ទន្ទឹមនឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍ គួរ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ផងដែរ​

ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា បានចាប់ផ្ដើម​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដោយ​យកចិត្តទុកដាក់​។ ទន្ទឹមនឹងនេះ នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាស​លើកលែង​ការផាកពិន័យ​ចំពោះ​អ្នក​គ្មាន​ប័ណ្ណបើកបរ​រថយន្ត​និង​ម៉ូតូ​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការធ្វើ​ប័ណ្ណបើកបរ​។ បញ្ហា​នេះ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ទូទៅ​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា នគរបាល​ចរាចរណ៍​អនុវត្តន៍​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន មិន​ឆ្លៀត​ប្រើប្រាស់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ស្វែងរក​ផលប្រយោជន៍​តាម​អំពើ​ចិត្ត​នោះទេ​។

ក្នុងខណៈដែល​ការអនុវត្ត​ច្បាប់​ចរាចរណ៍​កំពុង​ចាប់ផ្ដើម​យ៉ាងសកម្ម គឺ​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល​ជាដើម បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​អសន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​ទូទៅ​បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ ចោរឆក់ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​កត់សម្គាល់ថា តាមរយៈ​គេហទំព័រ​សារព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​(Facebook)​បានបង្ហាញ​យ៉ាងច្បាស់​ពី​ករណី​ចោរប្លន់​ប្រដាប់អាវុធ អំពើ​ឃាតកម្ម និង​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​យ៉ាង​រាលដាល​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នានា បាន​ទទួលស្គាល់ថា ការពង្រឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ មាន​សារៈសំខាន់​ណាស់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​។ ក៏ប៉ុន្តែ​ជាមួយគ្នានេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ពិនិត្យ​រាល់​ទង្វើ​របស់​នគរបាល​ចរាចរណ៍​ផងដែរ ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​ភារកិច្ច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​នៅលើ​ដងផ្លូវ ព្រោះ​កន្លងមក​នគរ​បាលច​រាច​រណ៍ គឺជា​សមត្ថកិច្ច​ដែល​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងក្លា​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​សមត្ថកិច្ច​ដទៃទៀត​។ បញ្ហា​ចំពោះមុខ​នៅពេលនេះ គឺ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ ព្រោះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការ​នគរបាល​តាម​បណ្ដា​ខេត្ត​នានា ហាក់ដូចជា​ធ្វេសប្រហែស​ទៅលើ​បញ្ហា​នេះ​៕

12467985_1512744465687797_2031733862_nលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ​