្រៃ ទឹក​។​ល​។​) និង​សហគមន៍ (​ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី​) ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​។​

​ក្នុងចំណោម​ធាតុ​ទាំងបី​នេះ ដើមឈើ​បានធ្វើ​ឲ្យ​ឧទ្យាន​អង្គរ​មាន​សោភណភាព​ស្រស់ស្អាត និង​ជា​រនាំង​ការពារ​ប្រាសាទ​ផងដែរ​។ ប៉ុន្តែ​ដោយសារ​កត្តា​ធម្មជាតិ​និង​មនុស្ស​បានធ្វើ​ឲ្យ​ដើមឈើ​ធំៗ​ខ្លះ​មាន​ជំងឺ​ដែល​ចាំបាច់​ត្រូវធ្វើ​ការព្យាបាល​ឱ្យទាន់ពេល ដើម្បី​ឲ្យ​ដើមឈើ​លូតលាស់​ល្អ មាន​សុខភាព​រឹងមាំ​ឡើងវិញ​។​

​ក្នុង​បទ​បង្ហាញ​ដល់​អង្គពិធី នាឱកាស​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ កាលពី​ថ្ងៃទី​៣១ ធ្នូ​ម្សិលមិញ​នេះ លោក ទូច តេ​ត្រា ប្រធានការិយាល័យ​គ្រប់គ្រង​ទេសភាព​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ដើមឈើ​ក៏​ដូច​មនុស្ស​ដែរ វា​ត្រូវការ​អុកស៊ីសែន ការ​សម្រាក ចំណីអាហារ ទឹក មាន​ជំងឺ និង​ត្រូវការ​ព្យាបាល​ដូចគ្នា​។​

​លោក​ក៏បាន​លើកឡើង​ផងដែរ​អំពី​ដើមឈើ​មាន​ជំងឺ​ត្រូវ​ព្យាបាល គឺ​ដើមឈើ​ដែលមាន​របួស​ដោយ​ការកាប់ ចាំង ដំ​ដែកគោល ឬ​សរសេរ​អក្សរ​ពីលើ ដែល​ធ្វើឱ្យ​ឆ្លង​មេរោគ​។ ដើមឈើ​ខ្លះ​ក៏មាន​ដំបៅ​ដែល​បង្កឡើង​ដោយ​ផ្សិត ការពុក​តួ​ដើមឈើ និង​ពុក​គល់​។ ដើមឈើ​ដែល​ដំបៅ​ឫស ដោយ​សកម្មភាព​មនុស្ស​ជាន់​ពីលើ​ជា​រៀងរាល់ថ្ងៃ​ឬ​មាន​វត្ថុ​ធ្ងន់ៗ​សង្កត់​លើ​។ ដើមឈើ​ដំបៅ​គល់​ដោយ​ការ​ចោះ​យក​ជ័រ និង​ដើមឈើ​ដែលមាន​ក្រណាត់​រុំ​ជុំវិញ​ដើម​។​

​លើសពីនោះ លោក​តេ​ត្រា​បញ្ជាក់ថា ដើមឈើ​ក៏មាន​ជំងឺស្ត្រេស​ដែរ​។ ជំងឺ​នេះ​បង្កឡើង​ដោយ​ចាក់ដី​ហាប់​ណែន ចាក់​បេតុង​ពីលើ​ឬ​ចាក់ដី​លុប​គល់​ដែលមាន​ជម្រៅ​ជ្រៅ និង​ការដាក់​ពន្លឺភ្លើង​អ​គិ្គ​ស​នី​ខ្លាំង​ជិត​ដើមឈើ​ជា​រៀងរាល់ថ្ងៃ ដែល​បង្ករ​ផលប៉ះពាល់​ដល់​ដំណេក​របស់​ដើមឈើ​។​

​ចំណែក​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល ត្រូវអនុវត្ត​ទៅតាម​ប្រភេទ​ជំងឺ​ផ្សេងៗ​គ្នា​។ ចំពោះ​ឈើ​ដែល​ពុក​គល់ ឬ​ដើម ត្រូវ​កោស​និង​លាង​សម្អាត​សាច់​ឈើពុក​ឬ​ដុះ​ផ្សិត​ឲ្យ​ស្អាត បន្ទាប់មក​បាញ់​ឬ​លាប​ជ័រទឹក​នៅលើ​ផ្ទៃ​ដែល​បាន​សម្អាត​ហើយ​នោះ​។ ជំងឺ​ខ្លះ ត្រូវ​បិទ​ប្រហោង​តូចៗ​ដោយ​ប្រើ​ល្បាយ​ដីដំបូក​ក៏បាន ដោយ​ក្រមួន​ក៏បាន​តាម​លទ្ធភាព​ដែល​យើង​មាន ហើយ​ត្រូវធ្វើ​ចង្អូរ​បង្ហូរទឹក​និង​ដី ចេញ​ផង​។​

​ចំណែក​ដើមឈើ​ខ្លះទៀត​ដែលមាន​ឫស​ធំៗ​ចេញផុត​ពី​ដី ជាពិសេស​ក្នុង​តំបន់​ប្រាសាទ ដែលមាន​ភ្ញៀវ​ទស្សនា​ច្រើន ដើរកាត់ អង្គុយ​ពីលើ ហើយ​បង្ក​ឲ្យ​មាន​ជំងឺ​នោះ យើង​ធ្វើ​កម្រាល​ឈើ​ឬ​ជណ្តើរ​ឈើ​កុំ​ឲ្យ​មនុស្ស​ឈរ​ឬ​ដើរ​ពីលើ​តទៅទៀត​។ ចំណែក​ជំងឺស្ត្រេស​វិញ ត្រូវ​ព្យាបាល​ដោយ​យក​ពន្លឺ​អគ្គីសនី​ចេញ​ឬ​បន្ថយ​ពន្លឺ​ឲ្យ​មក​នូវ​កម្រិត​ទាប​។ ឈូសឆាយ​ធ្វើ​ឲ្យ​ដី​ធូរ​ឬ​គាស់​យក​បេតុង​ចេញ ដាក់​ជី ដាំ​ស្មៅ​ពីលើ ។​ល​។ កាប់​រណ្តៅ​ជុំវិញ​គល់ឈើ ស្រោច​ទឹក ដាក់​ជី​។​

​គួរបញ្ជាក់​ផងដែរ​ថា បច្ចេកវិទ្យា​ដ៏​វិសេស​នេះ​ត្រូវបាន​បង្ហាត់បង្រៀន​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​ឥណ្ឌា ហើយ​ក្នុង​ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ព្យាបាល​ជំងឺ​ដើមឈើ​បាន​ចំនួន​៨៤១​ដើម នៅតាម​ប្រាសាទ​នានា​និង​ផ្លូវ​វង់​ទស្សនា​នៅក្នុង​ឧទ្យាន​អង្គរ​៕

​ការព្យាបាល​ជំងឺ​ដើមឈើ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​ការព្យាបាល​ជំងឺ​ដើមឈើ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​ការព្យាបាល​ជំងឺ​ដើមឈើ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​ការព្យាបាល​ជំងឺ​ដើមឈើ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​