កូនប្រុស​ច្បង​សម្តេច​តេ​ជោ​អះអាង​ថា​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ត្រឹមត្រូវ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ឪពុក​របស់​លោក​មិន​ចង់​បន្សល់​ទុក​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ដោះស្រាយ​នោះ​ទេ និង​អះអាង​ថា យន្តការ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ធ្វើ​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​។ នេះ​បើ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប រយៈពេល​ជិត​១០​នាទី​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​នា​ថ្ងៃ​ទី​៣០ ខែធ្នូ ក្នុង​ពិធី​សំណេះសំណាល​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ក្រុមការងារ​យុវជន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​សំខាន់​ៗ​ចំនួន​៤ មាន​ប្រទេស​បារាំង បែ​ល​ហ្ស៊ិ​ក អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ស្វ៊ី​ស រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ពង្រឹង​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ចំណុច​ពីរ​ដែល​ត្រូវ​ពិចារណា គឺ​ទី​មួយ ទុក​បញ្ហា​ព្រំដែន​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដោះស្រាយ និង​ទី​ពីរ ដោះស្រាយ​ឲ្យ​ចប់​ដោយ​ការ​ទទួលខុសត្រូវ​។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​ច្បាស់ ហើយ​រាជរដ្ឋាភិបាល​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់ ហើយ​ហ៊ាន​អារកាត់​រឿង​នេះ ដើម្បី​ឲ្យ​ចប់​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ច្បាស់​ហើយ​ថា​ខ្លួន​នឹង​មិន​មាន​(​ប្រឈម​)​កំហុស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ជា​អ្នក​ក្បត់ជាតិ ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ ទឹកដី​នោះ​ទេ ។ អុ​ី​ចឹ​ង អ្វី​ដែល​លោក អ៊ុំ ពូ មីង បងប្អូន ខ្ញុំ​ជឿ​ទុកចិត្ត គឺ​ការ​ពិត​នេះ​ហើយ​នៅ​ក្នុង​ការ​ការពារ​ទឹកដី​ទុក​ឲ្យ​កូនចៅ​របស់​យើង​ទៅ​ថ្ងៃក្រោយ គឺ​ផ្អែក​លើ​មូលដ្ឋាន ហើយ​បើ​បងប្អូន​ពូ​មីង តាមដាន​ទៅ​ឃើញ​ហើយ មូលដ្ឋាន​ច្បាប់ មូលដ្ឋាន​តម្លាភាព​ដែល​យើង​ហ៊ាន​ហៅ​អន្តរជាតិ​ជិះ​កប៉ាល់​ហោះ​… (​មក​ប្រគល់​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី )» ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់​ថា អាច​មានការ​បកស្រាយ​ផ្សេង​ៗ​គ្នា​លើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ប៉ុន្តែ​រាជរដ្ឋាភិបាល​ធ្វើ​ការងារ​នេះ ដោយ​មាន​តម្លាភាព មិន​ចង់បាន​ចំណេញ​ពី​ភាគី​ម្ខាង​ទៀត ។ លោក​សង្កត់ធ្ងន់​ថា «​គ្រាន់តែ​ពេល​នេះ កន្លែង​ខ្លះ យើង​នៅ​ដំណាក់កាល​ចរចា ដូច​យើង​លេងបៀ​អុ​ី​ចឹ​ង រឿង​តែ​ប៉ុណ្ណឹង ព្រោះ​ជួនកាល​បងប្អូន​ខ្លះ គាត់​ថា​អ្ហេ បើ​ច្បាស់លាស់​អុ​ី​ចឹ​ង ម៉េច​មិន​ព្រម​បង្ហាញ​គេ​នៅ​លាក់លៀម​លាក់លៀម វា​មិនមែន​លាក់លៀម​គ្នា​យើង​ទេ យើង​លាក់លៀម​ភាគី​ម្ខាង​ទៀត​ដែល​គេ​ចរចា ដើម្បី​ការពារ​ដី​គេ​ដែរ ព្រោះ​កុំ​ភ្លេច​ព្រំដែន ព្រំដែន​ការពារ​ផលប្រយោជន៍​ប្រទេស​ទាំង​សងខាង មិន​ឲ្យ​យើង​លូក​ទៅ​ដី​គេ មិន​ឲ្យ​គេ​លូក​មក​ដី​យើង​» ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​សម​ភាគី​វៀតណាម​ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ដោយ​ឈរ​លើ​ច្បាប់​ជាតិ អន្តរជាតិ និង​ប្រកបដោយ​ភាព​ត្រឹមត្រូវ​និង​ច្បាស់លាស់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា​៖ ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​គូសបញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​ត្រឹមត្រូវ និង​ច្បាស់លាស់ ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ​និង​អន្តរជាតិ ព្រមទាំង​អនុវត្ត​ជា​អន្តរជាតិ​ស្តី​ពី​ការ​ទទួលស្គាល់​ខ្សែ​ព្រំដែន​មិន​កែប្រែ ដែល​អាណានិគមនិយម​បារាំង​បាន​បន្សល់​ទុក​ឲ្យ ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​គ្រប់​ជំនាន់​ជា​បន្តបន្ទាប់ បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នេះ​រហូត​មក ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​គោក និង​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ។

ទាក់ទង​នឹង​ការ​បោះបង្គោល​ព្រំដែន​ត្រង់​ចំណុច​ភ្នំ​ដិ​ន ក្នុង​ខេត្តតាកែវ និង​ខេត្តរតនគិរី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្ម​រឿង​ព្រំដែន លោក អ៊ុំ សំ​អាន ត្រូវ​បាន​គេហទំព័រ​ក្នុងស្រុក​ស្រង់​សំដី​ផ្សាយ​ថា ការ​បោះបង្គោល​ព្រំដែន​នេះ រាជរដ្ឋាភិបាល​បាន​យក​តាម​សន្ធិសញ្ញា​កម្ពុជា​-​វៀតណាម ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​លោក​ថា រាជរដ្ឋាភិបាល​មិន​បាន​យក​តាម​ផែនទី​បោ​ន​ខ្នាត​១/១០០.០០០ ដែល​មាន​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ​នោះ​ទេ ។ លោក​អ៊ុំ សំ​អាន លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ព​ន្លឿ​ន​ការ​បោះបង្គោល​ព្រំដែន​នេះ​ឲ្យ​បាន​ចប់​មុន​ឆ្នាំ​២០១៨ តាម​ការ​ចង់បាន​របស់​ភាគី​វៀតណាម ។

លោក អ៊ុំ សំ​អាន ថ្លែង​ថា ៖ «​តាម​ខ្ញុំ​យល់​វៀតណាម​ចង់​បង្ខំ​ឲ្យ​កម្ពុជា​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ចប់​មុន​ឆ្នាំ​២០១៨ ព្រោះ​ខ្លាច​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​ឆ្នាំ​២០១៨​វៀតណាម​ពិបាក​នឹង​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា ហើយ​ពិបាក​យក​ដី​កម្ពុជា បើ​មាន​រដ្ឋាភិបាល​ថ្មី​» ។

សូម​ជម្រាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវ​ដើរ​ស្រប​នឹង​ការ​កាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​កែប្រែ​តំបន់​ព្រំដែន​ឲ្យ​ទៅ​ជា​តំបន់​គ្មាន​ការ​ភ័យ​ខ្លាច តំបន់​នៃ​ការ​អភិវឌ្ឍ តំបន់​ប្រកបដោយ​សន្តិភាព ភាព​ក្សេមក្សាន្ត និង​សុខដុមរមនា ។ បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​សល់​ប្រមាណ​១៦,៨​ភាគរយ ក្នុង​ចំណោម​ខ្សែ​ព្រំដែន​ប្រវែង​១.២៧០​គីឡូម៉ែត្រ​៕