ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ២០១៦​សម្លាប់​មនុស្ស​១នាក់​និង​របួស​១១នាក់​នៅ​អាហ្វហ្គានីស្ថាន

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ២០១៦​សម្លាប់​មនុស្ស​១នាក់​និង​របួស​១១នាក់​នៅ​អាហ្វហ្គានីស្ថាន

ភោជនីយដ្ឋាន Le Jardin ដែល​មាន​ភាព​ពេញ​និយម​សម្រាប់​ជន​បរទេស​ និង​មន្រ្តី​អាហ្វហ្គានីស្ថាន​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។

ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា មាន​ការ​ផ្ទុះ​មួយ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បាន​នាំ​ឱ្យ​មនុស្ស​១១នាក់​ទៀត​ត្រូវ​របួស។ ក្រុម​តាលីបង់​បាន​ប្រញាប់​អះអាង​ទាមទារ​ការ​ទទួលខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ​ ហើយ​បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​របស់​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​នោះ។​

ការ​ផ្ទុះ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​មួយ​មាន​មនុស្ស​រស់​នៅ​ ចំ​កណ្តាល​ក្រុង​នេះ​ដែល​មាន​ផ្ទះ​នៃ​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​ជាច្រើន​នាក់ និង​មាន​ផ្ទះ​សំណាក់​ផង​ដែរ។​ គេ​មិន​បាន​ដឹង​ច្បាស់លាស់​ភ្លាមៗ នៅ​ឡើយ​ទេ​អំពី​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នេះ។​

សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ដែល​អ្នកនាំ​ពាក្យ​តាលីបង់ ឈ្មោះ​ Zabihullah Mujahid ផ្ញើ​ទៅ​ឱ្យ VOA នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ (Islamabad) បាន​អះអាង​ថា​ជា​ការ​វាយ​ប្រហារ​អត្តឃាត​មួយ​ទៅ​លើ​ភោជនីយដ្ឋាន​បរទេស​មួយ​កន្លែង។សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​ ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​តាលីបង់​បាន​ធ្វើ​ឱ្យ​មាន​ការ​ស្លាប់​មនុស្ស​ច្រើន​នាក់​ ក៏​ប៉ុន្តែ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ទេ​អំពី​ចំនួន​អ្នក​វាយ​ប្រហារ។​

លោក Sediq Sediqqi អ្នកនាំ​ពាក្យ​នៃ​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​និយាយ​ ថា​កង​កម្លាំង​សន្តិសុខ​បាន​ស្ថិត​នៅ​នឹង​កន្លែង​មាន​ការ​ផ្ទុះ​នោះ​ ហើយ​ថា​ក្រុម​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត។

លោក​បាន​និយាយ​ថា​ នៅ​ពេល​បន្ទាប់​មក​ជន​ជាប់​សង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក៏​ប៉ុន្តែ​លោក​មិន​បាន​និយាយ​ឱ្យ​បាន​ក្បោះក្បាយ​ទេ៕