ថៃ​បញ្ជូន​ខ្លួន​ជនកម្ពុជា​ម្នាក់ ដែល​ចូលទៅ​កាប់​ឈើ​គ្រញូង ខុសច្បាប់ មក​កម្ពុជា​វិញ​

​​សៀមរាប: យុវជន​ខ្មែរ​មួយរូប ត្រូវបាន​សមត្ថកិច្ច​ប្រទេស​ថៃ បញ្ជូនមក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ នៅ​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ការបញ្ជូន​ជនជាតិ​កម្ពុជា មក​ប្រទេស​ដើម​វិញ​នេះ គឺធ្វើឡើង​កាលពី​ម៉ោង ១១:៤០​នាទី ថ្ងៃត្រង់​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។ ជនកម្ពុជា​ម្នាក់នេះ ត្រូវបាន​ថៃ​ចាប់ខ្លួន ពីបទ​ចូលទៅ​កាប់​ឈើ​គ្រញូង នៅក្នុង​ប្រទេស​គេ ដោយ​ខុសច្បាប់​។​
​    ​
​អាជ្ញាធរ​កម្ពុជា ប្រចាំ​ច្រក​ជាំ​ស្រងាំ បាន​និយាយថា ជនកម្ពុជា ដែល​ចាប់ខ្លួន​នោះ ឈ្មោះ គង់ សៀវ​ប៉ាវ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​    ​
​សមត្ថកិច្ច​កម្ពុជា បាន​និយាយថា ជនកម្ពុជា ដែលមាន​អាយុ​១៥​ឆ្នាំ​រូបនេះ ត្រូវបាន​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ជាប់​នឹង​កម្ពុជា ច្រក​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​។
​    ​
​អាជ្ញាធរ បាន​បញ្ជាក់ថា ការចាប់ខ្លួន​ប្រជាជន​កម្ពុជា​រូបនេះ​ដែរ គឺធ្វើឡើង បន្ទាប់ពី​ពួកគេ​មាន គ្នា​មួយក្រុម ឆ្លងដែន​ពី​ក្នុង​ទឹកដី​កម្ពុជា ចូលទៅ​កាប់ ឈើ​គ្រញូង ខុសច្បាប់ ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​ទាហាន​ថៃ បាញ់ និង​ចាប់ខ្លួនបាន​ម្នាក់ ខាងលើ ហើយ​ខ្លះ ក៏បាន​គេចខ្លួន ចូលមក​ទឹកដី​កម្ពុជា​វិញ​។
​    ​
​បន្ទាប់ពី​ការចាប់ខ្លួន ជន​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ ឃុំខ្លួន​នៅ​ខេត្ត​ស៊ីសាកេត រយៈពេល​ប្រមាណ ២​ខែ និង​បន្ទាប់មក ត្រូវបាន​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ តាម​ច្រក​ជាំ​ស្រងាំ នៅ​ថ្ងៃត្រង់​ទី​៣១ ខែធ្នូ ឆ្នាំ ២០១៥ ហើយ​អាជ្ញាធរ​កម្ពុជា ទទួលយក និង​ធ្វើ​ការអប់រំ ហើយក៏​ឲ្យ​ជន​នោះ ត្រឡប់​ទៅ​ស្រុកកំណើត វិញ​៕V/S

ថៃ​បញ្ជូន​ខ្លួន​ជនកម្ពុជា​ម្នាក់ ដែល​ចូលទៅ​កាប់​ឈើ​គ្រញូង ខុសច្បាប់ មក​កម្ពុជា​វិញ​

​ថៃ​បញ្ជូន​ខ្លួន​ជនជាតិ​កម្ពុជា​មួយរូប ដែល​ចូលទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​នៅ​ប្រទេស​ដើម​វិញ​