ឧកញ៉ា ថៃ និង​មេការ​ឈ្មោះ ធី បន្ត​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​

អាជ្ញាធរ​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​នេះ​ទាំងយប់​ទាំង​ថ្ងៃ​នោះទេ​។ ផ្ទុយទៅវិញ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ កំពុង​សម្ងំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ យ៉ាង​សុខ​ស្រួល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ហេតុនេះហើយ​ទើប​ឧកញ៉ា ថៃ និង​មេការ​ឈ្មោះ ធី អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ តាម​អំពើ​ចិត្ត​ហើយ​សូម្បីតែ​រថយន្ត​ដឹកឈើ​ក្រឡាប់ ធ្លាក់​ឈើ​ចេញ​រាយប៉ាយ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ដែរ​។

កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ រថយន្ត​យី​ឌុប​ផ្លូវ​៥​របស់​ឧកញ៉ា ថៃ បាន​ក្រឡាប់​នៅ​ចំណុច​មុខ​វត្ត​ស្រែ​ត្រែង ភូមិ​ក្បាលដំរី ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ លើផ្លូវ​ជាតិ​លេខ​៧ ចាក់​ឈើ​ប្រណីត​ចោល​ពេញ​ផ្លូវ ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ រថយន្ត​ដឹកឈើ​ដែល​ក្រឡាប់​នោះ​មានឈ្មោះ ធី ជា​មេការ គឺជា​អ្នករត់​ការបើកផ្លូវ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ យកទៅលក់​នៅ​ប្រទេស​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ក្រោយពី​រថយន្ត​ក្រឡាប់​ឈ្មោះ ធី បាន​រត់ការ​យ៉ាង​ស្លន់ស្លោ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​ភ្លាមៗ​តែម្តង​។

ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​ក្រុមហ៊ុន​របស់​ឧកញ៉ា ថៃ ដែលមាន​ឈ្មោះ ធី ជា​មេការ បាន​ប្រមូល​ទិញ​ឈើ​ពី​បណ្ដា​ខេត្ត​ភូមិភាគ​ឦសាន ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ជិត​២០​ឆ្នាំ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុង​ខេត្ត​ភូមិភាគ​ឦសាន មិន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​ខុសច្បាប់​របស់​ឧកញ៉ា ថៃ ដែលមាន​ឈ្មោះ ធី ជា​មេការ​នោះទេ​ព្រោះ​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​។ ជាក់ស្តែង​សូម្បីតែ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា ថៃ ក្រឡាប់​នៅ​ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​៕

W@t-05121