ឃាត់ខ្លួននារី​ជា​បុគ្គលិក​ក្រុមហ៊ុន​ស្កា​យ​កូរ៉េពី​បទ​ឆបោក​លុយ​១២.៦២៥​ដុល្លារ

ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ពី​ករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ដ​នៅ​ក្នុង​អំឡុង​ខែឧសភា​ឆ្នាំ​២០១៥ ដោយ​បាន​យក​លុយ​របស់​ក្រុមហ៊ុន​ស្កា​យ​កូរ៉េ (SKY KOREA) ចំនួន​១២៦២៥​ដុល្លារ​ឱ្យមក​ទូទាត់​វិញ នៅ​ក្នុង​ការងារ​ក្រុមហ៊ុន បែរជា​មិន​មក​ទូទាត់​ឱ្យ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​នារី​ម្នាក់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ។

ហេតុការណ៍​ឃាត់ខ្លួន​នារី​ខាងលើ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា នារី​សង្ស័យ​ឈ្មោះ​លឹ​ម លី​សុ​ថា​រី អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ស្កា​យ​កូរ៉េ ( SKY KOREA) មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ។ សមត្ថកិច្ច​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម ហាក់​ស៊ូ (KIM HAKSOO) ប្រធាន​ក្រុមហ៊ុន​ស្កា​យ កូរ៉េ ( SKY KOREA ) ។

ករណី​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត គឺ​ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០១៥ យក​លុយ​របស់​ក្រុមហ៊ុន​អស់​ចំនួន​១២.៦២៥​ដុល្លារ (​មួយ​ម៉ឺន​ពីរ​ពាន់​ប្រាំមួយ​រយ​ម្ភៃ​ប្រាំ​ដុល្លារ​) ដែល​ក្រុមហ៊ុន​ទុក​យក​ទៅ​ទូទាត់​ឱ្យ​ខាង​សណ្ឋាគារ (​ជា​ដៃគូ​រកស៊ី​របស់​ក្រុមហ៊ុន​) នៅ​ក្នុង​ក្រុង​សៀមរាប តែ​ពេល​នាង​បាន​លុយ​ហើយ ត្រូវ​នារី​នោះ បែរជា​យក​លុយ​របស់​ក្រុមហ៊ុន​ទៅ​បង្វិល​សងបំណុល ដែល​នាង​បាន​ជំពាក់​ផ្ទាល់ខ្លួន​ទៅ​វិញ​។

បច្ចុប្បន្ន នារី​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ ។