ពុទ្ធសាសនបណ្ឌិត្យ ជ្រើសរើស​វាគ្មិន​ប្រចាំខែ​សាជាថ្មី​

​ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង​ធម្មការ​និង​សាសនា ចាប់ផ្តើម​រៀបចំ​វេទិកា​វាគ្មិន ប្រចាំខែ​ឡើងវិញ ក្រោយពី​ផ្អាក​ជាង​១០​ឆ្នាំកន្លងមក​។ ការរៀបចំ​កម្មវិធី​នេះ ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកស្រាវជ្រាវ បានបង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន​។​

​លោកស្រី ផាន់ ច័ន្ទ​មុនីរ​ដ្ខា ប្រធានការិយាល័យ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​មានប្រសាសន៍ថា ចាប់ពី​ខែ មករា ឆ្នាំ​២០១៦ នេះ​ទៅ ពុទ្ធសាសនា​បណ្ឌិត្យ នឹង​រៀបចំ​ជ្រើសរើស​វាគ្មិន​មួយ​រួប ក្នុង​មួយខែ ដើម្បី​ធ្វើ​បាឋកថា បង្ហាញ​ពី​ស្នាដៃ​ស្រាវជ្រាវ​របស់ខ្លួន​។ លោកស្រី​បន្ថែមថា គោលបំណង​ធំ​បំផុត​នៃ​ការរៀបចំ​កម្មវិធី​វាគ្មិន​ប្រចាំខែ​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកសិក្សា​ទាំងឡាយ បាន​លាតត្រដាង​នូវ​ការខិតខំ​ក្នុងការ​ស្រាវជ្រាវ​របស់​ខ្លួន និង​ដើម្បី​បាន​ឯកសារ​ថ្មីៗ​សម្រាប់​អ្នកសិក្សា​ជំនាន់​ក្រោយ​។​

​ប្រធានការិយាល័យ​រូបនេះ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ​អ្នកស្រាវជ្រាវ​ទាំងអស់ មានឱកាស​បង្ហាញ​ពី​ស្នាដៃ​របស់​ពួកគាត់​។ ម្យ៉ាងទៀត យើង​ក៏បាន​ឯកសារ​ស្រាវជ្រាវ​និង​អត្ថបទ​ល្អៗ របស់​ពួកគាត់ យកទៅ​ផ្សព្វផ្សាយ និង​រក្សាទុក​សម្រាប់​អ្នកសិក្សា​ជំនាន់​ក្រោយ ធ្វើការ​ស្រាវ​ជ្រាយ​ផងដែរ​។ ការពិត វេទិកា​នេះ​ធ្លាប់មាន​តាំងពី​យូរ​មកហើយ តែ​ជាង​១០​ឆ្នាំ​មកនេះ យើង​បាន​ផ្អាក​»​។​

​លោកស្រី ផាន់ ច័ន្ទ​មុនី​រដ្ឋា បាន​បន្តទៀតថា ប្រធានបទ​របស់​វាគ្មិន ដែល​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​ជ្រើសរើស​គឺ​ទាក់​ទាក់​នឹង សាសនា អក្សរសាស្ត្រ ភាសា និង​ប្រវត្តិសាស្ត្រ ជាដើម​។ លោកស្រី ថា រាល់​ស្នាដៃ​របស់​វាគ្មិន​ទាំងអស់ នឹងត្រូវ​បាន​យកទៅ​បោះ​ពុ​ម្ភ​ក្នុង​ទស្សនា​វ​ដ្តី​កម្ពុជសុរិយា ជា​ទស្សនា​វ​ដ្តី​ចាស់​ជាងគេ​មួយ ដែល​បាន​បោះផ្សាយ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​១៩២៦ មក​ម្លេះ​៕