ជនជាតិ​យួន​ឆ្លងដែន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​ហើយ ប្រើ​កាំភ្លើង​គំរាមកំហែង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ទៀត​

​អំពើពុករលួយ​របស់​សមត្ថកិច្ច​តាម​ព្រំដែន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ជនជាតិ​យួន​អាច​ឆ្លងដែន​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ចំនួន​២ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​រកឃើញ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ព្រៃ​ការពារ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ជនជាតិ​យួន​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​លើ​ទឹកដី​ខ្មែរ​បាន​ប្រើ​កាំភ្លើង​បាញ់​គំរាម​ប្រជា​សហគមន៍​យ៉ាង​កំរោល នៅពេលដែល​ប្រជា​សហគមន៍​ស្ទាក់​ចាប់បាន​គ្រឿងយន្ត​និង​សម្ភារៈ​កាត់ឈើ​របស់​ពួកគេ​។​

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា បាន​រៀបរាប់ថា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ពួកគាត់​២៧​នាក់​បាន​ល្បាត​ការពារ​ព្រៃ ហើយក៏​ប្រទះឃើញ​ស្នាម​ដឹកជញ្ជូន​ឈើ​ទើប​ក្រុម​ល្បាត​ពួន​ឃ្លាំមើល​រហូតដល់​យប់​ក៏​ប្រទះឃើញ​ជនជាតិ​យួន​មួយក្រុម​ប្រដាប់​ដោយ​គោយន្ត ម៉ាស៊ីន​កាត់ឈើ និង​ម៉ូតូ​រាប់សិប​គ្រឿង កំពុង​នាំគ្នា​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិរក្ស​មណ្ឌលគិរី ចំណុច​អូរ​ប៉ុល ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ឃុំ​ប៊ូ​ស្រា​។ នៅពេលនោះ​ជនជាតិ​យួន​បាន​ប្រើ​កាំភ្លើង​បាញ់​៣​គ្រាប់​គំរាម​មិន​ឲ្យ​ប្រជា​សហគមន៍​ចាប់ខ្លួន​ពួកគេ ហើយ​ពួកគេ​បាន​រត់ចោល​គោយន្ត ម៉ាស៊ីន​កាត់ឈើ ម៉ូតូ និង​គំនរ​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ព្រៃ​។ តំណាង​សហគមន៍​ឃុំ​ប៊ូ​ស្រា បាន​ឲ្យ​ដឹងថា ដោយសារតែ​យប់​ងងឹត​ខ្លាំងពេក​ទើប​ពួកគាត់​នាំយក​គោយន្ត​២​គ្រឿង ម៉ាស៊ីន​កាត់ឈើ​៤​គ្រឿង​ត្រឡប់មក​ភូមិ​វិញ ចំណែក​ឈើ​គគីរ និង​ម៉ូតូ​១០​គ្រឿង​ទៀត​ត្រូវបាន​ទុកចោល​នៅ​ក្នង​ព្រៃ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី រិះគន់ថា​អ្វីៗ​កើតចេញពី​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ចការពារ​ព្រំដែន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្តែង​បន្ទាប់ពី​លោក វង់ សុក្រ​សិរី មក​ធ្វើជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ជំនួស​លោក កែប កត់ គឺ​បទល្មើស​ព្រៃឈើ​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​ជនជាតិ​យួន​នៅតែ​ឆ្លងដែន​ចូលមក​កាប់​ឈើ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា យ៉ាង​អនាធិបតេយ្យ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គ្រប់លំដាប់​ថ្នាក់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​៕

12463791_943823662377891_120941797_n 12476033_943823642377893_1469826257_n 12483704_943823619044562_232964871_n 12467868_943823649044559_2060509077_nប្រជាសហគមន៍ការពារព្រៃឈើនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ​